ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​ច្រានចោល​ការចោទ​ប្រកាន់​ថា​ខ្លួន​ពាក់ព័ន្ធ​ក្នុង​ផែនការ​សម្លាប់​លោក Trump


​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​ Qasem Soleimani (កណ្តាល)​ចូលរួម​ការប្រជុំ​មួយ​នៅទីក្រុង Tehran កាលពីថ្ងៃទី​១៨ កញ្ញា ឆ្នាំ២០១៦។(Photo by HO / KHAMENEI.IR / AFP)
​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​ Qasem Soleimani (កណ្តាល)​ចូលរួម​ការប្រជុំ​មួយ​នៅទីក្រុង Tehran កាលពីថ្ងៃទី​១៨ កញ្ញា ឆ្នាំ២០១៦។(Photo by HO / KHAMENEI.IR / AFP)

ប្រទេស​អ៊ីរ៉ង់ ​នៅថ្ងៃពុធ​នេះ​បាន​ច្រាន​ចោល​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ការចោទ​ប្រកាន់​«ព្យាបាទ‍»​ ដោយ​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក ​ដែល​ថា​អ៊ីរ៉ង់​មាន​ផែនការ​សម្លាប់​លោក​អតីត​ប្រធានាធិបតី​ Donald Trump។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

ទូរទស្សន៍ ​CNN ​បាន​រាយការណ៍​កាលពី​ថ្ងៃអង្គារ​ថា ​អាជ្ញាធរ​សហរដ្ឋ​អាមេរិក ​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ពី​ប្រភព​មនុស្ស ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ​អំពី​ផែនការ​ដែល​គេ​មន្ទិល​សង្ស័យ​របស់​អ៊ីរ៉ង់​មួយ​ ប្រឆាំង​នឹង​លោក​អតីត​ប្រធានាធិបតី ​ដែល​បាន​នាំ​ឱ្យ​មាន​ការបង្កើន​ការការពារ​លោក។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯទៀត​របស់​សហរដ្ឋ​អាមេរិក ​ក៏បាន​រាយការណ៍​អំពី​ផែនការ​ដែល​គេ​មន្ទិល​សង្ស័យ​នេះ​ដែរ។

CNN ​និយាយ​ថា​ផែនការ​ដែល​គេ​មន្ទិល​សង្ស័យ​នោះ ​មិនជាប់ពាក់ព័ន្ធ​ជាមួយ​ការបាញ់ ​នៅក្នុង​យុទ្ធនាការ​រក​សំឡេងឆ្នោត​របស់​លោក Trump ​នៅក្នុង​រដ្ឋ Pennsylvania ​ដែល​បណ្តាល​ឱ្យ​លោក​អតីត​ប្រធានាធិបតី​រងរបួស​និង​បាន​សម្លាប់​អ្នកគាំទ្រ​លោក​ម្នាក់​នោះ​ទេ។

ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ​បាន​និយាយ​ថា ​ខ្លួន​បាន​«តាមដាន​ការគំរាម​កំហែង​របស់​អ៊ីរ៉ង់ ​ជាច្រើន​ឆ្នាំ​មក​ហើយ‍» ​ក្រោយពី​អ៊ីរ៉ង់​បាន​គំរាម​សងសឹក​ចំពោះ​ការសម្លាប់​មេបញ្ជាការ​ឆ្មាំ​បដិវត្តន៍​ Qasem Soleimani ​នៅក្នុង​ការវាយប្រហារ​របស់​ដ្រូន​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​នៅ​ជិត​ខាង​នោះ។

ស្ថាន​បេសកកម្ម​របស់​អ៊ីរ៉ង់​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ បាន​ហៅ​ការចោទ​ប្រកាន់​នោះ ​ថា​«គ្មាន​ភស្តុតាង ​និង​មាន​គោល​បំណង​ព្យាបាទ‍»។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ ​លោក Nasser Kanani ​បាន​ថ្លែង​ថា ​អ៊ីរ៉ង់ ​«ច្រានចោល​យ៉ាងដាច់​អហង្កា​នូវ​ការចូលពាក់ព័ន្ធ​អ្វីមួយ​នៅក្នុង​ការវាយ​ប្រហារ​ដោយ​អាវុធ​លើ​លោក​Trump‍»។

លោក​បាន​បន្ថែម​ថា ​ក៏ប៉ុន្តែ​អ៊ីរ៉ង់​នៅតែ​«តាំងចិត្ត​ដើម្បី​កាត់ទោស​លោក Trump ​ចំពោះ​តួនាទី​ផ្ទាល់​របស់​លោក ​នៅក្នុង​ការធ្វើឃាត​នាយ​ឧត្តមសេនីយ៍ ​Qasem Soleimani៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG