លោករដ្ឋមន្ត្រីថាមពលអ៊ីរង៉លោក Reza Ardakanian បំពេញទស្សនកិច្ចក្នុងក្រុងបាដាដ ក្នុងសប្តាហ៍ទីមួយនៃខែមករា ដើម្បីពិភាក្សាអំពីការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិអ៊ីរ៉ង់ ដែលបានបង្ខំឱ្យអ៊ីរ៉ាក់ បន្ថយការចែកចាយភ្លើងអគ្គិសនីមកនៅត្រឹមបួនម៉ោងក្នុងមួយថ្ងៃ ក្នុងកន្លែងភាគច្រើន។ រដ្ឋាភិបាលក្រុងតេហេរ៉ង់ និយាយថា រដ្ឋាភិបាលក្រុងបាដាដ ជំពាក់ខ្លួនជាង៥ពាន់លានដុល្លារក្នុងការទិញឧស្ម័ននិងអគ្គិសនី។ គេដឹងមិនច្បាស់លាស់ទេថាតើវិបត្តិឧស្ម័ននេះ មានទាក់ទងនឹងការខ្វែងគំនិតគ្នារវាងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustapha Kadhimi និងពួកជីវពលលម្អៀងទៅខាងអ៊ីរ៉ង់ ដែលបានបាញ់រ៉ុក្កែតដាក់ស្ថានទូតស.រ.អា. ឬយ៉ាងណាទេ។
កាលពីថ្ងៃទី៤ ខែមករា ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់បានប្រកាសថា ប្រទេសកំពុងមានការលំបាកដោយសារវិបត្តិអគ្គិសនីធំមួយ ក្រោយពីការបន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដោយអ៊ីរ៉ង់ពី៥០លាន មក៥លានម៉ែត្រគុប។ រដ្ឋាភិបាលក្រុងតេហេរ៉ង់ និយាយថា រដ្ឋាភិបាលក្រុងបាដាដ ត្រូវបង់ប្រាក់យ៉ាងហោចណាស់បីបួនពាន់លានដុល្លារក្នុងបណ្តាបំណុល៥ពាន់លានដុល្លារ ដែលខ្លួននៅជំពាក់រដ្ឋាភិបាលក្រុងតេហេរ៉ង់ សម្រាប់ការទិញឧស្ម័ន និងអគ្គិសនីពីអ៊ីរ៉ង់។
រដ្ឋមន្ត្រីថាមពលអ៊ីរ៉ង់លោក Reza Ardakanian បានជូបជាមួយពួកមន្ត្រីជាន់ខ្ពស់អ៊ីរ៉ាក់ដោយមានរួមបញ្ចូលទាំងលោក Majid Hantush រដ្ឋមន្ត្រីអគ្គិសនី និងលោក Mustapha Ghaleb ទេសាភិបាលធនាគារកណ្តាលផងដែរ នៅក្នុងទស្សនកិច្ចរបស់លោកក្នុងក្រុងបាដាដ កាលពីថ្ងៃទី៤ ខែមករា ដើម្បីពិភាក្សាគ្នាអំពីវិបត្តិនេះ។ គេរាយការណ៍ថា លោក Mustapha Qa'ani មេបញ្ជាការកងទ័ពឆ្មាំបដិវត្តអ៊ីរ៉ង់ ក៏បានជួបជាមួយពួកសម្ព័ន្ធមិត្តជីវពល Shi’ite របស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ក្នុងក្រុងបាដាដ កាលពីបីបួនថ្ងៃមុននេះដែរ។
ទស្សនកិច្ចទាំងនេះ ធ្វើឡើងនៅពេលមានភាពតានតឹងរវាងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustapha Kadhimi និងពួកមេបញ្ជាការនៃកងជីវពល Shi’ite លម្អៀងទៅខាងអ៊ីរ៉ង់រួមមានលោក Qais al Khazali មេបញ្ជាការនៃកងជីវពល Asa'ib Ahl al Haq។ ពួកគេពិភាក្សាអំពីការចាប់ខ្លួនពួកសមាជិកនៃកងជីវពលនេះ ដែលត្រូវបានចោទប្រកាន់ថា បានបាញ់រ៉ុក្កែតដាក់ស្ថានទូតស.រ.អា.ក្នុងក្រុងបាដាដ។
