ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវតែ​ទូទាត់​ចំពោះ​ការ​ធ្លាក់​ចុះ​ការ​ផ្គត់ផ្គង់​ប្រេង​របស់​អ៊ីរ៉ង់


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ហូឡង់ Mark Rutte នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ហូឡង់ Mark Rutte នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ព្រលះ​ដាក់​អង្គការ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ដែល​ហៅ​កាត់​ថា OPEC ដោយ​ព្រមាន​ឲ្យ​អង្គការ​នេះ​បញ្ឈប់​ការ​បង្វិល​ទីផ្សារ​ប្រេង និង​ដាក់​សម្ពាធ​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ឲ្យ​បង្កើន​ការ​ផ្គត់ផ្គង់​ប្រេង​ដើម្បី​ទូទាត់​ជាមួយ​នឹង​ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ថា ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត បាន​យល់ព្រម​ផលិត​ប្រេង​បន្ថែម​ទៀត។

ក្រោយ​មក សេតវិមាន​បាន​ធ្វើ​ការ​កែប្រែ​ការ​លើក​ឡើង​របស់​លោក Trump ដោយ​បាន​បញ្ជាក់​ថា ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បាន​មាន​បន្ទូល​ថា ប្រទេស​របស់​ព្រះ​អង្គ​អាច​បង្កើន​ផលិតកម្ម​ប្រេង​តែ​ក្នុង​ករណី​ចាំបាច់​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍ Fox News លោក Trump បាន​បញ្ជាក់​ម្ដង​ទៀត​អំពី​ការ​អំពាវនាវ​របស់​លោក​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បង្កើន​ការ​ផលិត​ប្រេង ដោយ​លោក​បាន​អះអាង​ថា ប្រទេស​នេះ​គួរតែ​ជួយ​សហរដ្ឋ​អាមេរិក​ឲ្យ​បន្ថយ​តម្លៃ​ប្រេង ដោយសារតែ​រដ្ឋាភិបាល​អាមេរិក​បាន​ជួយ​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​ការ​ប្រឹងប្រែង​របស់​ខ្លួន​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់។

តម្លៃ​ប្រេង​បាន​កើន​ឡើង​កាល​ពី​សប្ដាហ៍​មុន ដោយសារតែ​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ អាច​ធ្វើ​ឲ្យ​បរិមាណ​ប្រេង​ឆៅ​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​ពិភពលោក ស្រប​ពេល​ដែល​តម្រូវការ​ប្រេង​នៅ​លើ​ពិភពលោក​មាន​ការ​កើន​ឡើង។

តម្លៃ​ប្រេង​សាំង​កើន​ឡើង​អាច​បង្កើត​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​សម្រាប់​លោក Trump នៅ​មុន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕

XS
SM
MD
LG