អ្នកវិភាគបានព្រមានថា ក្រុមជ្រុលនិយមមួយចំនួននឹងព្យាយាមទាញយកផលប្រយោជន៍ពីអ្វីដែលមនុស្សមួយចំនួនមើលឃើញថាជាភាពបរាជ័យ ដើម្បីបង្ខូចឈ្មោះអ្នកកែទម្រង់ទាំងនោះ ដូចជាទាញយកប្រយោជន៍ពីជម្លោះការទូតរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ។
នៅក្នុងខែកុម្ភៈ ប្រជាជនអ៊ីរ៉ង់នឹងទៅបោះឆ្នោតជ្រើសរើសស្ថាប័នដឹកនាំចម្បងចំនួន២ គឺសមាជិកសភា និងក្រុមប្រឹក្សានៃអ្នកជំនាញដែលជាតួអង្គកំពូលនៃបព្វជិតក្នុងប្រទេសនេះ។
តាមរយៈជ័យជម្នះនៃរដ្ឋាភិបាលរបស់លោកប្រនាធិបតី Hassan Rouhani រួមមានដូចជាកិច្ចព្រមព្រៀងអាវុធបរមាណូដែលត្រូវបានរំពឹងទុកថានឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសរីកចម្រើនគួរឲ្យកត់សម្គាល់នោះ អ្នកធ្វើកំណែទម្រង់មានសង្ឃឹមថា ពួកគេនឹងទទួលបានផលប្រយោជន៍ផ្នែកនយោបាយយ៉ាងច្រើន។
អ្នកវិភាគជាច្រើនបានព្រមានថា ជម្លោះការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ប្រហែលជាត្រូវបានគេមើលឃើញថា ជាការបរាជ័យរបស់រដ្ឋាភិបាល ដែលជនជ្រុលនិយមអាចប្រើវាដើម្បីឲ្យអ្នកបោះឆ្នោតដែលមានស្មារតីកំណែទម្រង់មានការខកចិត្ត។
អ្នកស្រី Camelia Entekhabifard គឺជាអ្នកនិពន្ធជនជាតិអ៊ីរ៉ង់ និងជាអ្នកអត្ថាធិប្បាយព័ត៌មានម្នាក់។ អ្នកស្រីបានមាននិយាយថា៖ «វាអាចធ្វើឲ្យអ្នកគាំទ្រខកចិត្ត។ អ្នកគាំទ្រទាំងនោះជាអ្នកស្វែងរកការធ្វើកំណែទម្រង់ ដើម្បីបោះបង់ចោលរដ្ឋាភិបាលនេះ ហើយពួកគេនឹងមិនគាំទ្រការបោះឆ្នោតឡើយ»។
អ្នកស្រីនិយាយថា ក្រុមប្រឹក្សានៃអ្នកជំនាញបច្ចុប្បន្ននេះទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន បើសិនជាមានមនុស្សចេញមកបោះឆ្នោតច្រើន ដោយសារតែក្រុមប្រឹក្សានេះប្រហែលជាត្រូវបានគេសុំឲ្យជ្រើសរើសមេដឹកនាំកំពូលថ្មីម្នាក់។ អ្នកស្រីបន្ថែមថា មេដឹកនាំកំពូលគឺលោក Ali Khamenei ប្រហែលជាមិនអាចបំពេញភារកិច្ចគ្រប់៨ឆ្នាំក្នុងអាណត្តិរបស់លោកបាននោះទេ។
«មេដឹកនាំកំពូលសព្វថ្ងៃមានអាយុ៧៦ឆ្នាំ ហើយបើសិនជាគាត់ចង់លាលែងពីតំណែង គាត់ចង់បោះបង់អំណាចរបស់គាត់ ឬបើសិនជាគាត់ទទួលមរណៈភាពក្នុងអំឡុងពេល៨ឆ្នាំនេះ វាចំាបាច់ណាស់ដែលក្រុមប្រឹក្សានេះ ត្រូវជ្រើសរើសមេដឹកនាំកំពូល ដោយត្រូវអះអាងថា មេដឹកនាំនោះទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកបោះឆ្នោតលើកនេះ»។
អ្នកវិភាគផ្សេងទៀតនិយាយថា ប្រព័ន្ធបោះឆ្នោតនេះគឺបានរៀបចំឡើងដើម្បីរក្សាទុកអាជ្ញាធរមកពី សាសនាបន្តកាន់អំណាច ដោយប្រគល់សិទ្ធិអំណាចឲ្យក្រុមប្រឹក្សាអ្នកជំនាញទទួល ឬបដិសេធអនាគតបេក្ខជន។
លោក Yan St.-Pierre ប្រធានក្រុមហ៊ុន MOSECON ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់លើបញ្ហាសន្តិសុខនិយាយថា៖ «ដំណើរការវាយតម្លៃសមត្ថភាពដ៏ល្អិតល្អន់នេះធ្វើឲ្យពួកគេដាក់តែបេក្ខជនដែលព្រមគាំទ្រជំហររបស់ពួកគេនៅក្នុងសភា។ ដូច្នេះ នេះហើយគឺជាផ្នែកមួយនៃដំណើរការដើម្បីបញ្ជាក់ថា ថ្នាក់លើ គឺក្រុមប្រឹក្សាអ្នកជំនាញ និងបព្វជិត រួមទាំងឧត្តមក្រុមប្រឹក្សាអាចរក្សាអំណាចកំពូលរបស់ខ្លួនបាន»។
លោក Yan St.-Pierre បន្តថា ការណ៍នេះរាប់បញ្ចូលទាំងលទ្ធភាពដែលមេដឹកនាំជាប់ឆ្នោតថ្មីមានស្មារតីធ្វើកំណែទម្រង់កាន់តែខ្លាំង ដោយសារតែប្រជាប្រិយភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន បានចេញឆ្ងាយពីការប្រកាន់យកភាពឯកោនិយម។
លោក Yan St.-Pierre និយាយថា ព្រឹត្តិការណ៍ថ្មីៗនេះ រួមមានការដោះលែងក្រុមនាវិកអាមេរិក១០នាក់ ភ្លាមៗ ដែលត្រូវបានចាប់ខ្លួនក្នុងសប្តាហ៍នេះក្នុងដែនទឹកអ៊ីរ៉ង់។ ព្រឹត្តិការណ៍នេះបានបង្ហាញការផ្លាស់ប្តូរក្នុងប្រទេសអ៊ីរ៉ង់ដែលមិនធ្លាប់មានចាប់តាំងពីរដ្ឋាភិបាលបច្ចុប្បន្នត្រូវបានបង្កើតឡើងនៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩៕
ប្រែសម្រួលដោយ ទុំ ម្លិះ