លោក Ali Rabiei អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី៤ ខែមករា ក្នុងក្រុងតេហេរ៉ង់ថា អ៊ីរ៉ង់គ្មានទាក់ទិនជាមួយការបាញ់រ៉ុក្កែតដោយពួកជីវពលដាក់ស្ថានទូតអាមេរិកាំងទេ។ លោកបានថ្លែងទៀតថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន«ដឹងថា មានក្រុមផ្សេងៗជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ ចង់បញ្ចប់ការកាន់កាប់របស់អាមេរិកក្នុងប្រទេសអ៊ីរ៉ាក់»។ លោកបានចោទប្រកាន់ស.រ.អា.ថា បានបង្កឱ្យមានភាពតានតឹងក្នុងតំបន់នោះ។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់រូបនេះនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាអ្នកទទួលខុសត្រូវដល់ភាពតានតឹងក្នុងតំបន់ឈូងសមុទ្រនេះ ដោយលោកបានថ្លែងបន្ថែមថា ស.រ.អា.ត្រូវបញ្ឈប់អ្វីដែលលោកហៅថា ជា«អន្តរាគមន៍ឆ្លងកាត់ព្រំដែន»និង«ការផ្សងព្រេង»របស់អាមេរិកក្នុងតំបន់នោះផងដែរ។
ឥឡូវនេះមួយឆ្នាំហើយក្រោយការវាយប្រហារដោយ drone របស់អាមេរិកាំងមួយគ្រឿង ដែលបានបណ្តាលឱ្យលោកឧត្តមសេនីយ Qassem Soleimani អគ្គមេបញ្ជាការយោធាអ៊ីរ៉ង់ស្លាប់ នៅពេលក្បួនរថយន្តរបស់លោក បានចាកចេញពីអាកាសយានដ្ឋានក្រុងបាដាដ ។ មេដឹកនាំអ៊ីរ៉ង់ខ្លះ និងពួកសម្ព័ន្ធមិត្តជីវពលអ៊ីរ៉ាក់របស់ពួកគេ បានប្តេជ្ញាសងសឹកការសម្លាប់លោក Soleimani ។
លោក Abolhassan Bani Sadr អតីតប្រធានាធិបតីអ៊ីរ៉ង់បាននិយាយប្រាប់វីអូអេថា ស្ថានការណ៍ក្នុងប្រទេសអ៊ីរ៉ាក់ច្របូកច្របល់ ហើយរដ្ឋាភិបាលអ៊ីរ៉ាក់«ក្ស័យធននិងគាំងដំណើរខាងនយោបាយ»។ លោកថ្លែងថា ដោយហេតុផលទាំងនេះ លោកសង្ស័យថា អ៊ីរ៉ង់មិនប្រឹងប្រែងទម្លាក់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី Kadhimi ទេ។
លោក Abolhassan Bani Sadr និយាយថា ការទម្លាក់របបគ្រប់គ្រងនេះ មានន័យតែនៅពេលដែលរដ្ឋាភិបាលមានដំណើរការ ក៏ប៉ុន្តែ រដ្ឋនេះពិការ ហើយរដ្ឋាភិបាលគ្មានដំណើរការទេ។ លោកបានពោលបន្ថែមថា នៅពេលនេះអ៊ីរ៉ាក់កំពុងប្រឹងប្រែងរក្សាឱ្យមានតុល្យភាពផ្ទៃក្នុងរវាងពួក Sunnis ពួក Shi’ites និងពួក Kurds និងតុល្យភាពក្រៅប្រទេសរវាងអ៊ីរ៉ង់ អារ៉ាប់ប៊ីសាអូឌីត និងប្រទេសតួកគី។
លោក Abolhassan Bani Sadr បាននិយាយថែមទៀតថា លោកមិនយល់ថា អ៊ីរ៉ង់មានប្រតិកម្មនៅខួបឆ្នាំទីមួយនៃការស្លាប់លោកឧត្តមសេនីយ Soleimani ទេពីព្រោះអ៊ីរ៉ង់«គ្មានកម្លាំងយោធាគ្រប់គ្រាន់ទេ»។ លោកនិយាយថា អ្នកនាំពាក្យអ៊ីរ៉ង់ភាគច្រើនអំពាវនាវឱ្យមាន«ការសងសឹកមិនទាក់ទងយោធា»។
លោក Christopher Miller រដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ស្តីទី បាននិយាយកាលពីខែវិច្ឆិកាថា កងកម្លាំងស.រ.អា.នៅអ៊ីរ៉ាក់ នឹងបន្ថយឱ្យនៅត្រឹមប្រមាណទាហាន២ពាន់ ៥រយនាក់ មិនហួសពីខែមករាឆ្នាំ២០២១ នេះទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