ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍៖ លោក Sebastian Strangio អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ក្នុង​ពិភពលោក


លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia» និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ជំនួយ​បរទេស​ទៅ​លើ​ការអភិវឌ្ឍ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ Brookings Institution ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ (រូបថតដោយ សឹង សុផាត)
លោក Sebastian Strangio ជាអ្នក​កាសែត និង​ជា​អ្នកនិពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «Hun Sen's Cambodia» និយាយ​អំពី​ផល​ប៉ះពាល់​នៃ​ជំនួយ​បរទេស​ទៅ​លើ​ការអភិវឌ្ឍ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ Brookings Institution ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ (រូបថតដោយ សឹង សុផាត)

«ខ្ញុំ​គិតថា នៅ​ទីបំផុត អ្វី​ដែល​នឹង​កំណត់​អនាគត​របស់​ប្រទេស​នានា ដូចជា​ប្រទេស​កម្ពុជា​គឺ​មិនមែន​ជា​ផ្លូវច្បាប់​នៅ​កម្រិត​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ប្រមូល​ផ្តុំ​មនុស្ស​តាមរយៈ​នយោបាយ។‍‍»

កំណត់​និពន្ធលោក Sebastian Strangio គឺ​ជា​អ្នក​កាសែត​ដែល​ផ្តោត​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍​និង​ជា​អ្នក​និពន្ធ​សៀវភៅ “Hun Sen’s Cambodia‍” ឬ​ជា​ភាសាខ្មែរ «កម្ពុជា​របស់​លោក ហ៊ុន សែន‍» ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ដោយសាកលវិទ្យាល័យ Yale កាល​ពី​ឆ្នាំ​២០១៤។ សៀវភៅ​នោះ​ពិនិត្យ​មើល​ស៊ីជម្រៅ​ទៅ​លើ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​ដួលរលំ​កាល​ពី​ឆ្នាំ​១៩៧៩​មក។ លោក Strangio បាន​ក្លាយ​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​នាំ​មុខ​គេ​ម្នាក់​ទៅ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​មីយ៉ាន់ម៉ា។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ទើប​តែ​សរសេរ​អត្ថបទ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា “Welcome to the Post-Human Rights World”។ លោក Strangio បាន​ផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​នឹង​នាង ហុង ចិន្តា នៃ VOA អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​នៅ​ក្នុង​តំបន់។

ទាញ​យក​ពី​តំណភ្ជាប់​ដើម


វីអូអេ៖ តើ​សារ​អ្វី​ដែល​លោក​កំពុង​ព្យាយាម​ផ្ញើ​តាមរយៈ​អត្ថបទ​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា “Welcome to the Post-Human Rights World” ឬ​ជា​ភាសាខ្មែរ «ស្វាគមន៍​មក​កាន់​ពិភពលោក​ក្រោយ​សិទ្ធិមនុស្ស‍»?

លោក Strangio៖ ខ្ញុំ​គិត​ថា ខ្ញុំ​កំពុង​តែ​ព្យាយាម​បង្ហាញ​ពី​គំនិត​ដែល​ថា តម្លៃ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិតេយ្យ​គឺ​មិនមែន​ជា​រឿង​ដែល​ចៀស​មិន​ផុត​នោះ​ទេ។ ខ្ញុំ​គិត​ថា បន្ទាប់​ពី​សង្គ្រាម​ត្រជាក់ គំនិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​កើតឡើង​ក្រោយ​ពី​បែកបាក់​សហភាពសូវៀត​និង​ប្លុក​ប្រទេស​កុម្មុយនិស្ត​ដែល​ប្រជាធិបតេយ្យ​សេរី ប្រជាធិបតេយ្យ​សេរី​នៅ​លោក​ខាង​លិច មូលធន​និយម​ទីផ្សារ​សេរី និង​សិទ្ធិមនុស្ស អាច​នឹង​កើត​មាន​ឡើង​នៅ​ទូទាំង​ពិភពលោក ហើយ​ទស្សនៈ​ទាំង​នេះ​អាច​កើត​មាន​ដោយ​ឯកឯង ហើយ​ក៏​ជា​តំណាង​នៃ​ការ​បញ្ចប់​ដំណើរ​វិវត្តន៍​របស់​មនុស្សជាតិ​ដែរ។ ខ្ញុំ​គិត​ថា មាន​ការ​ពេញ​ចិត្ត​ច្រើន​ទៅ​លើ​ទស្សនៈ​នេះ​ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គ្រោះថ្នាក់​ដែល​នៅ​ពី​ក្រោយ​នោះ​ទេ។ មនុស្ស​ជាច្រើន​ទំនង​ជា​សន្មត​ថា ទស្សនៈ​នេះ​គឺ​សំខាន់​ដោយ​មិន​អាច​ចៀស​ផុត​នោះ​ទេ ហើយ​ចំណុច​បញ្ចប់​នៃ​ដំណើរការ​វិវត្តន៍​របស់​មនុស្ស​អាច​នឹង​សំខាន់ មិន​ថា​នរណា​ម្នាក់​ជ្រើសរើស​នឹង​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ។ ខ្ញុំ​គិត​ថា ក្នុង​អំឡុង​ពេល​២០​ឆ្នាំ​នេះ ក្រោយ​ពី​ការ​បញ្ចប់​សង្គ្រាម​ត្រជាក់ ការ​កើនឡើង​មេដឹកនាំ​មហា​អំណាច​ថ្មីមិន​បញ្ចប់​នោះ​ទេ។ អ្នក​ទាំង​នោះ​អះអាង​ជា​ដាច់ខាត​ក្នុង​ការ​ប្រឆាំង​នឹង​បទបញ្ញត្តិ​អន្តរជាតិ​និង​អះអាង​ឡើង​វិញ​នូវ​សិទ្ធិ​ទៅ​លើ​ការ​គ្រប់គ្រង​រដ្ឋ​អធិបតេយ្យ​និង​ព្យាយាម​យក​ទស្សនៈ​អធិបតេយ្យ​ជាតិ​ទៅ​ផ្តោត​លើ​ទំនាក់ទំនង​អន្តរជាតិ។ ​

