ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិមួយនៅថ្ងៃពុធនេះ ដែលក្រុមមន្ត្រីនិយាយថា លោកនឹងអំពាវនាវសារជាថ្មីម្តងទៀតឲ្យមានការចរចាសន្តិភាព «គ្មានលក្ខខណ្ឌ» ជាមួយពួកតាលីបង់និងអនុញ្ញាតឲ្យក្រុមប៉ះបោរបើកការិយាល័យរបស់ពួកគេនៅក្នុងទីក្រុងកាប៊ុលដើម្បីចូលរួមក្នុងការចរចានេះ។
អ្នកនាំពាក្យប្រធានាធិបតីបានប្រាប់ក្រុមអ្នកសារពត៌មានកាលពីថ្ងៃអង្គារថា សំណើនេះនឹងធ្វើឡើងតាមសំណើយុទ្ធសាស្ត្រនៃ «គម្រោងចរចាសន្តិភាពទូលំទូលាយមួយ» ដែលលោកប្រធានាធិបតីនឹងលើកឡើងនៅក្នុង «ដំណើរការកិច្ចប្រជុំសន្តិភាពក្នុងទីក្រុងកាប៊ុល» ដែលមានតំណាងមកពីប្រទេសជាង២០ និងអង្គការអន្តរជាតិនានាមកចូលរួមក្នុងកិច្ចប្រជុំនេះ។ អ្នកនាំពាក្យ លោក Haroon Chakhansuri បានថ្លែងថា៖ «រដ្ឋាភិបាលអាហ្វហ្គានីស្ថាន មិនបានដាក់លក្ខខណ្ឌអ្វីជាមុនទេនៅក្នុងការចរចានេះ ហើយសង្ឃឹមថាពួកតាលីបង់នឹងទទួលយកសំណើនេះដើម្បីជួយធ្វើឲ្យមានស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
លោកបានថ្លែងបន្តថា រដ្ឋាភិបាលបានត្រៀមរួចរាល់ហើយក្នុងការចាត់វិធានការណ៍នានាដើម្បីលើកទឹកចិត្តដល់កិច្ចសន្ទនានេះ និងធានាពីសន្តិសុខដល់ក្រុមបេសកជនតាលីបង់ ប្រសិនបើពួកគេយល់ព្រមធ្វើដំណើរមកចូលរួមក្នុងកិច្ចចរចានៅក្នុងទីក្រុងកាប៊ុល។ ពួកតាលីបង់បានបដិសេធមិនចូលរួមចរចាជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយបានហៅមន្ត្រីអាហ្វហ្គានីស្ថានថាជា «អាយ៉ង់អាមេរិក»៕