ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អ៊ីរ៉ង់​រាប់​ពាន់​នាក់​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​សព​លោក Soleimani


Irak funeral soleimani
Irak funeral soleimani

នៅ​ថ្ងៃ​អង្គារ​នេះ ប្រជាពលរដ្ឋ​អ៊ីរ៉ង់​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង Kerman ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​បញ្ចុះ​សព​មេបញ្ជាការ​យោធា​កំពូល​អ៊ីរ៉ង់​លោក Qassem Soleimani។ លោក Soleimani ត្រូវ​បាន​សម្លាប់​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក។ ការ​សម្លាប់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ថា​ជម្លោះ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​អ៊ីរ៉ង់​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើង ស្រប​ពេល​ដែល​ភាគី​ទាំង​ពីរ​គំរាម​គ្នា​ខ្លាំងក្លា​ទៅ​វិញ​ទៅ​មក។

ការ​ប្រមូល​ផ្ដុំ​របស់​អ្នក​កាន់​ទុក្ខ​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​នៅ​ក្នុង​ស្រុក​កំណើត​របស់​លោក Soleimani នេះ ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ការ​ប្រមូល​ផ្ដុំ​គ្នា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ទីក្រុង Qom និង​ទីក្រុង Ahvaz។

មន្ត្រី​អាមេរិកាំង​បាន​ចោទ​ប្រកាន់​លោក Soleimani ទាក់ទិន​នឹង​ការ​សម្លាប់​ទាហាន​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​ក៏​បាន​ចោទ​ប្រកាន់​លោក​ផង​ដែរ​ថា​បាន​រៀបចំ​គម្រោង​វាយ​ប្រហារ​សម្ងាត់​ថ្មី «ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ‍» ប្រឆាំង​នឹង​បុគ្គលិក​អាមេរិកាំង​នៅ​ក្នុង​តំបន់ ទោះបីជា​សហរដ្ឋ​អាមេរិក​មិន​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ស្ថានការណ៍​គំរាមកំហែង​នេះ​ជា​សាធារណៈ​ក៏​ដោយ។

ដោយសារតែ​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់​កើន​ឡើង សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif សម្រាប់​ការ​ធ្វើ​ដំណើរ​មក​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង New York នៅ​ពេល​ខាង​មុខ​នេះ។

ក្រោយ​ពី​លោក Soleimani ត្រូវ​បាន​សម្លាប់​មក អ៊ីរ៉ង់​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​កាត់​បន្ថយ​បន្ថែម​ទៀត​នូវ​ការ​គោរព​របស់​ខ្លួន​ចំពោះ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា៖ «អ៊ីរ៉ង់​នឹង​មិន​អាច​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ»៕

XS
SM
MD
LG