វីអូអេ៖ នៅ​ពេល​ដែល​លោក​និយាយ​អំពី«​ពិភពលោក​ក្រោយ​សិទ្ធិមនុស្ស‍» តើ​លោក​មាន​ន័យ​ថា បញ្ហា​សិទ្ធិមនុស្ស​កំពុង​តែ​ប្រសើរ​ជាង​មុន​ឬ​កាន់​តែ​អាក្រក់​ជាង​មុន?

លោក Strangio៖ ខ្ញុំ​គិត​ថា ស្ថានភាព​សិទ្ធិមនុស្ស​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ប៉ុន្តែ​កំពុង​តែ​វិវឌ្ឍ​ទៅ​ក្នុង​ពិភពលោក​មួយ​ដែល​កាន់​តែ​មិន​ប្រាកដ​ប្រជា។ ខ្ញុំ​គិត​ថា គំនិត​ដែល​ថា​ដំណើរការ​វិវត្តន៍​ទៅ​មុខ​ដែល​ជា​លក្ខណៈ​ចៀសមិន​ផុត​នៃ​ការ​វិវត្តន៍​របស់​មនុស្ស បាន​ដល់​ទីបញ្ចប់​ហើយ។ ដូច្នេះ​ក្នុងលក្ខណៈ​មួយ យើង​កំពុង​តែ​វិវត្ត​ទៅ​មុខ ប៉ុន្តែ​យើង​ក៏​ដើរ​ថយក្រោយ​ដែរ។

វីអូអេ៖ នៅ​ក្នុង​អត្ថបទ​របស់​លោក លោក​ក៏​បាន​លើកឡើង​ថា «ត្រូវ​ការ​វិធីសាស្រ្ត​ដែល​ផ្អែក​លើ​ហេតុផល​និង​ភាព​បត់បែន‍» ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​ប្រសើរ​ឡើង។ តើ​លោក​អាច​ពន្យល់​ឲ្យ​ច្បាស់​អំពី​វិធីសាស្រ្ត​នេះ​បាន​ទេ?

លោក Strangio៖ ខ្ញុំ​គិត​ថា គំនិត​សំខាន់​របស់​ខ្ញុំ​នៅ​ទីនេះ គឺ​បន្ថយ​ការ​ផ្តោត​សំខាន់​ទៅ​លើ​ច្បាប់​អន្តរជាតិ។ ខ្ញុំ​គិត​ថា ចំពោះ​ករណី​ដូច​ប្រទេស​កម្ពុជា ថា​តើ​កម្ពុជា​នឹង​ដើរ​ទៅ​រក​ទិសដៅ​ប្រជាធិបតេយ្យ​ឬ​ទិសដៅ​ផ្តាច់ការ អាស្រ័យ​ទៅ​លើ​ប្រជាជន​ខ្លួនឯង​និង​ឆន្ទៈ​របស់​ពួកគេ ក្នុង​ការ​ចូលរួម​នៅ​ក្នុង​សកម្មភាព​នយោបាយ។ ខ្ញុំ​គិត​ថា នៅ​ទីបំផុត នោះ​គឺ​ជា​ការ​ប្រើប្រាស់​សិទ្ធិមនុស្ស ដែល​កើតចេញ​ពី​អំណាច​កាល​ពី​ទសវត្សរ៍​១៩៧០ ពី​អ្នក​រិះគន់​ការ​កាន់​អំណាច​និង​នយោបាយ។

