ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​ផ្ទុះ​អាវុធ​នៅ​ខណៈ​បាតុករ​នៅ​ក្រុង​បាកដាដ​សម្រុក​ចូល​តំបន់​បៃតង


ក្រុម​បាតុករ​គាំទ្រ​បព្វជិត​ Moqtada al-Sadr បាន​គប់​គ្រាប់​បែក​បង្ហូរ​ទឹក​ភ្នែក​ត្រឡប់​ទៅ​កាន់​ក្រុម​សន្តិសុខ​ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​នៅក្រោយ​ពេល​បាតុករ​បាន​សម្រុក​ចូល​ក្នុង​តំបន់​បៃតង​ នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់​ កាល​ពីថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ២០១៦។

ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហាក់​ដូចជា​បាន​រុល​ចូល​ទៅ​ក្នុង​តំបន់​អន្តរជាតិ​នៃ​ក្រុង​បាកដាដ​ ដែល​ជា​ទីស្នាក់ការ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែល​នៅទី​នោះ​ក៏​មាន​ស្ថានទូត​បរទេស​ភាគច្រើន​ផង​ដែរ។​

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​ VOA ​អ្នក​ស្រី​ Sharon Behn ​រាយការ​ណ៍​ថា​ក្រុម​បាតុករ​រាប់​សែននាក់​បាន​ប្រមូលផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ជិត​តំបន់​មាន​សន្តិសុខ​នោះ​ដែល​គេ​ស្គាល់​ថា​ជា​តំបន់​បៃ​តង។ នៅ​ពេល​ឆ្លង​ស្ពាន​មួយ​ពី​ទីលាន​ Tahrir ​ទៅ​កាន់​តំបន់​នោះ ​អ្នកស្រី​បាន​ឮ​ស្នូរ​ផ្ទុះ​និង​ស្នូរ​បាញ់​កាំ​ភ្លើង​យ៉ាង​ខ្លាំង​ និង​ស្នូរ​ផ្ទុះ​ខ្លាំង​ដែល​ស្នូរ​ខ្លះ​កើត​ចេញពី​ខាង​ក្នុង​តំបន់​មាន​ការ​ការពារ​មាំ​ទាំ​នេះ។

ពួក​បាតុករ​ត្រូវ​របួស​បាន​ចាប់​ផ្តើម​រត់​ទៅ​កាន់​ស្ពាន​នៅ​ពេល​ដែល​ពួក​បុរស​វ័យ​ក្មេង​បាន​នាំ​គ្នា​រត់​ទៅ​កាន់​តំបន់​បៃតង។ ​អ្នកស្រី​ Behn​ បាន​រាយការណ៍ថា៖ «ពួក​បាតុករ​បាន​រត់ជិត​ខ្ញុំ​ទៅ​កាន់កន្លែង​មានស្នូរ​បាញ់​កាំភ្លើង ទៅ​កាន់​ការិយាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ Haider al-Abadi»។​

អ្នកស្រី​ Behn ​បាននិយាយថា ពួក​បាតុករ​បាននិយាយ​ថា​«យើង​ទៅ​សម្លាប់ Abadi»។

មាន​ឡាន​ពេទ្យ​រហូត​ដល់​១៥​គ្រឿង​បាន​បើក​យ៉ាង​លឿន​ទៅ​កាន់​តំបន់​បាតុកម្ម ក៏​ប៉ុន្តែ​គ្មាន​ព័ត៌មាន​ជាក់​លាក់​អំពី​ចំនួន​មនុស្ស​ស្លាប់​ទេ។

មន្ត្រី​ម្នាក់​នៅ​ឯ​ការិយាល័យ​រាយការណ៍​អំពី​វិបត្តិ​នៅ​ឯស្ថាន​ទូត​ស.រ.អា.​ក្នុង​ក្រុង បាកដាក​ បាន​និយាយ​ថា​ លោក​មិន​អាច​បញ្ជាក់​បាន​ទេ​អំពី​កន្លែង​របស់​ក្រុម​បាតុករ ​បន្ទាប់​មក​លោក​បាន​និយាយ​ប្រាប់​ VOA ​ថា៖ «យើង​មានស្ថានការណ៍​សាំញ៉ាំ​នៅ​ទីនេះ ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ»។

ក្រុមបាតុករ​ទាំង​នេះ​ដែល​ជា​អ្នកដើរ​តាម​មេដឹក​នាំ​សាសនាឥស្លាម​និកាយ​ Shi'ite ឈ្មោះ​ Muqtada al-Sadr ​បាន​ទាមទារ​ឱ្យ​លោក​ Abadi ​ចុះ​ចេញពី​តំណែង​ហើយ​ឱ្យ​មាន​ការ​ចាត់តាំង​គណៈ​រដ្ឋមន្ត្រី​ថ្មី​មួយ​នៃ​ពួក​បច្ចេកាធិបតេយ្យ​ដើម្បី​គ្រប់គ្រង​ប្រទេស៕

XS
SM
MD
LG