ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អ៊ីរ៉ាក់​កាត់ទោស​មនុស្ស​៤០នាក់​ពី​បទ​សម្លាប់​រង្គាល​នៅ​ក្នុង​ក្រុង Tikrit


ទាហាន​អ៊ីរ៉ាក់​ធ្វើ​ការ​គោរព ខណៈ​ដែល​ពួកគេ​ឈរ​នៅ​ក្បែរ​ផ្នូរ​របស់​ទាហារ​ស៊ីអ៊ីដ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ក្រុង Tikrit កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥។
ទាហាន​អ៊ីរ៉ាក់​ធ្វើ​ការ​គោរព ខណៈ​ដែល​ពួកគេ​ឈរ​នៅ​ក្បែរ​ផ្នូរ​របស់​ទាហារ​ស៊ីអ៊ីដ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ក្រុង Tikrit កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥។

តុលាការ​អ៊ីរ៉ាក់​បាន​កាត់​ទោសប្រហារ​ជីវិត​មនុស្ស​៤០​នាក់​ចំពោះ​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​កាប់​សម្លាប់​ទាហាន​រាប់​រយ​នាក់​ដែល​ពួកគេ​ចាប់​បាននៅ​ក្នុង​ទីក្រុង Tikrit ​ភាគ​ខាង​ជើង។

តុលាការ​ក្នុង​រដ្ឋធានី​បាកដាដ​បាន​ចោទ​ប្រកាន់​ក្រុម​បុរស​មួយ​ក្រុម​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​ពួកគេ​ទាំងអស់​ជា​ជនជាតិ​អ៊ីរ៉ាក់ ​ហើយ​បាន​កាត់​ទោសប្រហារ​ជីវិត​ពួកគេ​ដោយ​ការ​ព្យួរ​ក។ មនុស្ស​៧​នាក់​ ​បាន​រួច​ខ្លួន​ពីបទ​ចោទ​ប្រកាន់​ពីព្រោះតែ​ការ​ខ្វះ​ភស្តុតាង។

ទាហាន​ទើប​ជ្រើស​រើស​រាប់​រយ​នាក់ ​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​និកាយស៊ីអ៊ីដ​បាន​ត្រូវ​បាញ់​សម្លាប់​បន្ទាប់​ពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ​បាន​កាន់កាប់​រដ្ឋធានី​របស់​ខេត្ត​នោះ​ហើយ​និង​កាន់​កាប់​មូលដ្ឋាន​ទ័ព​អាកាស Speicher ​ដែល​កាល​ពី​ពេល​មុន​បាន​ប្រើ​ប្រាស់​ដោយ​កងទ័ពសហរដ្ឋ​អាមេរិក។​ ពួក​ជន​សកម្ម​ប្រយុទ្ធ ​បាន​ចាប់​ទាហាន​ប្រហែល​១ពាន់​៧រយ​នាក់​ដែល​បាន​ព្យាយាម​រត់​គេច​ខ្លួន។

ក្រុម​រដ្ឋ​ឥស្លាម ​បាន​ចេញផ្សាយ​វីដេអូ​ដែល​បាន​បង្ហាញ​ទាហាន​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ខណៈដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ដេក​ផ្កាប់​មុខ​នៅ​ក្នុង​ស្នាមភ្លោះ។

ក្រុម​មន្រ្តី​តុលាការ ​និយាយ​ថា ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ជាង​៦រយ​នាក់ រង​ការ​ចោទ​ប្រកាន់ពី​ការ​ចូល​រួម​ក្នុង​ការ​សម្លាប់​រង្គាល​នេះ។ កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៤ ​មនុស្ស​២៤​នាក់ ​បាន​រង​ការ​ចោទ​ប្រកាន់​ហើយ​បាន​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។ ​ពួកគេ​កំពុង​រង់ចាំ​ការ​សម្រេច​ការ​ប្តឹង​ឧទ្ធរណ៍​របស់​ពួកគេ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​រិះគន់​ការកាត់​ទោស​នោះ ​ដោយ​និយាយ​ថា ​ការ​កាត់​ទោស​នោះ ​មិន​បាន​ធ្វើ​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ទេ៕

XS
SM
MD
LG