ក្នុង​ករណី​មួយ អំណាច​ស្ថិត​នៅ​ពី​លើ​នយោបាយ ហើយ​វា​ផ្តល់​ភាសា​បន្ថែម​ទៀត​សម្រាប់​រិះគន់​នយោបាយ។ ខ្ញុំ​គិត​ថា សិទ្ធិមនុស្ស​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ពេល​ដែល​វា​មាន​លក្ខណៈ​នយោបាយ និង​នៅ​ពេល​ដែល​វា​ពាក់ព័ន្ធ​នឹង​នយោបាយ។ ខ្ញុំ​គិតថា នៅ​ទីបំផុត អ្វី​ដែល​នឹង​កំណត់​អនាគត​របស់​ប្រទេស​នានា ដូចជា​ប្រទេស​កម្ពុជា​គឺ​មិនមែន​ជា​ផ្លូវច្បាប់​នៅ​កម្រិត​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ប្រមូល​ផ្តុំ​មនុស្ស​តាមរយៈ​នយោបាយ។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​សិទ្ធិមនុស្ស​កើត​មាន​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​គិត​ថា ប្រជាជន​ត្រូវ​ក្រោកឡើង​និង​ទាមទារ​សិទ្ធិ​របស់​ខ្លួន។

រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ សមាជិក​សភា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​កាល​ពី​ថ្ងៃ​ពុធ​នោះ ដើម្បី​ស៊ើប​សួរ​អំពី​ចលនា​ដឹកនាំ​អ្នកគាំ​ទ្រ​គណបក្ស​របស់ខ្លួន​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​អង្គារ​មុន​នោះ​នៅ​មុខ​សួន​ប្រជាធិបតេយ្យ ដោយ​ស្នើ​ឲ្យ​អជ្ញាធរ​បើកសួន​នេះ​ជា​សាធារណៈ​ឡើង​វិញ។ (រូបថត៖ AP/ហេង ស៊ីនិត)
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ សមាជិក​សភា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​កាល​ពី​ថ្ងៃ​ពុធ​នោះ ដើម្បី​ស៊ើប​សួរ​អំពី​ចលនា​ដឹកនាំ​អ្នកគាំ​ទ្រ​គណបក្ស​របស់ខ្លួន​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​អង្គារ​មុន​នោះ​នៅ​មុខ​សួន​ប្រជាធិបតេយ្យ ដោយ​ស្នើ​ឲ្យ​អជ្ញាធរ​បើកសួន​នេះ​ជា​សាធារណៈ​ឡើង​វិញ។ (រូបថត៖ AP/ហេង ស៊ីនិត)

វីអូអេ៖ តើ​អ្វី​ទៅ​ដែល​អាច​ជា​ផលប៉ះពាល់​រយៈពេល​យូរ នៅពេល​ដែល​រដ្ឋាភិបាល​ផ្តាច់ការងាក​ចេញ​ពី​បស្ចឹមប្រទេស?

លោក Strangio៖ កម្ពុជា​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ចំពោះ​អំពី​ថា​តើ​រឿង​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​នេះ។ មាន​ការ​កើនឡើង​ឥទ្ធិពល​របស់​ចិន។ ចិន​មិន​ខ្វល់​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ អ្វី​ដែល​ចិន​ខ្វល់ខ្វាយ​គឺ​ស្ថិរភាព​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយ​អ្វី​ដែល​ចិន​យក​ចិត្ត​ទុក​ដាក់​ជាង​គេ​បំផុត​នឹង​កម្ពុជា គឺ​ការ​គាំទ្រ​របស់​កម្ពុជា​នៅ​ក្នុង​ការទាមទារ​ភូមិសាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់ ជាពិសេស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​តែ​ម្តង។ ដូច្នេះ​ស្ថានភាព​គឺ​ថា ការគាំទ្រ​ហិរញ្ញវត្ថុ​ក្នុង​បរិមាណ​ដ៏​ច្រើន​ពី​ចិន បាន​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន រុញច្រាន​កាន់​តែ​ឆ្ងាយ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កាន់​តែ​ច្រានចោល​នូវ​បទបញ្ញត្តិ​សិទ្ធិមនុស្ស ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា។

