ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​ព្យាយាម​សម្រេច​កិច្ច​ព្រមព្រៀង​អំពី​កម្ម​វិធី​នុយក្លេអ៊ែរអ៊ីរ៉ង់​​


បុរស​ម្នាក់​ដើរ​កាត់ ​Palais Coburg ដែល​ជា​កន្លែងចរចាអំពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​​ នៅ​ក្រុង​វីយែន​ ប្រទេស​អូទ្រីស​ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ (រូបថត ៖ លោក​ Brain Allen/VOA)​
បុរស​ម្នាក់​ដើរ​កាត់ ​Palais Coburg ដែល​ជា​កន្លែងចរចាអំពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​​ នៅ​ក្រុង​វីយែន​ ប្រទេស​អូទ្រីស​ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា​ ឆ្នាំ​២០១៥។​ (រូបថត ៖ លោក​ Brain Allen/VOA)​

រដ្ឋមន្ត្រី​ការ​បរទេស​មកពី​ប្រទេស​អ៊ីរ៉ង់ និង​រដ្ឋមន្ត្រី​នៃ​ប្រទេស​មហា​អំណាច​៦​ទៀត​ក្នុង​ពិភព​លោក​មាន​ជំហរ​ស្រដៀង​គ្នា​ នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​វីយែន​នៅ​ថ្ងៃ​ច័ន្ទ​នេះ ទី​ដែល​អស់​លោក​ជួប​ជុំគ្នា​ធ្វើការ​ជំរុញ​ចុង​ក្រោយ​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​អំពី​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ មួយ​ថ្ងៃ​មុន​កាល​កំណត់​ចុង​ក្រោយ​របស់​គេ។​

អ្នក​ការទូត​បាន​បង្ហាញ​ការ​ជឿនលឿន​ចម្រុះ ​ហើយ​គេ​ត្រូវ​សម្រេច​ជាចុង​ក្រោយ​នូវ​បញ្ហា​គន្លឹះ​ដែល​មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ ​នៅ​ក្នុង​ការ​ប្រឹងប្រែង​របស់​គេដើម្បី​កំណត់​សកម្មភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ជាថ្នូរ​នឹង​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​លើ​ប្រទេស​នេះ។

​លោក​ Mohammad Javad Zarif​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា​ ​ការ​ខ្វែង​គំនិត​គ្នា​នៅតែ​មាន ​ហើយ​ភាគី​ទាំង​សងខាង​កំពុង​ព្យាយាម​ដោះស្រាយ។​

លោក ​John Kerry រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​យល់​ស្រប​ជាមួយ​នឹង​លោក​ Zarif​ ថា ​កិច្ច​ព្រមព្រៀង​មិន​ទាន់​ឈាន​ជិត​ដល់​ដំណាក់​កាល​សម្រេច​ផល​ទេ ​ហើយ​នៅ​មាន​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ត្រូវ​ដោះស្រាយ។ លោក John Kerry បាន​សង្កត់​ធ្ងន់​ថា​ កិច្ច​ចរចា​នេះ​នៅ​មិន​ទាន់​សម្រេច​ជាចុង​ក្រោយ​ទេ។​

លោក​ John Kerry និង​លោក​ Zarif បានជួប​គ្នា​ជា​ច្រើន​លើក​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​កិច្ច​ពិភាក្សា​ដែល​ក្រោយ​មក​មាន​របាយ​ការណ៍​ថា បាន​ទម្លុះ​ទម្លាយ​បញ្ហា​ខ្លះ ​ដូចជា​ទណ្ឌកម្ម​នឹង​ត្រូវ​លុប​ចោល ហើយ​អ.ស.ប.​នឹង​ធ្វើការ​ស៊ើប​អង្កេត​ថា តើ​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​មាន​ទាក់ទង​នឹង​ការ​ធ្វើ​អាវុធ​នុយ​ក្លេអ៊ែរ​ឬ​យ៉ាងណា។

ប្រភព​នានា​បាន​ប្រាប់​វីអូអេ​ថា ​ប្រទេស​អ៊ីរ៉ង់​ និង​ក្រុម​ប្រទេស​មហា​អំណាច រួមមាន​ស.រ.អា.​ អង់គ្លេស ចិន បារាំង រុស្ស៊ី និង​អាល្លឺម៉ង់​អាច​នឹង​ព្រមព្រៀង​គ្នា​លើ​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ ប៉ុន្តែ​គេនៅ​មិន​ទាន់​បាន​ផ្តល់​ការ​យល់​ព្រម​នៅ​ឡើយ៕

XS
SM
MD
LG