វិស្វករជនជាតិអាមេរិកាំងដើមកំណើតអ៊ីរ៉ង់ម្នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក៨ឆ្នាំ ចំពោះការបញ្ជូនឯកសារយោធាសហរដ្ឋអាមេរិកទៅឲ្យប្រទេសអ៊ីរ៉ង់ ដែលជាស្រុកកំណើតរបស់ខ្លួន។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនិយាយថា លោក Mozaffar Khazaee ដែលបានធ្វើការជាបុគ្គលិកជាប់កិច្ចសន្យាឲ្យក្រសួងការពារប្រទេសសហរដ្ឋអាមេរិក បានលួចនិងចែករំលែកព័ត៌មានម៉ាស៊ីនយន្តហោះចំបាំងយោធាសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោក Khazaee អាយុ៦១ មានសញ្ជាតិ២ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០១៤នៅពេលដែលជននោះបានព្យាយាមចាកចេញពីសហរដ្ឋអាមេរិកដោយមានឯកសារដ៏សំខាន់របស់យោធានៅក្នុងវ៉ាលីដាក់អីវ៉ាន់របស់លោក។
លោក Khazaee បានប្រាប់ចៅក្រមនៅក្នុងរដ្ឋ Connecticutថា លោកមានវិប្បដិសារីចំពោះសកម្មភាពដែលមិនអាចអត់អោនឲ្យបាននេះ។ តុលាការបានកាត់ទោសលោកឲ្យជាប់គុក៨ឆ្នាំ ហើយបានបញ្ជារឲ្យលោកបង់ប្រាប់ពិន័យ៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក។
រដ្ឋអាជ្ញានិយាយថា ការវិភាគកុំព្យូទ័របានបង្ហាញថា លោកបានបញ្ជូនលិខិតជាច្រើនទៅកាន់់សាកលវិទ្យាល័យអ៊ីរ៉ង់ ដោយនិយាយថាលោកបានដឹងពីបច្ចេកវិទ្យាសំខាន់ៗដែលអាចនឹងផ្ទេរទៅកាន់ឧស្សាហកម្មនិងសាកលវិទ្យាល័យសំខាន់ៗ។
រដ្ឋអាជ្ញានិយាយនៅឆ្នាំ២០១៣ថា លោក Khazaee បានព្យាយាមបញ្ជូនកុងតឺន័រដ៏ធំមួយទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលរួមមានទាំងឯកសារបច្ចេកវិទ្យានិងទិន្នន័យម៉ាស៊ីនយន្តហោះចំបាំងរបស់សហរដ្ឋអាមេរិក៕