កិច្ចព្រមព្រៀងរវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកទាំងប្រាំមួយអំពីកម្មវិធីនុយក្លេអ៊ែរ បាននាំឲ្យមានការបន្ធូរបន្ថយដល់ការរឹតត្បិតដល់ប្រទេសអ៊ីរ៉ង់នៅឆ្នាំក្រោយ។ ប្រជាជនអ៊ីរ៉ង់កំពុងសង្ឃឹមថា ការបន្ធូរលក្ខខណ្ឌធ្វើដំណើរនឹងអាចនាំឲ្យមានភ្ញៀវទេសចរអន្តរជាតិហូរចូលយ៉ាងសន្ធឹកសន្ធាប់។
ជាមួយនឹងស្ថាបត្យកម្មបុរាណ ទេសភាពដ៏អស្ចារ្យ និងប្រជាជនរាក់ទាក់ ក្រុមហ៊ុនទេសចរណ៍បានពិពណ៌នាប្រទេសអ៊ីរ៉ង់ជាគ្រឿងអលង្ការរបស់មជ្ឍឹមបូព៌ាដែលមិនទាន់បានរកឃើញ។
ប៉ុន្តែភាពឯកោរបស់ប្រទេសនេះ គឺចាប់ផ្តើមនៅឆ្នាំ១៩៧៩ ដែលបដិវត្តន៍ឥស្លាមបានធ្វើឲ្យចំនួនភ្ញៀងទេសចរពីបស្ចឹមប្រទេសធ្លាក់ចុះ។ ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា ក្នុងចំណោមមនុស្សទាំងអស់ដែលមកដល់ប្រទេសនេះមានតែចំនួន៩០.០០០នាក់ប៉ុណ្ណោះដែលធ្វើដំណើរមកពីទ្វីបអាមេរិកខាងជើង និងសហភាពអឺរ៉ុបនៅឆ្នាំ២០១៣។ លោក Mehrdad Khonsari ជាអតីតអ្នកការទូតបានមានប្រសាសន៍ថា នៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។
លោកបានលើកឡើងថា៖ «ឧបសគ្គដែលយើងកំពុងប្រឈមក្នុងប្រទេសអ៊ីរ៉ង់បានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍ ដោយភ្ញៀវទេសចរភ័យខ្លាចនឹងការធ្វើដំណើរមកប្រទេសអ៊ីរ៉ង់។ ប៉ុន្តែភ្ញៀវទេសចរដែលជម្នះគំនិតបែបនេះ ហើយមកទស្សនាប្រទេសអ៊ីរ៉ង់គឺមិនបានខកបំណងឡើយ»។
ស្ថានទូតប្រទេសអ៊ីរ៉ង់បានបើកដំណើរការឡើងវិញនៅទីក្រុងឡុងដ៏ នៅចុងខែសីហាកន្លងទៅនេះ។ កិច្ចព្រមព្រៀងនៅខែកក្កដារវាងរដ្ឋាភិបាលក្រុងតេហេរ៉ង់ (Tehran) និងមហាអំណាចពិភពលោកទាំងប្រាំមួយ ទៅលើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់បានកំពុងជួយសម្រួលដល់ការធ្វើដំណើរ។
លោកJonny Bealby ដែលជាស្ថាបនិកនៃទីភ្នាក់ងារទេសចរណ៍របស់អង់គ្លេសដែលមានឈ្មោះថា Wild Frontiers បាននិយាយថា ទីភ្នាក់ងាររបស់លោកកំពុងតែមានតម្រូវការទីផ្សារយ៉ាងខ្លាំង។
លោកបានបន្តថា៖ «រឿងពីរដែលបានកើតឡើងក្រោយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ដំបូងគឺ ការិយាល័យការបរទេស (អង់គ្លេស) បានផ្លាស់ប្តូរអនុសាសន៍អំពីការធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់។ នេះបានធ្វើឲ្យភ្ញៀវទេសចរមានទំនុកចិត្តឡើងវិញ ហើយចំនួនភ្ញៀវទេសចរក៏បានកើនឡើងវិញ។ ពួកយើងត្រូវតែរៀបចំកាលវិភាគចេញដំណើរច្រើនជាងមុនបីដងដើម្បីទប់ទល់នឹងតម្រូវការធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់នារដូវកាលស្លឹកឈើជ្រុះនៅក្នុងឆ្នាំនេះ»។
នាង Buggsie Heath-Brown ជនជាតិអង់គ្លេសមួយរូបដែលបានធ្វើដំណើរទៅទស្សនាទីកន្លែងជាច្រើននៅលើពិភពលោកកំពុងរំពឹងរង់ចាំដំណើរទេសចរណ៍របស់នាងទៅប្រទេសអ៊ីរ៉ង់ក្នុងឆ្នាំនេះ ដែលជាប្រទេសដែលស្ថិតនៅក្នុងបញ្ជីនៃបំណងប្រាថ្នាដែលនាងមានជាយូរមកហើយ។
នាងបានបន្តលើកឡើងថា៖ «យើងបានសម្រេចចិត្តធ្វើដំណើរទៅទីនោះមុនគេ ដើម្បីឃើញទិដ្ឋភាព និងជួបប្រជាជននៅទីនោះ មុននឹងមនុស្សទូទាំងពិភពលោកសម្រុកទៅទស្សនាប្រទេសអ៊ីរ៉ង់»។
រដ្ឋាភិបាលអ៊ីរ៉ង់ប្រកាសថា ខ្លួនចង់ទាក់ទាញភ្ញៀវទេសចរ២០លាននាក់ក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០២៥។ វានឹងនាំមកនូវប្រាក់ចំណូលរហូតដល់៣០ពាន់លានដុល្លារ។
ជាថ្មីម្តងទៀត លោក Mehrdad Khonsari បានអះអាងថា៖ «ឥឡូវនេះ មុខមាត់ខាងក្រៅរបស់ប្រទេសអ៊ីរ៉ង់កំពុងផ្លាស់ប្តូរ ដែលខ្ញុំគិតថា វិស័យទេសចរណ៍បានផ្តល់ឱកាសដ៏ល្អមួយសម្រាប់វិស័យសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់»។
ប្រតិបត្តិករទេសចរណ៍និយាយថា ការទទួលបានទិដ្ឋាការនៅតែជាឧបសគ្គសម្រាប់ភ្ញៀវទេសចរជាច្រើន ខណៈពេលដែលទណ្ឌកម្មអន្តរជាតិលើប្រព័ន្ធធនាគាររបស់ប្រទេសអ៊ីរ៉ង់បានធ្វើឲ្យប្រតិបត្តិការជំនួញភាគច្រើនត្រូវធ្វើឡើងជាសាច់ប្រាក់សុទ្ធ៕
ប្រែសម្រួលដោយ វិញ សុជាតា