លោក ហ៊ុន សែន តែងតែ​ជឿ​លើ​រឿង​នេះ ហើយ​ការគាំទ្រ​របស់​ចិន​ផ្តល់​ដល់​លោក​នូវ​លទ្ធភាព​ក្នុង​ការ​ផ្គើន​ដោយ​បើក​ចំហរ​ទៅ​នឹង​ការ​ទាមទារ​របស់​បស្ចឹមប្រទេស ទៅ​លើ​អភិបាលកិច្ច​ល្អ​និង​សិទ្ធិមនុស្ស នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​លោក​មិន​ធ្លាប់​ធ្វើ​បាន​ពី​មុន​នោះ​ទេ។ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ថា​ឥទ្ធិពល​នេះ​អាច​ជា​អ្វី។

វីអូអេ៖ រដ្ឋបាល​របស់​លោក ត្រាំ បាន​ផ្តល់​សញ្ញា​ថា នឹង​កាត់​បន្ថយ​ថវិកា​ផ្នែក​ជំនួយ​បរទេស។ តើ​អ្វី​ដែល​កម្ពុជា​អាច​ធ្វើ​បាន​ក្រៅ​ពី​ងាក​ទៅ​រក​ចិន ប្រសិន​បើ​មាន​ការ​កាត់​បន្ថយ​ជំនួយ​មែន​នោះ?

លោក Strangio៖ ខ្ញុំ​គិត​ថា កម្ពុជា​វៃឆ្លាត​ណាស់​ក្នុង​ការ​ទទួល​យក​ប្រាក់​ពី​នរណា​ដែល​ផ្តល់​ឲ្យ។ កម្ពុជា​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ​វិនិយោគ​និង​ជំនួយ​ពី​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​នេះ។ ជប៉ុន​គឺ​ជា​ម្ចាស់ជំនួយ​រយៈពេល​យូរ​មួយ​របស់​កម្ពុជា ប៉ុន្តែ​ជប៉ុន​មិន​ដែល​កាត់​ផ្តាច់​ជំនួយ​ដោយសារ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ។ ជប៉ុន​យក​ចិត្ត​ទុក​ដាក់​តែ​លើ​រដ្ឋាភិបាល​ស្អាតស្អំ និង​រដ្ឋបាល​ដែល​មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ។ ដូច្នេះ​ជប៉ុន​ព្យាយាម​រក​វិធី​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​នេះ ដែល​ជះ​ទឹកប្រាក់​ទៅ​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍។

ខ្ញុំ​គិត​ថា ការ​ដែល​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បណ្តា​ប្រទេស​មហា​អំណាច​ក្រៅ​ពី​ចិន ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ពួកគេ​ផង​ដែរ។ ខ្ញុំ​គិត​ថា ពួកគេ​នឹង​បន្ត​ធ្វើ​ដូច្នេះ។ ខ្ញុំ​គិត​ថា ប្រសិន​បើ​អាមេរិក​ងាក​ទៅ​រក​លោក ហ៊ុន សែន និង​អញ្ជើញ​លោក​ទៅ​កាន់​សេតវិមាន​និង​សម្តែង​ឆន្ទៈ​ក្នុង​ការ​រឹតចំណង​ជិតស្និទ្ធ​ជាមួយ​នឹង​កម្ពុជា ខ្ញុំ​គិត​ថា កម្ពុជា​នឹង​ចាប់​អារម្មណ៍​លើ​ការ​ធ្វើ​ដូច្នេះ។

រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ ​REUTERS/Samrang Pring
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ ​REUTERS/Samrang Pring

វីអូអេ៖ តើ​លោក​គិត​ថា សេរីភាព​បញ្ចេញ​មតិ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នឹង​វិវត្ត​ទៅ​ជា​យ៉ាង​ណា? ហើយ​តើ​លោក​គិត​ថា យុវជន​ខ្មែរ​កំពុង​តែ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ទៅ​លើ​នយោបាយ​ដែរ​ឬ​ទេ?​

លោក Strangio៖ វា​ច្បាស់​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​ប្រជាពលរដ្ឋ​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​វិធី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស ហើយ​ប្រជាជន​កម្ពុជា​មាន​បំណង​ចង់​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ជាពិសេស​ក្នុង​ចំណោម​យុវជន​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​សង្គ្រាម​ស៊ីវិល​ឬ​អស្ថិរភាព​ខ្លាំង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ខ្ញុំ​គិត​ថា ទោះ​បី​ជា​មាន​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ការ​ថយ​ឥទ្ធិពល​របស់​បស្ចឹមប្រទេស​ក៏​ដោយ ក៏​យើង​កំពុង​តែ​មើល​ឃើញ​ថា ប្រជាជន​កម្ពុជា​បន្ត​ជំរុញ​ឆន្ទៈ​របស់​ពួកគេ​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ។ ប្រសិន​បើ​រដ្ឋាភិបាល​មិន​អាច​បំពេញ​ទៅ​តាម​តម្រូវការ​ដែល​ចង់​ឲ្យ​មាន​ការផ្លាស់ប្តូរ​បាន​ទេ លទ្ធភាព​នៃ​ភាពចម្រូងចម្រាស​នៅ​ក្នុង​សង្គម​អាច​នឹង​ធ្ងន់ធ្ងរ។ ​

