អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល ២០គ្រាប់នៅព្រឹកថ្ងៃពុធនេះទៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ចំនួន២ ដែលជាទីតាំងរបស់កងទ័ពអាមេរិក។ នេះជាសកម្មភាពកើតឡើងបន្ទាប់ពីមេដឹកនាំអ៊ីរ៉ង់បានគំរាមសងសឹកអាមេរិកចំពោះការវាយប្រហារតាមអាកាសរបស់អាមេរិកដែលបានសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ម្នាក់។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានហៅការវាយប្រហាររបស់អ៊ីរ៉ង់ថា ជាការទះកំផ្លៀងសហរដ្ឋអាមេរិក ហើយបាននិយាយថា“វត្តមានអាក្រក់” របស់អាមេរិកនៅក្នុងតំបន់នេះគួរតែឈានដល់ទីបញ្ចប់។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំគ្រោងនឹងផ្តល់ការឆ្លើយតបរបស់លោកចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃពុធនេះ។
ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារនោះ លោក Trump បានសរសេរតាមធ្វីតថា ស.រ.អា.កំពុងវាយតម្លៃអំពីគ្រោះថ្នាក់និងការខូចខាតប៉ុន្តែថា «រហូតមកដល់ពេលនេះ លទ្ធផលល្អណាស់!»។ លោកនិយាយថា «យើងមានយោធាដែលមានឥទ្ធិពលបំផុតនិងមានសម្ភារៈយ៉ាងល្អនៅគ្រប់ទីកន្លែងនៅលើពិភពលោក!»
ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បាននិយាយថា គ្មានការស្លាប់និងរបួសក្នុងចំណោមកងកម្លាំងអ៊ីរ៉ាក់ទេ ហើយថា ខ្លួនក៏មិនបានទទួលរបាយការណ៍អំពីការស្លាប់និងរបួសក្នុងក្រុមចម្រុះដឹកនាំដោយអាមេរិកដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា អ៊ីរ៉ង់បានជូនដំណឹងដល់អ៊ីរ៉ាក់ថា ខ្លួនធ្វើការឆ្លើយតបចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក។
អ៊ីរ៉ាក់ក៏បានទាត់ចោលការរំលោភលើអធិបតេយ្យភាពនិងសកម្មភាពគឃ្លើននៅលើទឹកដីរបស់ខ្លួនហើយបានអំពាវនាវឱ្យមានការអត់ធ្មត់ដើម្បីទប់ស្កាត់វិបត្តិរវាងអាមេរិក-អ៊ីរ៉ង់ កុំឲ្យវិវត្តទៅជាសង្គ្រាមដ៏សាហាវមួយ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកMohammad Javad Zarif បានសរសេរនៅក្នុងធ្វីតមួយ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ ហើយលោកបានសន្និដ្ឋានថាជា វិធានការការពារខ្លួន។ លោក Zarif បាននិយាយថា «យើងមិនស្វែងរកភាពតានតឹងឬសង្គ្រាមទេ ប៉ុន្តែយើងនឹងការពារខ្លួនយើងពីការឈ្លានពាន»។
ការវាយប្រហារដោយមីស៊ីលនេះគឺជា ជំហានចុងក្រោយបង្អស់នៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលបានកើតឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ សហរដ្ឋអាមេរិកបានស្តីបន្ទោសកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើមូលដ្ឋាននៅអ៊ីរ៉ាក់ដែលបានសម្លាប់អ្នកម៉ៅការយោធាអាមេរិកម្នាក់។ ការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើទីតាំងរបស់កងជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីបាននាំឲ្យមានការតវ៉ាដោយពីរដ្ឋាភិបាលអ៊ីរ៉ាក់និងមានបាតុកម្មនៅឯស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដ។ កាលពីថ្ងៃសុក្រការវាយប្រហារតាមអាកាសរបស់អាមេរិកបានសម្លាប់លោក Qassem Soleimani មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅជិតអាកាសយានដ្ឋានក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា មីស៊ីលដែលបានបាញ់ចេញពីអ៊ីរ៉ង់បានតម្រង់ទៅលើមូលដ្ឋាន Al-Asad ដែលនៅចម្ងាយ៦០គីឡូម៉ែត្រភាគខាងលិចក្រុងបាកដាដហើយនឹងមូលដ្ឋានមួយទៀតនៅ Irbil នៅនៃតំបន់ Kurdishពាក់កណ្តាលស្វ័យ័តនៅអ៊ីរ៉ាក់។ អង្គភាពឆ្មាំបដិវត្តន៍់អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍មួយដែលសារទេការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋាននៅអ៊ីរ៉ាក់ដែលមានកងទ័ពអាមេរិក ដោយនិយាយថាជាការសងសឹកចំពោះការធ្វើឃាតលោក Qassem Soleimani។ កងកម្លាំងអាមេរិកបានប្រុងស្មារតីខ្ពស់ចាប់តាំងពីអ៊ីរ៉ង់បានគំរាមធ្វើការវាយប្រហារ បន្ទាប់ពីការសម្លាប់លោក Soleimani កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា «យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារបុគ្គលិកដៃគូនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់»។
លោក Elliot Engel ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិកបានប្រាប់ CNN ថា «លោកប្រធានាធិបតីនិងក្រុមការងាររបស់លោកគួរតែរកវិធីប្រសើរជាងមុនដើម្បីកាត់បន្ថយភាពតានតឹងពីព្រោះសង្គ្រាមអាចផ្ទុះឡើង»។
លោកបានបន្ថែមថា «អ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺកាត់បន្ថយវោហាសាស្ត្ររបស់គ្រប់ភាគីទាំងអស់និងធ្វើឱ្យយើងរួចផុតពីស្ថានភាពនេះ»៕