ប្រជាពលរដ្ឋដែលបាត់បង់ផ្ទះសម្បែង ដោយសារតែការផ្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីឆ្នាំទៅ បានងាកមករកវិស័យទេសចរណ៍ ក្នុងការរកចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃ។
ប្រជាពលរដ្ឋឥណ្ឌូណេស៊ីជាច្រើនហ្វូង ដែលអន្ទះសារចង់ឃើញសភាពបំផ្លិចបំផ្លាញដែលបង្កឡើងដោយការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រទេសរបស់ខ្លួន កំពុងផ្តល់ឱកាសសម្រាប់ការធ្វើពាណិជ្ជកម្មនៅក្នុងកំឡុងពេលនៃសោកនាដកម្មមួយនេះ។
ភ្នំ មេរ៉ាពី បានស្ងប់ស្ងាត់ទៅវិញ ចាប់តាំងពីមានការផ្ទុះភ្នំភ្លើងនៅខែតុលា។ ហើយនាពេលបច្ចុប្បន្ននេះ ទេសចរឥណ្ឌូនេស៊ី បាននាំគ្នាជិះរថយន្តធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភ្នំភ្លើង។ អ្នកតាំងទីលំនៅដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញដោយសារការផ្ទុះភ្នំភ្លើង ឥឡូវនេះប្រមូលថ្លៃចូលទស្សនា ដែលមានតម្លៃប្រហែល៥០សេនក្នុងមនុស្សម្នាក់។ អ្នកស្រុកខ្លះបានលក់ផេះភ្នំភ្លើងដាក់ក្នុងដបតូច និងថាសឌីវ៉ីឌីក្រាហ្វិក ដែលមានរូបភាពនៃការជម្លៀសប្រជាពលរដ្ឋ និងរូបភាពនៃការបំផ្លិចបំផ្លាញដោយការផ្ទុះភ្នំភ្លើង។
ផ្ទះរបស់អ្នកស្រី ម៉ារីយ៉ែម (Mariyem) ត្រូវបានបំផ្លាញ។ ស្ត្រីជាម្តាយដែលមានកូនពីរនាក់រូបនេះនិយាយថា អ្នកស្រីយល់ថា វិស័យទេសចរណ៍មិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ ប៉ុន្តែជាវិធីរកលុយដ៏ឆាប់រហ័សមួយដែលអ្នកស្រីត្រូវការសម្រាប់ចិញ្ចឹមគ្រួសារអ្នកស្រី។ អ្នកស្រីបន្ថែមថា អ្នកស្រីគឺជាជនរងគ្រោះមួយរូប ដែលបានក្លាយទៅជាផ្ទាំងទស្សនីយភាពសម្រាប់ទស្សនា។ ប៉ុន្តែ តើមានអ្វីផ្សេងទៀតដែលអ្នកស្រីគួរធ្វើ? នៅពេលដែលស្ថានភាពប្រសើរឡើងវិញ អ្នកស្រីអាចវិលត្រឡប់ទៅកាន់តំបន់នោះវិញ។ ប្រសិនបើអ្នកស្រីមិនលក់របស់របរ អ្នកស្រីមិនមានអាហារបានទេ។
