កិច្ចព្រមព្រៀងបរមាណូបណ្តោះអាសន្នមួយរវាងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសមហាអំណាចពិភពលោកនឹងបន្តរហូតដល់ថ្ងៃច័ន្ទដើម្បីផ្តល់ពេលវេលាថែមទៀតជូនក្រុមអុ្នកចចារនៅក្នុងទីក្រុងវីយែនសម្រាប់ធ្វើការចចារអំពីកិច្ចព្រមព្រៀងទូលំទូលាយមួយ នេះបើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសស.រ.អា.នៅថ្ងៃសុក្រនេះ។
មន្ត្រីរូបនេះបាននិយាយថា ដើម្បីអនុញ្ញាតឲ្យមានពេលវេលាថែមទៀតសម្រាប់ការចចារ យើងកំពុងតែចាត់វិធានការបច្ចេកទេសចាំបាច់សម្រាប់ឲ្យវិធានការនាៗនៃផែនការសកម្មភាពរួម នៅស្ថិតស្ថេររហូតដល់ថ្ងៃទី១៣កក្កដា។ កិច្ចព្រមព្រៀងបណ្តោះអាសន្ននេះត្រូវបានធ្វើឡើងក្នុងខែមេសា ហើយថ្ងៃកំណត់ចុងក្រោយដើមដំបូងនៅថ្ងៃទី៣០ខែមិថុនាសម្រាប់ឲ្យមានកិច្ចព្រមព្រៀងផ្តាច់ព្រាត់មួយបានកន្លងផុតទៅហើយ។
កាលពីថ្ងៃសុក្រមុន លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានថ្លែងថា មានការជឿនលឿនទៅមុខក្នុងការចចារគ្នា។
«យើងនៅមានបញ្ហាលំបាកខ្លាំងមួយចំនួន ហើយយើងនឹងអង្គុយពិភាក្សាគ្នា ក្នុងពេលឆាប់ៗនេះ» នេះជាប្រសាសន៍របស់លោក Kerry ទៅកាន់ក្រុមអ្នកយកព័ត៌មាន ខណៈដែលលោកជួបជាមួយក្រុមរបស់លោកក្នុងទីក្រុងវីយែន។ លោកថ្លែងថា «ប៉ុន្តែខ្ញុំគិតថា យើងបានដោះស្រាយបញ្ហាខ្លះដែលជាប់គាំងជាយូរមកហើយ ហើយយើងមានការជឿនលឿនទៅមុខខ្លះ»។
នៅរសៀលថ្ងៃសុក្រនេះ លោក Kerry បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javid Zarif ហើយនិងក្រុមមន្ត្រីគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប៕