អ៊ីរ៉ង់នឹងមិនបញ្ជូនកម្លាំងទៅប្រទេសលីបង់ឬតំបន់ហ្កាហ្សាដើម្បីតតាំងជាមួយអ៊ីស្រាអែលទេ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ការសម្រេចរបស់អ៊ីរ៉ង់នេះធ្វើឡើងក្នុងគ្រាដែលអ៊ីស្រាអែលតម្រង់គោលដៅវាយប្រហារលើសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanani បាននិយាយថា៖ «គ្មានការចាំបាច់ដែលត្រូវបញ្ជូនកងកម្លាំងបន្ថែមឬកងកម្លាំងស្ម័គ្រចិត្តរបស់អ៊ីរ៉ង់ទេ»។ លោកបន្ថែមថា លីបង់និងយុទ្ធជនក្នុងដែនដីប៉ាឡេស្ទីន «មានសមត្ថភាពនិងកម្លាំងក្នុងការការពារខ្លួនទប់ទល់នឹងការឈ្លានពានបានហើយ»។
ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែលបានបង្កើនការវាយប្រហារធ្ងន់ធ្ងរតាមអាកាសនៅក្នុងប្រទេសលីបង់លើអ្វីដែលខ្លួនហៅថា «ក្រុមមិនចុះចាញ់» ដែលជាបណ្តាញក្រុមសកម្មប្រយុទ្ធចងសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់នៅក្នុងតំបន់ ដែលរួមទាំងនៅក្នុងប្រទេសស៊ីរី យេម៉ែន និងអ៊ីរ៉ាក់ផងដែរ។
ការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីបេរូតរបស់លីបង់កាលពីថ្ងៃសុក្រសប្តាហ៍មុនបានសម្លាប់មេដឹកនាំក្រុមហេសបូឡានៅលីបង់លោក Hassan Nasrallah ដែលអ៊ីរ៉ង់បានបំពាក់អាវុធនិងផ្តល់លុយឱ្យរាប់ឆ្នាំមកហើយ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Kanani ក៏បានប្តេជ្ញាផងដែរថា អ៊ីស្រាអែល «នឹងមិនរួចផុតពីការព្រមាននិងទណ្ឌកម្មចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានប្រព្រឹត្តិលើពលរដ្ឋ កងទ័ព និងកងកម្លាំងតស៊ូរបស់អ៊ីរ៉ង់នោះទេ»៕
អ៊ីរ៉ង់ថាខ្លួននឹងមិនបញ្ជូនកម្លាំងទៅតតាំងជាមួយអ៊ីស្រាអែលទេ

វេទិកាបញ្ចេញមតិ