អ្នកស្រី ម៉ារីយ៉ែម លក់ថាសឌីវ៉ីឌីបានពីរបីក្នុងមួយថ្ងៃ ដោយបានចំណូលមួយដុល្លារសម្រាប់ថាសឌីវ៉ីឌីមួយ គឺគ្រប់គ្រាន់សម្រាប់ទិញម្ហូបអាហារ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់សង់លំនៅស្ថាន ដែលអ្នកស្រីធ្លាប់បានរស់នៅតាំងពីកុមារភាពឡើងវិញបានទេ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់ចំនួន៣លានដុល្លារអាមេរិក សម្រាប់សង់ជម្រកបណ្តោះអាសន្ន និងសម្រាប់កម្មវិធីជួយសម្អាតកម្ទេចកម្ទីភ្នំភ្លើង។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសន្យាថា នឹងផ្តល់ប្រាក់ឲ្យកសិករដែលគោរបស់គេត្រូវបានសម្លាប់ដោយសារការផ្ទុះភ្នំភ្លើង ដោយសារគោក្របីសំខាន់សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតរបស់គ្រួសារភាគច្រើន។ ប៉ុន្តែ ថវិកានេះត្រូវបានពន្យា ហើយជនរងគ្រោះនិយាយថា ពួកគេមិនដឹងថា ពេលណា ឬថាតើពួកគេនឹងទទួលបានជំនួយនោះដែរឬទេ។
ស្ត្រីម្នាក់ទៀតឈ្មោះ ទុយមីយ៉ែម (Tumiyem) និយាយថា អ្នកស្រីត្រូវតែលក់របស់របរដើម្បីរកប្រាក់។ អ្នកស្រីរកប្រាក់បានមិនលើសពីពីរដុល្លាក្នុងមួយថ្ងៃ ពីការលក់ទឹក និងអាហារបន្តិចបន្តួចឲ្យភ្ញៀវទេសចរណ៍ដែលអ្នកស្រីហៅថា «មិត្តភក្តិ»។ អ្នកស្រីនិយាយថា ជួនកាលអ្នកស្រីលក់របស់របរបានចំនួន១០ ជួនកាលបាន៦។ មានមនុស្សច្រើនណាស់ ប៉ុន្តែ ជួនកាល ពួកគេមិនទិញអ្វីទាំងអស់។
អ្នកស្រី ទុយមីយ៉ែម មានរាងតូចស្គម និងមានស្បែកជ្រីវជ្រួញ។ ដូចមនុស្សភាគច្រើនដែលធ្លាប់រស់នៅទីនោះ អ្នកស្រីបានចូលទៅជ្រកកោននៅក្នុងជម្រកបណ្តោះអាសន្នមួយ ហើយទទួលបានជំនួយម្ហូបអាហារពីអង្គការ និងក្រុមហ៊ុនផ្តល់ជំនួយ ដែលផ្តល់អំណោយទាន។ ឧទាហរណ៍ ក្រុមអ្នកស្ម័គ្រចិត្តរបស់ក្រុមហ៊ុនបារី សំប៉ូណា (Sampoerna) បានជួយប្រមូល និងចែកចាយសម្ភារៈផ្គត់ផ្គង់ទៅឲ្យប្រជាពលរដ្ឋប្រមាណជាង៤៥០នាក់ នៅឯជម្រកបណ្តោះអាសន្ន សារីហាហ្សូ (Sariharjo) នៅក្នុងស្រុក ស្លេមែន (Slemen) ដែលជាស្រុកមួយទទួលរងការប៉ះទង្គិចខ្លាំងជាងគេបំផុតពីការផ្ទុះភ្នំភ្លើង មេរ៉ាពី។
អ្នកស្រី ទុយមីយ៉ែម និយាយថា អ្នកស្រីរំពឹងថា នឹងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ននេះរយៈពេលមួយឆ្នាំ ខណៈពេលដែលអ្នកស្រីរកលុយដើម្បីសាងសង់ផ្ទះរបស់អ្នកស្រីឡើងវិញ។
