ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​ថ្កោលទោស​ការវាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់ ខណៈ​ដែល​អឺរ៉ុប​និង​អង្គការ​អូតង់​អំពាវនាវ​ឲ្យ​អត់ធ្មត់


បុរស​ម្នាក់​កាន់​រូប​មេដឹកនាំ​យោធា​កំពូល​អ៊ីរ៉ង់​ លោក Qassem Soleimani ដែល​បាន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​របស់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​សុក្រ ទី៣ ខែ​មករា កន្លង​ទៅ​នេះ។
បុរស​ម្នាក់​កាន់​រូប​មេដឹកនាំ​យោធា​កំពូល​អ៊ីរ៉ង់​ លោក Qassem Soleimani ដែល​បាន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​របស់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​សុក្រ ទី៣ ខែ​មករា កន្លង​ទៅ​នេះ។

ប្រទេស​អង់គ្លេស​ថ្កោលទោស​ការវាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ពុធ ទៅ​លើ​មូលដ្ឋាន​យោធា​ចំនួន​ពីរនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​កងកម្លាំង​របស់​សហរដ្ឋអាមេរិក​និង​កងកម្លាំង​ចម្រុះ​របស់​បស្ចិមប្រទេស។ អង់គ្លេស​ក៏​បាន​ជំរុញ​មិន​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ចាត់​វិធានការ​យ៉ាង​ដូច្នេះ​ម្ដង​ទៀត ដោយ​ហៅ«​វិធានការ​នេះ​ថា​ជា​វាយប្រហារ​មិន​ប្រយ័ត្នប្រយែង​និង​គ្រោះថ្នាក់‍»។ ក្រុម​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​របស់​សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​បន្ធូរបន្ថយ​ភាពតានតឹង​ពី​គ្រប់​ភាគី​ទាំងអស់ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​ការវាយប្រហារ​ដោយ​ប្រើ​គ្រាប់មីស៊ីល​នេះ​គឺ​ជា​ការ​បញ្ចប់​ការ​សងសឹក​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ទៅ​លើ​សហរដ្ឋអាមេរិក ចំពោះ​ការណ៍​ដែល​សហរដ្ឋអាមេរិក​សម្លាប់​មេដឹកនាំ​យោធា​កំពូល​របស់​ខ្លួន​គឺ​លោក Qassem Soleimani ឬ​យ៉ាង​ណា។

អង្គការ​អូតង់​បាន​ផ្អាក​បេសកកម្ម​ហ្វឹកហ្វឺន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយ​ក្រុម​សម្ព័ន្ធមិត្ត​មួយ​ចំនួន​បាន​ដក​កងកម្លាំង​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ហើយ ដោយ​ភ័យខ្លាច​ថា អំពើ​ហិង្សា​នឹង​កាន់​តែ​ខ្លាំងក្លា។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អ៊ីរ៉ង់​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​ខ្លួន ប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា ខ្លួន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​កងកម្លាំង​ទាំង​៤០០​នាក់​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ យោធា​អង់គ្លេស​បាន​ត្រៀម​ឧទ្ធម្ភាគចក្រ​មួយ​ចំនួន​រួច​ជាស្រេច។ ​

ការ​វាយប្រហារ​របស់​អ៊ីរ៉ង់​នេះ​គឺ​ជា​ការ​សងសឹកសហរដ្ឋអាមេរិក​ ដែល​បានប្រើ​ដ្រូន​សម្លាប់​លោក Qassem Soleimani ដែល​ជា​យោធា​កំពូល​របស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃសុក្រ។ ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ មុន​ពេល​ដែល​អ៊ីរ៉ង់​ធ្វើការ​វាយប្រហារ​ដោយ​មីស៊ីល លោក Ben Wallace រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​អង់គ្លេស​បាន​និយាយ​ថា សហរដ្ឋអាមេរិក​មាន​សិទ្ធិ​ការពារ​ខ្លួនឯង។

រូបថត​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​វីដេអូ​ប្រព័ន្ធ​ផ្សព្វផ្សាយរបស់​អ៊ីរ៉ង់នៅថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ២០២០ ដែល​គេ​គិត​ថា បង្ហាញ​ពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​លើ​ទីតាំង​បញ្ឈរជើង​កងកម្លាំង​យោធាអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។
រូបថត​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​វីដេអូ​ប្រព័ន្ធ​ផ្សព្វផ្សាយរបស់​អ៊ីរ៉ង់នៅថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ២០២០ ដែល​គេ​គិត​ថា បង្ហាញ​ពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​លើ​ទីតាំង​បញ្ឈរជើង​កងកម្លាំង​យោធាអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

លោក Wallace ថ្លែង​ថា៖ «អ៊ីរ៉ង់​បាន​ចេញ​មុខ​ធ្វើ​សកម្មភាព​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់ មិន​ថា​ជា​ការ​យក​អ្នក​ប្រឆាំង​នៅ​អឺរ៉ុប​ជា​គោលដៅ​វាយប្រហារ ឬ​ជា​ការ​ប្លន់​នាវា​ស៊ីវិល​នោះ​ទេ។ អាកប្បកិរិយា​ដ៏​គឃ្លើន​នេះ​នឹង​មិន​អាច​បន្ដ​រហូត​ដោយ​គ្មាន​ការ​បញ្ឈប់​បាន​ទេ»។

