ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​សហព័ន្ធ​ច្រានចោល​សំណុំរឿង​រក្សា​ឯកសា​សម្ងាត់​របស់​លោក Trump​ ដោយ​ការបារម្ភ​អំពី​ការតែងតាំង​រដ្ឋអាជ្ញា


បេក្ខជន​ប្រធានាធិបតីលោក​ Donald Trump ថ្លែង​នៅ ក្នុង​ការជជែក​ដេញដោលជាមួយ​លោក​ប្រធានាធិបតី​ Joe Biden កាលពីថ្ងៃព្រហស្បតិ៍​ទី២៧ មិថុនា​ ឆ្នាំ២០២៤​នៅ​ទីក្រុង Atlanta​(AP Photo/Gerald Herbert)
បេក្ខជន​ប្រធានាធិបតីលោក​ Donald Trump ថ្លែង​នៅ ក្នុង​ការជជែក​ដេញដោលជាមួយ​លោក​ប្រធានាធិបតី​ Joe Biden កាលពីថ្ងៃព្រហស្បតិ៍​ទី២៧ មិថុនា​ ឆ្នាំ២០២៤​នៅ​ទីក្រុង Atlanta​(AP Photo/Gerald Herbert)

ចៅក្រម​សហព័ន្ធ​នៅក្នុង​ករណី​ទុកដាក់​ឯកសារ​សម្ងាត់ ​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ​នៅ​រដ្ឋ Florida ​បាន​ច្រានចោល​ការចោទ​ប្រកាន់​របស់​រដ្ឋអាជ្ញា ​កាលពី​ថ្ងៃចន្ទ ​ដោយ​យល់​ស្រប​ជាមួយ​ក្រុមមេធាវី​ការពារក្តី ​ដែល​បាន​និយាយ​ថា ​រដ្ឋអាជ្ញា​ពិសេស ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​នោះ ​ត្រូវបាន​តែងតាំង​ដោយ​ខុសច្បាប់។

សេចក្តីសម្រេច​របស់​ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក ​អ្នកស្រី Aileen Cannon ​នាំឱ្យ​មាន​ការបញ្ចប់​យ៉ាងស្រឡាំងកាំង​និង​ភ្លាមៗ​មួយ​រំពេច ​នៅក្នុង​ករណី​ព្រហ្មទណ្ឌ​មួយ ​ដែល​នៅពេល​ចាប់ផ្តើម​ ត្រូវគេ​ចាត់ទុក​ថា ​ជា​ការគំរាមកំហែង​ផ្លូវច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​មួយ ​ដែល​លោក​អតីតប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រឈម។ លោក Trump ​បាន​ប្រឈម​ជាមួយ​បទចោទ​ឧក្រិដ្ឋ​រាប់សិប ​ដែល​ចោទ​លោក​ថា​បាន​ប្រមូល​ឯកសារ​សម្ងាត់ទុក​ដោយ​ខុសច្បាប់​ នៅក្នុង​គេហដ្ឋាន​របស់​លោក នៅ​ទីក្រុង Palm Beach ​រដ្ឋFlorida ​និង​បទរារាំង​ដល់​កិច្ចប្រឹងប្រែង​របស់​ FBI ​ដើម្បី​ប្រមូល​យក​វិញ។

ក្រុមមេធាវី​ការពារ​ក្តី ​បាន​ដាក់​ពាក្យតវ៉ា​ជាច្រើន​លើក ​នៅក្នុង​ករណី​នេះ ​មាន​រួម​ការតវ៉ា​បច្ចេកទេស​មួយ​ដែល​ថា​លោក​រដ្ឋអាជ្ញា​ពិសេស ​Jack Smith ​ត្រូវ​បាន​តែងតាំង​ដោយ​ខុសច្បាប់​ នៅ​ក្រោម​មាត្រា​តែងតាំង​នៃ​រដ្ឋធម្មនុញ្ញ ​ដែល​គ្រប់គ្រង​លើ​ការតែងតាំង​តំណែង​រដ្ឋាភិបាល​ខ្លះ ​និង​ថា​ការិយាល័យ​របស់​លោក​រដ្ឋអាជ្ញា ​បាន​ទទួល​ថវិកា​ចាយវាយ​ដោយ​មិនត្រឹមត្រូវ​ពី​ក្រសួង​យុត្តិធម៌។

អ្នកស្រី Cannon ​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការពិនិត្យមើល ​តាំងពី​មុន​ករណី​បទចោទ​ប្រកាន់​ទៅទៀត​នោះ ​បាន​សរសេរ​នៅក្នុង​សេចក្តី​សម្រេច​មួយ​ដែល​មាន​៩៣​ទំព័រ​ថា៖​ «អ្នកតាក់តែង​រដ្ឋធម្មនុញ្ញ​បាន​ផ្តល់​ឱ្យ​សភា​នូវ​តួនាទី​សំខាន់​មួយ ​នៅក្នុង​ការតែងតាំង​មន្ត្រី​ធំៗ​និង​តូចៗ។ តួនាទី​នោះ​មិនអាច​ប្រមូលយក​ដោយ​សាខា​នីតិប្រតិបត្តិ ​ឬ ​ចែកចាយ​នៅ​កន្លែង​ផ្សេង​បាន​ទេ ​មិនថា​ក្នុង​ករណី​នេះ ​ឬ​មួយ​ក៏​ករណី​ផ្សេង​ទៀត​ ទោះជា​នៅពេល​មាន​សេចក្តី​ត្រូវការ​បន្ទាន់​របស់​ប្រទេស​ជាតិ​ ឬ ​គ្មាន​ក៏​ដោយ»។

ក្រុមមេធាវី​របស់​លោក Smith ​កន្លងមក​បាន​តវ៉ា​ចំពោះ​ការជជែក​ឱ្យ​ហេតុផល​នេះ ​ក្នុង​អំឡុង​សវនាការ​នៅ​ចំពោះមុខ​អ្នកស្រី Cannon ​ដែលថា​បើទោះជា​មាន​ការសម្រេច​ដែលផ្តល់​ផលប្រយោជន៍​ដល់​ក្រុមមេធាវី​ការពារ​ក្តី​ ក៏​ការកែតម្រូវ​នឹង​មិន​ដល់​ថ្នាក់​ច្រានចោល​សំណុំរឿងនេះ​ទាំងស្រុង​ដែរ។

អ្នកនាំពាក្យ​ម្នាក់ ​សម្រាប់​ក្រុមរដ្ឋអាជ្ញា​របស់​លោក Smith ​មិនបាន​ឆ្លើយតប​និង​សំណើ​សុំ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ ​ហើយ​ក្រុម​លោក Trump ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG