អ្នកបោះឆ្នោតក្នុងប្រទេសអ៊ីរ៉ង់កំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃសុក្រនេះ។ប៉ុន្តែភាពព្រងើយកន្ដើយរបស់អ្នកបោះឆ្នោតកំពុងកើនឡើង ខណៈប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ានេះមានការកើនឡើងខ្លាំងនៃជំងឺកូវីដ១៩និងសេដ្ឋកិច្ចដំាក្បាលចុះដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក។
លោក Hassan Rouhani ប្រធានាធិបតីកំពុងកាន់អំណាចបានកាន់តំណែងនេះជាអតិបរិមាចំនួនពីរអាណត្តិរួចមកហើយ។បេក្ខជនជាច្រើនបានដកខ្លួនចេញពីការប្រកួតប្រជែងឬត្រូវបានគេដកសិទ្ធិមិនឲ្យប្រកួតក្នុងការបោះឆ្នោតនាថ្ងៃសុក្រនេះ។
កាលពីថ្ងៃពុធកន្លងទៅបេក្ខជនប្រកាន់តឹងរ៉ឹងពីររូបបានដកខ្លួនចេញពីការប្រកួតនិងបានផ្ដល់ការគាំទ្រដល់បេក្ខជនប្រកាន់តឹងរ៉ឹងមួយរូបទៀតគឺលោក Ebrahim Raisi ដែលជាប្រធានតុលាការប្រទេសអ៊ីរ៉ង់។ អតីតប្រធានធនាគារកណ្ដាលគឺលោក Abdolnasser Hemmati បេក្ខជនម្នាក់ទៀតដែលនៅមានវត្តមានក្នុងការប្រកួតគឺជាបេក្ខជនកែទម្រង់និយម។
អ្នកវិភាគនយោបាយបាននិយាយថាអ្នកឈ្នះទំនងជាលោក Raisi អាយុ៦០ឆ្នាំ ដែលបានការគាំទ្រពីលោក Ayatollah Ali Khamenei មេដឹកនាំកំពូល។ប្រវត្តិរបស់លោក Rasi ជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សអាចនឹងធ្វើឲ្យរូបលោកក្លាយជាប្រធានាធិបតីមានបញ្ហាច្រើនជាមួយប្រទេសលោកខាងលិច។នេះបើយោងតាមអ្នកវិភាគនយោបាយអ៊ីរ៉ង់គឺលោក Behnam Ben Taleblu ធ្វើការនៅមូលនិធិសម្រាប់ការការពារលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
បេក្ខជនប្រធានាធិបតីអ៊ីរ៉ង់ទំាងអស់គំាទ្រការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរឡើងវិញ៕