ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អ៊ីរ៉ង់​នឹង​ពិភាក្សា​អំពី​បញ្ហា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល


ប្រធានាធិបតី​អ៊ីរ៉ង់ Hasan Rouhani (កណ្តាល)​ ចាកចេញ​ពី​សភា​បន្ទាប់​ពិធី​ស្បថស្បែបាន​បញ្ចប់នៅ​ក្នុង​ការិយា​ល័យ​ក្នុង​ទីក្រុង​ Tehran ប្រទេស​អ៊ីរ៉ងកាលពី​ថ្ងៃទី​០៥ ខែ​សីហា ២០១៧។
ប្រធានាធិបតី​អ៊ីរ៉ង់ Hasan Rouhani (កណ្តាល)​ ចាកចេញ​ពី​សភា​បន្ទាប់​ពិធី​ស្បថស្បែបាន​បញ្ចប់នៅ​ក្នុង​ការិយា​ល័យ​ក្នុង​ទីក្រុង​ Tehran ប្រទេស​អ៊ីរ៉ងកាលពី​ថ្ងៃទី​០៥ ខែ​សីហា ២០១៧។

រដ្ឋសភា​ប្រទេស​អ៊ីរ៉ង់​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​បាន​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ ២០១៧ និង​បាន​បន្ត​រហូត​មក​ដល់​សប្ដាហ៍​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន ISNA របស់​អ៊ីរ៉ង់​បាន​រាយការណ៍​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ង់ ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់ និង​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នេះ។ របៀបវារៈ​នៃ​ការ​ពិភាក្សា​នេះ​នឹង​ផ្ដោត​លើ​ឫស​គល់​នៃ​ការ​តវ៉ា​នេះ ក៏​ដូចជា​ផ្ដោត​លើ​ជំនួយ​ផ្នែក​ផ្លូវ​ច្បាប់​សម្រាប់​បាតុករ​ដែល​ជាប់​ពន្ធនាគារ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ការ​តវ៉ា​ទាំង​នោះ។

ការ​ប្រជុំ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រុម​សមាជិក​សភា​ដែល​មាន​ទំនោរ​ទៅ​រក​ការ​កែ​ទម្រង់។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​វិទ្យុ​អឺរ៉ុប​សេរី/វិទ្យុ​សេរីភាព។

នៅ​ក្នុង​លិខិត​មួយ សមាជិក​សភា​ទាំង​នោះ​បាន​ស្នើ​ឲ្យ​មាន​ការ​ជួយ​ផ្នែក​ផ្លូវ​ច្បាប់​សម្រាប់​អ្នក​ជាប់​ឃុំ និង​បាន​ថ្កោល​ទោស «ការ​ជ្រៀតជ្រែក» ពី​ខាង​ក្រៅ​ណា​មួយ​នៅ​ក្នុង​ការ​តវ៉ា​នេះ ដោយ​ចង់​សំដៅ​ជា​ពិសេស​លើ​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump គ្រោង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​សប្ដាហ៍​ក្រោយ​ថា​តើ​ត្រូវ​បន្ត​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​ផ្អាក​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឬ​ក៏​យ៉ាង​ណា​នោះ។ ការ​លើកលែង​នេះ​ត្រូវតែ​ធ្វើ​សារ​ឡើង​វិញ​រៀងរាល់ ១២០ ថ្ងៃ​ម្ដង។ នេះ​បើ​យោង​តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក។ លោក Trump អាច​សម្រេច​មិន​បន្ត​ការ​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​នេះ ដោយ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​អ៊ីរ៉ង់​ឲ្យ​ចូល​ជា​ធរមាន​វិញ។

នៅ​ក្នុង​ទ្វីប​អឺរ៉ុប អ្នក​គាំទ្រ​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ង់​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ហូឡង់ អាល្លឺម៉ង់ អង់គ្លេស និង​បារាំង​ជា​ដើម៕

XS
SM
MD
LG