ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​អ៊ីរ៉ាក់​ត្រៀម​ចរចា​ខណៈ​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​ក្រុង​បាកដាដ


ក្រុម​ការងារ​ក្រុង​កំពុង​សម្អាត​កម្ទេ​ច​ដែល​សល់​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ក្រុង​បាកដាដ​ ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ២០១៦។

ពួក​សមាជិក​សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​ប្រុង​ប្រៀប​ចាប់​ផ្តើមដំណើរ​ការ​សំខាន់​មួយ​នៃ​កិច្ច​ចរចា​គ្នា​ដែល​មាន​គោលដៅ​បំបាត់​ការគាំង​ដំណើរ​ខាង​នយោបាយ​ជា​ច្រើន​ខែ​មក​ហើយ​ក្នុង​ប្រទេស​នេះ។

ក៏​ប៉ុន្តែ​នៅ​មុន​ការ​ប្រជុំ​របស់ពួក​គេ​នៅ​ថ្ងៃ​អង្គារ​ ពួកជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ បាន​ធ្វើការ​វាយ​ប្រហារ​នៅក្នុង​ក្រុង​បាកដាដ​ ដោយ​បាន​បំផ្ទុះ​គ្រាប់បែក​បី​គ្រាប់​នៅ​ក្នុង​ផ្នែក​ខាង​ជើង​នៃក្រុងនេះ​ បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​២០​នាក់​ស្លាប់។

ការ​វាយ​ប្រហារ​នេះ​ជា​ការ​រំលឹក​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​គាំង​ដំណើរ​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ការ​បំផ្ទុះគ្រាប់បែក​កាល​ពី​ពេល​មុនៗ​បាន​នាំ​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​នៅ​តាមផ្លូវ​និង​មាន​ការ​អំពាវនាវ​ប្រកប​ដោយ​កំហឹង​ទាមទារ​ឱ្យ​ពួក​មេដឹកនាំ​រដ្ឋាភិបាល​ចុះចេញពី​តំណែង។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​Haider al-Abadi ​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សភា​ដោយ​លោក​បាន​អំពាវ​នាវ​ដល់ពួក​សមាជិក​សភា​ឱ្យ​ទុក​ការ​ខ្វែងគំនិត​គ្នា​ដោយ​ឡែករហូត​ដល់​ការ​ប្រយុទ្ធ​យក​ក្រុង​ Fallujah ​ចប់សិន។​

ពួក​សមាជិក​សភា​អ៊ីរ៉ាក់​មានការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ចាប់តាំង​ពី​លោក​ Abadi បាន​ខិត​ខំព្យាយាម​អនុវត្ត​កំណែ​ទម្រង់​រដ្ឋាភិបាល​ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​ដាក់​ពួក​បច្ចេកាធិបតេយ្យ​ឱ្យ​កាន់តំណែង​ជំនួស​រដ្ឋមន្ត្រី​មួយ​ចំនួន​ផង​ដែរ។

លោក​ Shatha al-Obosi សមាជិក​សភា​អ៊ីរ៉ាក់​បាន​និយាយ​ប្រាប់វីអូអេ​ថា​ ការ​ប្រជុំ​សភាកាល​ពី​ថ្ងៃ​ចន្ទ​ ជាឱកាស​មួយ​សម្រាប់​ឱ្យ​ពួក​សមាជិកសភា​ចាត់​វិធានាការ​ឆ្ពោះ​ទៅ​កាន់​ដំណោះ​ស្រាយ​នយោបាយ​មួយ៕

XS
SM
MD
LG