ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៧៥​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បោក​គ្រាប់​បែក​ក្នុង​រដ្ឋធានី​បាកដាដ


ជន​ស៊ីវិល​ជួយ​សម្អាត​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​គ្រាប់​បែប​នៅ​ផ្សារ​មួយ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

ការ​បោក​គ្រាប់បែក​នៅ​ទូទាំង​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ចំនួន​៧៥​នាក់​កាល​ពី​ថ្ងៃ​ពុធ។ នេះ​បើ​យោង​តាម​មន្ត្រី​ប៉ូលិស​និង​បុគ្គលិក​ពេទ្យ។

ការ​វាយប្រហារ​ដ៏​ប្រល័យ​បំផុត​បាន​កើតឡើង​នៅ​ពេល​ព្រឹកដែល​មាន​មនុស្សយ៉ាង​ច្រើន​ ហើយ​រថយន្ត​មួយ​គ្រឿង​បាន​បើកសំដៅ​ទៅ​ផ្សារ​មួយ​ក្នុង​ទីក្រុង Sadr ​ដែល​បាន​សម្លាប់​មនុស្ស​អស់យ៉ាង​ហោច​ណាស់​ចំនួន​៦៤​នាក់​និង​ធ្វើ​ឲ្យ​របួស​៤០​នាក់​ផ្សេង​ទៀត។

ក្រុម​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ។ ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ Sunni ​បាន​ធ្វើ​ការ​វាយប្រហារ​ស្រដៀង​គ្នា​នេះ​ជា​ញឹកញាប់​ក្នុង​ទីក្រុង​បាកដាដ ជាពិសេស​នៅ​ក្នុង​តំបន់​របស់​ក្រុម​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite។

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ការ​បោកគ្រាប់​បែក​មួយ​បាន​កើតឡើង​នៅ​ស្ថានីយ​ប៉ូលិសក្នុង​ស្រុក Kadhimiya ដែល​សម្បូរក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite រស់​នៅ។ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​១៥​នាក់​ត្រូវ​បាន​សម្លាប់និង​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៣៣​នាក់​ផ្សេង​ទៀត​រង​របួស។​

នៅ​ប៉ែក​ខាង​ជើង​រដ្ឋធានី​បាកដាដ ​មាន​ការបំផ្ទុះ​រថយន្ត​មួយ​គ្រឿង​នៅ​ក្នុង​ស្រុក Jamiya ដែល​មាន​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ Sunni ​រស់​នៅ​ភាគច្រើន ហើយ​ហេតុការណ៍​នោះ​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៧​នាក់​និង​ធ្វើ​ឲ្យ​របួស​យ៉ាង​ហោច​ណាស់​ចំនួន​២០​នាក់​ផ្សេង​ទៀត៕​

XS
SM
MD
LG