ក្រុមហ៊ុនផលិតយន្តហោះអាកាសចរណ៍បូអ៊ីងដ៏ធំដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក បានឈោងដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ដើម្បីលក់យន្តហោះដឹកអ្នកដំណើរចំនួន១០០គ្រឿង នេះតាមការប្រកាសរបស់អាជ្ញាធរអាកាសចរណ៍អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍។
កិច្ចព្រមព្រៀងនោះ ជាកិច្ចព្រមព្រៀងមួយនៃកិច្ចព្រមព្រៀង៣ដាច់ដោយឡែកពីគ្នាដែលបានធ្វើឡើងរវាងអ៊ីរ៉ង់និងក្រុមហ៊ុនផលិតយន្តហោះដោយប្រទេសលោកខាងលិច ដើម្បីទិញយន្តហោះទាំងអស់២០០គ្រឿងចាប់តាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានលុបចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនោះកាលពីខែមករាមក។
លោក Ali Abedzadehប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បាននិយាយថា«យើងមានយន្តហោះ២៥០គ្រឿងនៅក្នុងប្រទេសរបស់យើង ហើយយើងត្រូវការយន្តហោះ២៣០គ្រឿងដើម្បីជំនួសយន្តហោះទាំងនោះ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមទៀតថា មិនមានការកំណត់ពេលវេលាដើម្បីប្រគល់យន្តហោះទាំងនោះទេ។
លោក Abedzadeh ក៏បាននិយាយបន្តទៀតថា យន្តហោះអាកាសចរណ៍ជាច្រើនរបស់អ៊ីរ៉ង់ ស្ថិតក្នុងភាពទ្រុឌទ្រោមហើយចាំបាច់ត្រូវប្តូរ ប៉ុន្តែក្រុមហ៊ុនផលិតយន្តហោះ Boeing នៅកំពុងរង់ចាំសេចក្តីសម្រេចកិច្ចព្រមព្រៀងចុងក្រោយពីរតនាគារសហរដ្ឋអាមេរិក។
កិច្ចសន្យារបស់យន្តហោះ Boeing មានតម្លៃប្រហែល១៧ពាន់លានដុល្លា ហើយគឺជាលើកទីមួយដែលអ៊ីរ៉ង់ បានទិញយន្តហោះពីក្រុមហ៊ុន Boeing ចាបតាំងពីមុនបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩មក។
នៅខែមករា អ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងដំបូងជាមួយក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ដើម្បីទិញយន្តហោះ១១៨គ្រឿង ទោះជាយ៉ាងនោះក៏ដោយកិច្ចព្រមព្រៀងនោះ កំពុងរង់ចាំការយល់ព្រមពីរតនាគារសហរដ្ឋអាមេរិកដែរ។
ការយល់ព្រមពីមន្រ្តីសហរដ្ឋអាមេរិក ជាការតម្រូវឲ្យមាន ពីព្រោះតែឧបករណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Airbus ចំនួន១០ភាគរយមានប្រភពនៅក្នុងប្រទេសអាមេរិក៕