ស្មៅពណ៌បៃតង និងដើមចេកតូចៗ បានដុះចេញពីគំនរផេះផង់។ ទោះជាយ៉ាងនេះក្តី តំបន់ដែលត្រូវឆ្លងកាត់ទៅចំណុចយកប្រាក់ ភាគច្រើននៅមានពណ៌ប្រផេះនៅឡើយ។ ដើមឈើទាំងឡាយបន្លឺសម្លេងក្រេតក្រត ហើយគ្រឹះផ្ទះបានក្លាយទៅជាចំណុចតូចៗនៅលើផ្ទៃដី។ ទោចក្រយានយន្តច្រែះចាប់មួយខ្សែតម្រៀបគ្នានៅតាមចិញ្ចើមផ្លូវ។ នៅក្បែរនោះ ឡានដឹកអ្នកដំណើរមួយបានបើកបរគើមៗពីលើគំនរកម្ទេចភ្នំភ្លើង គឺដូចជាប្រដាប់ក្មេងលេងដែលត្រូវបានទម្លាក់ចោលដោយគ្មានរបៀបរៀបរយ។
រូបភាពទាំងនេះគឺពិតជាអ្វីដែលអ្នកស្រី អ៊ូវ៉ាទុន (Uswatun) ដែលជាមេផ្ទះមួយរូបមកពីទីក្រុងម៉ាហ្កេឡាំង (Magelang) បានមើលឃើញ។ អ្នកស្រីនិយាយថា ពួកគេចង់ដឹងថា ទេសភាពពណ៌បៃតង វិលត្រឡប់មកវិញរួចហើយឬនៅ។ ទោះបីជាអ្នកមកទស្សនាអាចជួបតែជាមួយជនរងគ្រោះក៏ដោយ ក៏ពួកគេអាចចែករំលែកអារម្មណ៍ និងភាពសោកសៅរបស់ពួកគេផងដែរ។
អ្នកស្រី អ៊ូវ៉ាទុន និយាយថា ទេសចរមកទីនេះមិនគ្រាន់តែដើម្បីមើលជុំវិញនោះទេ ប៉ុន្តែដើម្បីទទួលបាននូវភស្តុតាងចំពោះអ្វីដែលពួកគេបានឮ ឬបានឃើញនៅតាមកញ្ចក់ទូរទស្សន៍។ ពួកគេចង់ដឹងថា តើវាមានលក្ខណៈយ៉ាងម៉េចក្នុងការរត់ភៀសខ្លួនទាំងកណ្តាលយប់។
ឧស្ម័ន និងផេះក្តៅៗ ដែលបក់ផាត់ចុះពីកំពូលភ្នំ មេរ៉ាពី នៅក្នុងខែ តុលា និងខែ វិច្ឆិកា បានសម្លាប់ប្រជាពលរដ្ឋជាង៣០០នាក់ និងបានបង្ខំប្រជាពលរដ្ឋប្រមាណ៤សែននាក់ឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។ វាគឺជាការផ្ទុះភ្នំភ្លើងដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងកំឡុងពេលជិតមួយសតវត្សរ៍កន្លងមកនេះ។
បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានថ្ងៃមក រដ្ឋាភិបាលបាននិយាយបន្ទាបកម្រិតនៃការគម្រាមកំហែងពីភ្នំមេរ៉ាពី កាលពីចុងខែមុន។ ប៉ុន្តែ អ្នកដែលត្រួតពិនិត្យមើលការផ្ទុះភ្នំភ្លើង ឥឡូវនេះ មានការព្រួយបារម្ភអំពីគ្រោះមហន្តរាយបន្ទាប់បន្សំផ្សេងៗ ដូចជាការរអិលបាក់ផ្ទាំងដី និងទឹកជំនន់ដែលបណ្តាលមកពីលំហូរនៃកម្អែភ្នំភ្លើងត្រជាក់ពីភ្នំភ្នើង។
ការភ័យខ្លាចកាលពីដំបូងអំពីការបន្តផ្ទុះភ្នំភ្លើងតទៅទៀត ហាក់ដូចជាបានថមថយទៅវិញហើយ។ ប៉ុន្តែ នៅពេលដែលផ្ទៃមេឃមានពពកខ្មៅនៅក្នុងទីក្រុង កាលីរ៉ែង (Kaliurang) អ្នកទេសចរណ៍បាននាំគ្នារត់ចូលទៅក្នុងឡានរបស់ពួកគេ ហើយចាកចេញពីភ្នំនេះយ៉ាងលឿន៕
ប្រែសម្រួលដោយ ឌី ខាំបូលី