រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា អ៊ីរ៉ង់នឹងមិនចរចាឡើងវិញលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ជាមួយប្រទេសមហាអំណាចក្នុងពិភពលោកនេះទេ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅមុនថ្ងៃកំណត់នៃការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ថាតើសហរដ្ឋអាមេរិកនឹងបន្តចូលរួមក្នុងកិច្ចព្រមព្រៀងនេះឬយ៉ាងណានោះ។
រដ្ឋមន្រ្តីការបរទេសលោក Mohammad Javad Zarifបានថ្លែងតាមរយៈបណ្តាញសង្គម YouTube ថា«យើងនឹងមិនប្រគល់សន្តិសុខរបស់យើងឲ្យអ្នកខាងក្រៅទេ ហើយយើងក៏នឹងមិនចរចាឡើងវិញឬបន្ថែមលក្ខខណ្ឌទៅក្នុងកិច្ចព្រមព្រៀងដែលយើងបានអនុវត្តបានយ៉ាងល្អរួចហើយនោះទេ»។
លោក Trump ធ្លាប់បាននិយាយថា លោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ប្រសិនបើគ្មានការធ្វើវិសោធនកម្ម ក៏ដូចជានឹងរៀបចំសំណើដើម្បីដាក់កំហិតលើកម្មវិធីកាំជ្រួញម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់អ៊ីរ៉ង់ ដែលអ៊ីរ៉ង់រក្សាទុកសម្រាប់ការពារប្រទេស។
នៅស្របពេលជាមួយគ្នានោះទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក
Ayatollah Ali Khameneiមេដឹកនាំកំពូលអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានព្រមានថា អ៊ីរ៉ង់នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រសិនបើលោក Trump សម្រេចធ្វើតាមអ្វីដែលលោកបានគំរាមថានឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ លោកAli Akbar Velayatiបានថ្លែងតាមទូរទស្សន៍របស់រដ្ឋថា«ប្រសិនបើសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នោះយើងក៏នឹងមិនចូលរួមតទៅទៀតដែរ»៕