ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ព្រមាន​ថា ​ខ្លួន​នឹង​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ដល់​ការ​គំរាម​ណាមួយ​របស់​​អាមេរិក


បំណែក​នៃ​យន្ត​ហោះ​គ្មានមនុស្ស​បើក​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ដាក់​បង្ហាញ​នៅទីក្រុង​តេហេរ៉ង ប្រទេស​អ៊ីរ៉ង់​ កាល​ពីថ្ងៃ​សុក្រុង​ ២១ មិថុនា ២០១៩។

ភាព​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​ និងអ៊ីរ៉ង់​បាន​បន្ត​រាលដាល​កាន់​តែ​ធំ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ពេល​ដែល​អ៊ីរ៉ង់​បាន​ព្រមាន​ថា ​ខ្លួន​នឹងបញ្ចេញ​ប្រតិ​កម្មដ៏​ខ្លាំង​ដល់​ភាព​គឃ្លើន​ណា​មួយ​ប្រឆាំង​នឹង​ខ្លួន ​ហើយប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​សន្យា​ថា ​នឹង​ដាក់ទណ្ឌកម្មកាន់​តែ​ខ្លាំង​ឡើង​លើ​សាធារណរដ្ឋ​អ៊ីស្លាម​នេះ។

លោក​ប្រធានា​ធិបតី​ ត្រាំ ​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅឯ​សេតវិមាន​ថា៖ «យើង​កំពុង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​លើ​អ៊ីរ៉ង់​នៅ​ក្នុងការ​ខំប្រឹង​ប្រែង​មួយ​ដើម្បី​រារាំង​ប្រទេស​នេះ​កុំ​ឲ្យ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ»។

លោក​ប្រធានា​ធិបតី​ត្រាំ ​ក៏​និយាយ​ដែរ​ថា ចំណាត់​ការ​ខាង​យោ​ធាប្រឆាំង​នឹង​អ៊ីរ៉ង់​នៅ​តែ​ជាលទ្ធ​ភាព​មួយ​ហើយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​មិន​ឲ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លអ៊ែរ​ទេ។

ប្រធានា​ធិបតី​ ត្រាំ ​និយាយ​បន្ថែម​ទៀត​ថា ​ប្រសិនបើ ​មេដឹក​នាំ​អ៊ីរ៉ង់បោះបង់​ចោល​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​ពួក​គេ​នឹង​ក្លាយ​ជា​ប្រ​ទេស​អ្នក​មាន​ទ្រព្យសម្បត្តិ​ហើយ​ខ្ញុំនឹង​ក្លាយ​ជា​មិត្ត​ភ័ក្រ្ត​ដ៏​ល្អ​បំផុត​របស់​ពួក​គេ។ កំណត់​សម្គាល់​កាល​ពី​ពេល​ថ្មី​ៗ​បំផុត​នេះ​របស់​ប្រធានា​ធិបតី ​ត្រាំ បាន​កើត​មាន​ឡើង​ប៉ុន្មាន​នាទី​មុន​ពេល​លោក​ចាក​ចេញពី​រដ្ឋធានី​វ៉ាស៊ីនតោន​ឆ្ពោះ​ទៅកាន់​ជំរំ ​Camp David​ ដែល​ជា​កន្លែង​ឈប់​សម្រាក​របស់​ប្រធានា​ធិបតី​នៅ​ក្នុង​រដ្ឋ​ម៉ារីលែន​ ដើម្បី​បន្ត​ការ​ពិភាក្សា​ស្តី​ពី​បញ្ហា​អ៊ីរ៉ង់។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​លោក ​Abbas Mousavi​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Tasnim​ ពាក់​កណ្តាល​ផ្លូវការ​ថា ​អ៊ីរ៉ង់ ​នឹង​មិន​អនុ​ញ្ញាត​ឲ្យ​នរណា​ម្នាក់​រំលោភ​ព្រំ​ដែន​របស់​ខ្លួន​ទេ។​ លោក​បាន​និយាយ​ទៀត​ថា​ អ៊ីរ៉ង់​នឹង​តតាំង​ដល់​ការ​ឈ្លាន​ពាន​ឬ​ការ​គំរាម​កំហែង​ណាមួយ​ដោយ​សហរដ្ឋ​អាមេរិក។

ខណៈ​នោះ​ដែរ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក ​Mohammad Javad Zarif ​បាន​ចុះ​ផ្សាយ​ផែនទី​នៅលើ ​Twitter ​កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​លោក​បានបង្ហាញ​ពី​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​អ៊ីរ៉ង់​នៅ​ក្នុង​ដែន​ទឹក​របស់​ខ្លួន។

រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​មជ្ឈិម​បូព៌ា​របស់​ចក្រភព​អង់គ្លេស ធ្វើ​ដំណើរ​ទៅ​កាន់រដ្ឋ​ធានីតេហេរ៉ង​ នៃ​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ចរចា​ជាមួយក្រុម​មន្រ្តី​អ៊ីរ៉ង់។ការិយាល័យ​កាបរទេស​របស់​ចក្រភព​អង់គ្លេស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ Andrew Murrison​ នឹង​អំពាវនាវ​ឲ្យ​មាន​ការ​បន្ធូបន្ថយ​ការ​តាន​តឹង​នេះ​ជាបន្ទាន់​នៅ​ក្នុង​តំបន់។​

លោក​ Andrew Murrison​ ក៏​នឹង​ពិភាក្សា​ការគំរាម​កំហែង​របស់​អ៊ីរ៉ង់​ដើម្បី​បញ្ឈប់​ការ អនុវត្ត​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​កាល​ពី​ឆ្នាំ​ទៅ៕

XS
SM
MD
LG