«អ៊ីរ៉ង់ទំនងជាបន្ទន់ឥរិយាបទ» ជាសម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំនៅក្នុងសន្ទរកថាមួយទៅកាន់ប្រទេសជាតិកាលពីព្រឹកថ្ងៃពុធបន្ទាប់ពីអ៊ីរ៉ង់បានបាញ់កាំជ្រួចមីស៊ីលបាលីស្ទិកជាង ១០គ្រាប់ដៅលើមូលដ្ឋានទ័ពអាកាសអ៊ីរ៉ាក់ ២ដែលជាទីកន្លែងរបស់កងទ័ពសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីត្រាំបានពន្យល់ថា «មិនមានពលរដ្ឋអាមេរិកាំងនិងអ៊ីរ៉ាក់ បានបាត់បង់អាយុជីវិត ពីព្រោះតែការចាត់វិធានការប្រុងប្រៀបជាមុន បំបែកកម្លាំងនិងប្រព័ន្ធព្រមានជាមុនដែលបានដំណើរការយ៉ាងល្អ»។ លោកប្រធាធិបតី មានប្រសាសន៍បន្ថែមទៀតថា មានការខូចខាតតិចតួចបំផុត។
អ៊ីរ៉ង់បានបាញ់កាំជ្រួចមីស៊ីលចូលក្នុងប្រទេសអ៊ីរ៉ាក់កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីការគំរាមកំហែងសងសឹករបស់មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ប្រឆាំងនឹងសហរដ្ឋអាមេរិកចំពោះការវាយប្រហារតាមអាកាសដែលបានបញ្ជាដោយលោកប្រធានាធិបតីត្រាំដែលបានសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការកងកម្លាំងឃុតអ៊ីរ៉ង់ដែលមេដឹកនាំសហរដ្ឋអាមេរិកបាននិយាយថា ជាអ្នកទទួលខុសត្រូវខ្លះចំពោះអំពើព្រៃផ្សៃ។
លោកប្រធានាធិបតីត្រាំ នៅក្នុងសេតវិមាន ដែលត្រូវបានឈរអមដោយលោកអនុប្រធានាធិបតី Mike Pence រដ្ឋមន្រ្តីការបរទេស Mike Pompeo រដ្ឋមន្រ្តីការពារប្រទេស Mark Esper និងមេដឹកនាំផ្សេងៗទៀតរបស់កងទ័ព បាននិយាយថា លោក នឹងស្នើសុំឲ្យអង្គការអូតង់ទាក់ទិនកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈឹមបូព៌ា ក៏ប៉ុន្តែលោកប្រធានាធិបតីមិនបានផ្តល់សេចក្តីលម្អិតទេ។
លោកប្រធានាធិបតីត្រាំក៏បានអំពាវនាវដល់ហត្ថលេខីផ្សេងទៀតនៃកិច្ចព្រមព្រៀងផែនការទូលំទូលាយរួមធ្វើទៅតាមរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លែអ៊ែរដែលបានចុះហត្ថលេខាជាមួយអ៊ីរ៉ង់។
លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍កាលពីថ្ងៃពុធថា «ពេលវេលាមកដល់ហើយសម្រាប់ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង រុស្ស៊ី និងចិនទទួលស្គាល់ការពិតនេះ»៕