ខណៈ​ដែល​មនុស្ស​រាប់​សែន​នាក់​កាន់​ទុក្ខ​ការ​ស្លាប់​របស់​លោក Soleimani ក្នុង​ប្រទេស​អ៊ីរ៉ង់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រទេស​អង់គ្លេស បារាំង និង​អាល្លឺម៉ង់ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​មួយ អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​អត់ធ្មត់​ឲ្យ​ឲ្យ​បាន​ខ្លាំង​បំផុត។ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson កំពុង​ប្រឈម​នឹង​ការ​សាកល្បង​ចំពោះ​គោលនយោបាយ​ការបរទេស​ដ៏​ធំ​ដំបូង​បំផុត​របស់​លោក​។

លោក Richard Dannatt អតីត​នាយខុទ្ទកាល័យ​អង់គ្លេស ថ្លែង​ថា៖ «យើង​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​គោលនយោបាយ​ប្រឈម​មុខ​របស់​សហរដ្ឋអាមេរិក​និង​ព្យាយាម​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​ទាំងបី ដែល​មាន​បារាំង អាល្លឺម៉ង់ និង​អង់គ្លេស នៅ​តែ​បន្ដ​អនុវត្ត​គោលនយោបាយ​រក្សា​ទំនាក់ទំនង​។ នេះ​គឺ​ជា​រឿង​ដែល​ពិបាក​នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព‍​ណាស់»។

សហភាព​អឺរ៉ុប​សង្ឃឹម​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​របស់​អ៊ីរ៉ង់​អាច​សង្គ្រោះ​បាន បើ​ទោះ​ជា​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ប្រកាស​ថា អ៊ីរ៉ង់​នឹង​ឈប់​ធ្វើ​តាម​លក្ខខណ្ឌ​ដាក់​កម្រិត​ទាំងអស់​ទៅ​លើ​សកម្មភាព​ផលិត​នុយក្លេអ៊ែរ​របស់​ខ្លួន​ក៏​ដោយ។ អ្នកស្រី Holly Dagres អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Atlantic Council មាន​ប្រសាសន៍​ថា៖ «តាម​គំនិត​ខ្ញុំ ខ្ញុំ​មិន​គិត​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​អស់​សុពលភាព​ទេ បើ​មិន​មាន​ភាពតានតឹង​ណា​មួយ​ដែល​បង្ក​ឲ្យ​មាន​សង្គ្រាម‍​នោះ»។

អង្គការ​អូតង់​បាន​ផ្អាក​បេសកកម្ម​ហ្វឹកហ្វឺន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ចម្រុះ​របស់​បស្ចិមប្រទេស ក្នុង​ការ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម។
លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​អូតង់ ថ្លែង​ថា៖ «ជម្លោះថ្មី​ណា​មួយ​នឹង​មិន​ផ្ដល់​ផល​ប្រយោជន៍​ដល់​នរណា​ម្នាក់​នោះឡើយ‍»។

រុស្ស៊ី​និង​ចិន​បាន​ថ្កោលទោស​ការ​សម្លាប់​លោក Soleimani។ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ជួប​សមភាគី​ស៊ីរី​របស់​លោក​ ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​ដាម៉ាស។

នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា ការ​តវ៉ា​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​បាន​រីករាលដាល​ពី​អ៊ីរ៉ង់​ រហូត​ដល់​អ៊ីរ៉ាក់ តួគី ដែនដី​ប៉ាឡេស្ទីន និង​លីបង់។ ការ​តវ៉ា​ទាំង​នោះ​ក៏​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​និង​ឥណ្ឌា​ផង​ដែរ។

ស្រប​ពេល​គ្នា​នេះ​ដែរ អ៊ីស្រាអែល​ដែល​ជា​សត្រូវ​យូរអង្វែង​មក​ហើយ​របស់​អ៊ីរ៉ង់ បាន​កោតសរសើរ​ចំពោះ​អ្វី​ដែល​អ៊ីស្រាអែល​ហៅ​ថា ជា​ការ​សម្រេចចិត្ត​ដ៏​ឆ្លាតវៃ​និង​ឆាប់​រហ័ស​របស់​សហរដ្ឋអាមេរិក។

ក្រុមសម្ព័ន្ធមិត្ត​ភាគច្រើន​របស់​សហរដ្ឋអាមេរិក​កំពុង​តែ​សង្ឃឹម​ថា ការ​ឆ្លើយតប​របស់​អ៊ីរ៉ង់​នេះ​នឹង​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាលក្រុង​តេហេរ៉ង់ ហើយ​គេ​អាច​ចៀសវាង​សង្គ្រាម​ថ្មី​មួយ​នៅ​តំបន់​មជ្ឈិមបូព៌ា​បាន៕


ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG