ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Rouhani ថា ការ​សម្រេច​របស់​អង្គការ OPEC ក្នុង​ការ​កាត់​បន្ថយ​ការ​ផលិត​ប្រេង​គឺ​ជា​ការ​ផ្ចាញ់​ការ​ជ្រៀតជ្រែក​របស់​អាមេរិក


លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ចូលរួម​សន្និសីទ Islamic Unity ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​សម្រេច​របស់​អង្គការ​ផលិត​ប្រេង OPEC និង​អ្នក​ផលិតប្រេង​ដទៃទៀត​កាល​ពី​ថ្ងៃ​សុក្រ ក្នុង​ការ​កាត់បន្ថយ​ការ​ផលិតប្រេង​គឺ​ជា​ការ​បដិសេធ​នឹង​គោលនយោបាយ​ជ្រៀតជ្រែក​របស់​អាមេរិក‍។

នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន ​IRNA របស់​រដ្ឋ។ អង្គការ​ផលិត​ប្រេង OPEC និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​បាន​ព្រមព្រៀង​នឹង​កាត់បន្ថយ​ការ​ផលិត​ប្រេង​ឲ្យ​ទាប​ជាង​បរិមាណ​ដែល​ទីផ្សារ​បាន​រំពឹង​ទុក បន្ទាប់​ពី​មាន​សម្ពាធ​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​ប្រេង​ឆៅ។

បណ្តាញ​សារព័ត៌មាន IRNA បាន​ស្រង់​សម្តី​របស់​លោក Rouhani ដោយ​និយាយ​ថា «ទោះ​ជា​អាមេរិក​ព្យាយាម​ជ្រៀតជ្រែក​កិច្ចការ​អង្គការ OPEC ហើយ​ទប់ស្កាត់​មិន​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេង​ក៏​ដោយ ​ក៏​ជា​សំណាង​ល្អ​មាន​ការ​ប្រឆាំង​ពី​សំណាក់​រដ្ឋ​ជា​សមាជិក​និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អ៊ីរ៉ង់​និង​លោក Zanganeh រដ្ឋមន្ត្រី​ក្រសួង​ប្រេង​របស់​អ៊ីរ៉ង់ ដែល​ធ្វើ​ឲ្យ​ផែនការ​នេះ​ក្លាយ​ជា​អសារបង់​និង​បាន​យក​ឈ្នះ​លើ​គោលនយោបាយ​ជ្រៀតជ្រែក​របស់​អាមេរិក‍»៕

XS
SM
MD
LG