ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ធានា​ដល់​ការ​ធ្វើ​នាវាចរណ៍​តាម​ច្រក​សមុទ្រ​ហូមូស


លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​នៅ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​នៅ​ក្នុង​ក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ធានា​ឲ្យ​មាន​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​របស់​នាវា​ដឹក​ទំនិញ​រហូត​ដល់​ច្រកសមុទ្រ​ហូមូស​ មិនថា​តាមរយៈ​ការ​ចរចា​ការទូត​ ឬ​ការធ្វើ​អន្តរាគមន៍​យោធា​ឡើយ។ សហរដ្ឋអាមេរិក​បាន​អះអាង​សារ​ជា​ថ្មីថា ​ប្រទេសអ៊ីរ៉ង់​បាន​ធ្វើ​ការវាយប្រហារ​ទៅលើ​នាវា​ដឹកប្រេង​ពីរគ្រឿង ​ដែល​កំពុង​ធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​តូច​ចង្អៀត​ កាល​ពី​សប្តាហ៍​មុន។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​ប្រាប់សារព័ត៌មាន Fox News កាល​ពី​ថ្ងៃអាទិត្យ​ថា៖ «ការវាយប្រហារ​ដោយ​អ៊ីរ៉ង់​ទៅ​លើ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​របស់​នាវា​ពាណិជ្ជកម្ម​ទាំងនេះ ​គឺ​បង្ហាញ​យ៉ាងច្បាស់​ពី​ចេតនា​មិន​អនុញ្ញាត​ឲ្យ​មាន​ការធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ»។

មន្រ្តីការ​ទូតកំពូល​អាមេរិក​រូបនេះ​បាន​អះអាង​ថា ​សហរដ្ឋអាមេរិក​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់​ទេ​ ប៉ុន្តែ​ខ្លួន​នឹង​ធានា​ដល់​ការ​ធ្វើ​នាវាចរណ៍​តាមច្រកសមុទ្រ​ហូត​ដល់​ច្រក​ភ្ជាប់ឈូង​សមុទ្រ​ពែក្ស ​និង​ឈូង​សមុទ្រអូម៉ង់​ ដែល​ជា​ច្រក​សមុទ្រ​សំខាន់​មួយ​មាន​នាវា​ដឹកប្រេង​ច្រើនបំផុត​ធ្វើ​ដំណើរ​ឆ្លងកាត់។

លោក Pompeo ក៏​បាន​ថ្លែង​នៅក្នុង​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍ CBS កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​អន្តរាគមន៍​យោធា​នឹង​ត្រូវ​ដាក់ពង្រាយ​ប្រសិន​បើ​ចាំបាច់។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ យើង​នឹង​ចាត់​រាល់​វិធានការ​ចាំបាច់​ទាំងអស់​ មិនថា​ជា​ការចរចា​ការទូត​ ឬ​តាមវិធី​ផ្សេងៗ​ទៀត​ ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​ជោគជ័យ‍»។

ប្រទេសអ៊ីរ៉ង់​បាន​ច្រានចោល​អ្វី​ដែល​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ថា​ ខ្លួន​ជា​អ្នកទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​ទៅលើ​នាវាដឹកប្រេង​ និង​នាវាដឹក​សារធាតុ​គីមី​របស់​ប្រទេសន័រវែស​ និង​ប្រទេសជប៉ុន។

លោក Pompeo បាន​ប្រាប់សារព័ត៌មាន Fox News ថា៖ «អ្វី​ដែល​បាន​កើតឡើង​នៅ​ទី​នេះ ​គឺ​ជា​ចេតនា​យ៉ាង​ពិតប្រាកដ»។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ​សហរដ្ឋ​អាមេរិក​មាន​ទិន្នន័យ ​និងភស្តុតាង​យ៉ាងច្រើន​ ដែល​បង្ហាញ​ថា​ អ៊ីរ៉ង់​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ទាំងនេះ៕

XS
SM
MD
LG