អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជ្រើសរើសសមាជិកព្រឹទ្ធសភាលោក JD Vance នៃរដ្ឋ Ohio ជាបេក្ខជនអនុប្រធានាធិបតីរបស់លោកកាលពីថ្ងៃចន្ទ។ លោកធ្លាប់ជាអ្នករិះគន់លោក Trump ហើយបានក្លាយជាមិត្តស្មោះត្រង់របស់លោក Trumpហើយនិងជាមនុស្សជំនាន់ millennial ដែលចូលរួមជាមួយលោក Trump នៅពេលដែលមានការបារម្ភខ្លាំងពីវ័យចំណាស់របស់មេដឹកនាំបក្សនយោបាយអាមេរិក។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោក នៅពេលមហាសន្និបាតជាតិរបស់គណបក្សសាធារណៈរដ្ឋនៅទីក្រុង Milwaukee ចាប់ផ្តើមថា៖ «ក្រោយពី ការពិចារណា និងការគិតគូរអស់ពេលយ៉ាងយូរអំពីទេព្យកោសលរបស់មនុស្សជាច្រើនផ្សេងទៀតរួចមក ខ្ញុំបានសម្រេចចិត្តថា មនុស្សដែលស័ក្តិសម កាន់តំណែងអនុប្រធានាធិបតីសហរដ្ឋអាមេរិក ជាងគេ គឺសមាជិកព្រឹទ្ធសភា J.D. Vance នៃរដ្ឋ Ohio»។
មិនយូរបន្ទាប់ពីការប្រកាសរបស់លោក Trump លោក Vance បានមកដល់កន្លែងធ្វើមហាសន្និបាតជាតិរបស់គណបក្សសាធារណៈដើម្បីទទួលការតែងតាំងជាផ្លូវការរបស់លោក។
លោក Vance ដែលមានអាយុ៣៩ឆ្នាំបានមានប្រជាប្រិយភាពទូទាំងប្រទេស បន្ទាប់ពីលោកបានបោះពុម្ពផ្សាយប្រវត្តិរបស់លោកកាលពីឆ្នាំ២០១៦ ដែលមានចំណងជើងថា«Hillbilly Elegy»។ លោកបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាក្នុងឆ្នាំ២០២២ និងបានក្លាយជាអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតលើរបៀបវារៈ«ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត»របស់អតីតប្រធានាធិបតី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម គោលនយោបាយបរទេសនិងអន្តោប្រវេសន៍។
ប៉ុន្តែលោកពុំមានបទពិសោធន៍ច្រើនក្នុងឆាកនយោបាយជាតិទេ ហើយកំពុងចូលរួមជាមួយលោកTrump ចំពេលពិសេសមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាមេរិក។ ការប៉ុនប៉ងធ្វើឃាតលោក Trump នៅក្នុងការឃោសនាបោះឆ្នោតមួយកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យរង្គោះរង្គើយុទ្ធនាការបោះឆ្នោតរបស់លោក ធ្វើឱ្យមានការចាប់អារម្មណ៍លើវោហាសាស្ត្រនយោបាយដ៏តឹងរ៉ឹងរបស់ប្រទេសនិងលើសារៈសំខាន់របស់អ្នកដែលអាចឡើងកាន់តំណែងជំនួសប្រធានាធិបតី។
លោកVance បានប្រឈមនឹងការរិះគន់ ក្រោយមានការព្យាយាមធ្វើឃាតលោក Trumpចំពោះសារមួយលើបណ្តាញសង្គម X ដែលនិយាយថាលោកប្រធានាធិបតី Joe Biden គួរត្រូវបន្ទោសចំពោះអំពើហិង្សានោះ។
លោកបានសរសេរថា៖«ចំណុចសំខាន់នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden គឺថាលោកប្រធានាធិបតី Donald Trumpជាជនផ្តាច់ការដែលត្រូវតែបញ្ឈប់។ វោហាសាស្ត្រនោះបណ្តាលឲ្យមានការប៉ុនប៉ងធ្វើឃាតលោក Trump»។
ក្រុមមន្ត្រីប៉ូលិសមិនទាន់រកឃើញមូលហេតុនៃការបាញ់ប្រហារនោះទេ៕
វេទិកាបញ្ចេញមតិ