ជម្លោះកើនឡើងរវាងអាមេរិកនិងអ៊ីរ៉ង់កំពុងធ្វើឲ្យមានការពាក់ព័ន្ធរបស់កូរ៉េខាងត្បូងនៅក្នុងសម្ព័ន្ធភាពដែនសមុទ្រដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីការពារការដឹកជញ្ជូនអន្តរជាតិនៅច្រកសមុទ្រ Strait of Hormuz។
នៅក្នុងប្រទេសកូរ៉េខាងត្បូងមានការអំពាវនាវកាន់តែច្រើនឡើងៗឱ្យរដ្ឋាភិបាលបដិសេធឬយ៉ាងហោចណាស់ពិចារណាឡើងវិញនូវសំណូមពររបស់សហរដ្ឋអាមេរិកឱ្យកូរ៉េខាងត្បូងចូលរួមជាមួយកម្លាំងការពារការដឹកជញ្ជូនអន្តរជាតិ ចំពេលមានការភ័យខ្លាចថា ជនជាតិកូរ៉េខាងត្បូងអាចនឹងជាប់ក្នុងអំពើហិង្សា។
ជម្លោះបានកើនឡើងកាលពីថ្ងៃពុធដោយប្រទេសអ៊ីរ៉ង់បានបាញ់មីស៊ីលទៅកាន់មូលដ្ឋានយោធានៅអ៊ីរ៉ាក់យ៉ាងហោចណាស់ពីរកន្លែង ដែលមានកងកម្លាំងអាមេរិកនិងអន្តរជាតិ។
ក្រុមមន្ត្រីអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកស.រ.អា.ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់គឺលោក Qassem Soleimani នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សជិះនៅជិតព្រលានយន្តហោះក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។
នេះជារឿងរស៊ើបសម្រាប់កូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិក ហើយដែលក៏ចាត់ទុកអ៊ីរ៉ង់ជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលដែរនោះ។
លោក Jang Ji-Hyang អ្នកជំនាញអំពីបញ្ហាមជ្ឈឹមបូព៌ានៅវីទ្យាស្ថានអាស៊ានសិក្សាអំពីនយោបាយនិយាយថា បើសិនទាហានកូរ៉េខាងត្បូងជាក្លាយជាគោលដៅវាយប្រហារនៅក្រៅប្រទេស នោះវាអាចនាំឲ្យមានបញ្ហាមិនចុះសម្រុងខាងនយោបាយក្នុងស្រុក ពីព្រោះមួយខែទៀតនឹងមានការបោះឆ្នោតសភារបស់កូរ៉េខាងត្បូង៕