ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ Iowa បើកការបោះឆ្នោតបឋម​ជ្រើសតាំងបេក្ខជនប្រធានាធិបតី


បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​ Ted Cruz និយាយ​នៅ​ក្នុង​ការប្រមូល​ផ្តុំ​មួយ​នៅ​យប់​ថ្ងៃ​ច័ន្ទ​ រដ្ឋ​ Iowa ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

រដ្ឋ​ Iowa ដែល​ជា​រដ្ឋ​កសិកម្ម​ក្នុង​ស.រ.អា.បាន​បើក​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ដែល​ជា​ភាសា​អង់គ្លេស​ហៅ​ថា​ caucuses ដើម្បី​ជ្រើសរើស​អ្នក​ត្រូវ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខនេះ។​

បេក្ខជន​ពីរ​នាក់​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​ការគាំទ្រ​ច្រើន​ជាង​គេ​គឺ​លោក Donald Trump មហាសេដ្ឋី​អចលនទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លា​រនិង​លោក​ Ted Cruz សមាជិក​ព្រឹទ្ធសភា​ស.រ.អា.អភិរក្ស​និយម​ប្រចាំ​រដ្ឋ​ Texas និង​បេក្ខជន​មួយ​ចំនួន​ទៀត​បាន​ទៅ​ជួប​ការប្រមូល​ផ្តុំ​ថែម​ទៀត​ នៅ​ពេល​ការ​បោះឆ្នោត​នេះ​ជិត​មក​ដល់។

ការបោះឆ្នោត​ caucuses មាន​កំណត់​ធ្វើ​នៅ​ក្នុង​សាលារៀន​ ស្ថានីយ៍​ពន្លត់​អគ្គីភ័យ​ និង​មជ្ឈមណ្ឌល​សហគមន៍​១៦៨១​នៅ​ទូទាំង​រដ្ឋ​នេះ។

គេរំពឹង​ថា​នឹង​មាន​ព្យុះ​ទឹកកក​មួយ​ក្នុង​រដ្ឋ​ Iowa នៅ​ក្រោយ​ការ​បោះឆ្នោតនេះ​ចប់។

លោក​ស្រី​ Hillary Clinton អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.និង​ជា​បេក្ខនារី​នាំ​មុខគេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ស.រ.អា.ប្រចាំ​រដ្ឋ Vermont កំពុង​ប្រជែង​គ្នា​យ៉ាង​ប្រកិតៗ​ ដើម្បី​ទទួល​ការ​តែងតាំង​ពី​គណបក្ស​អស់​លោកនៅ​ក្នុង​ការប្រកួត​ប្រជែង​ទី​មួយ​ក្នុង​បណ្តា​ការបោះ​ឆ្នោត​ក្នុង​រដ្ឋ​ជា​ច្រើន។​

លោកស្រី​ Clinton មាន​ការទុកចិត្ត​ថា​លោកស្រី​នឹង​ឈ្នះ​លោក​ Sanders ដែល​ពណ៌នា​ខ្លួន​លោក​ថា​ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​ឯករាជ្យ​ម្នាក់។​

លោកស្រី​ Clinton បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ទូទស្សន៍​អាមេរិកាំង​ CNN កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ «ខ្ញុំ​ដឹង​ថា​ត្រូវ​ធ្វើ​បែបណា​ដើម្បី​បំពេញ​ការងារ​នេះ​ ហើយ​ខ្ញុំ​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ។​ ខ្ញុំ​មាន​ការ​រំភើប​ចិត្ត​និង​ថាមភាព​ខ្លាំង។​ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​គ្រប់​គ្នា​ឱ្យ​ទៅ​បោះ​ឆ្នោតនៅ​យប់​នេះ​ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​អាមេរិកាំងតែ​មួយ​គត់នេះ។»

XS
SM
MD
LG