ការកើនឡើង​ការ​ប្រើប្រាស់​ហ្វេសប៊ុក បាន​ផ្តល់​លទ្ធភាព​ដល់​ប្រជាជន​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​និង​ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ​អំពី​រដ្ឋាភិបាល ​ក្នុង​លក្ខណៈ​មួយ​ដែល​ពួកគេ​មិន​អាច​ធ្វើ​បាន​កាល​ពី​៥​ឬ​១០​ឆ្នាំ​មុន។ ប៉ុន្តែ​ចំណុច​ដែល​ខ្ញុំ​ចង់​គូសបញ្ជាក់​គឺ​ថា ព័ត៌មាន​ដែល​ចែករំលែក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​នៅ​លើ​អ៊ីនធឺណិត គឺ​ឆ្លុះ​បញ្ចាំង​អំពី​និន្នាការ​នយោបាយ​ចាស់ៗ។ អ៊ីនធឺណិត​មិន​បាន​ជួយ​ដល់​ការ​ពិភាក្សា​អំពី​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​តែ​ប៉ុណ្ណោះ។ ដូច្នេះ​យើង​មើល​ឃើញ​ថា ​ការ​យល់​ដឹង​អំពី​នយោបាយ​របស់​ប្រជាជន​មាន​ការកើនឡើង​ជាង​មុន។ ក៏​ប៉ុន្តែ​ការ​ពិភាក្សា​ទៅ​លើ​នយោបាយ​គឺ​នៅ​ដដែល ដូច្នេះ​ខ្ញុំ​គិត​ថា ការ​ពិភាក្សា​ជាច្រើន​អំពី​នយោបាយ​គឺ​នៅ​ដូច​ដើម។

នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​រឿង​ជាច្រើន​ដែល​នៅ​តែ​បន្ត ជាជាង​ផ្លាស់ប្ដូរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ដំណើរ​វិវត្តន៍​មួយ​ដ៏​សំខាន់​ដែល​ត្រូវ​តែ​គូស​បញ្ជាក់​គឺ​ការ​ប្រើប្រាស់​អ៊ីនធឺណិត ដែល​ធ្វើ​ឲ្យ​ប្រជាជន​អាច​ទទួល​បាន​ព័ត៌មាន​អំពី​ពិភពលោក​ខាង​ក្រៅ ហើយ​ត្រូវ​ផ្តោត​ឡើងវិញ​ទៅ​លើ​កម្រិត​យល់​ដឹង​របស់​ប្រជាជន​កម្ពុជា និង​ត្រូវ​ឲ្យ​ប្រជាជន​យល់​ដឹង​ថា​តើ​កម្ពុជា​ដើរ​ក្រោយ​បណ្តា​ប្រទេស​ជិត​ខាង ដូចជា​ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ​ប៉ុណ្ណា។

វីអូអេ៖ តើ​លោក​គិត​ថា ការ​ទទួល​បាន​ព័ត៌មាន​កាន់​តែច្រើន​នេះ​នឹង​ជះឥទ្ធិលពល​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​មក​ដល់​ដែរ​ឬ​ទេ?​

លោក Strangio៖ ប្រសិន​បើ​ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌ ខ្ញុំ​គិតថា ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាជន​ច្បាស់​ជា​ជួយ​ដល់​គណបក្ស​ប្រឆាំង។ សំណួរ​គឺ​នៅ​ត្រង់​ថា តើ​ការ​បោះឆ្នោត​នេះ​នឹង​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ដែរ​ឬ​ទេ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ញើ​ជា​សារ​មួយ​ថា ពួកគេ​មិន​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​នោះ​ទេ។ ជាទូទៅ និយមន័យ​នៃ​ពាក្យ​ថា​សេរី​និង​យុត្តិធម៌​របស់​ពួកគេ គឺ​ខុស​ពី​បទដ្ឋាន​អន្តរជាតិ​ដែល​គេ​ទទួល​ស្គាល់។

ដូច្នេះ​ស្ថានភាព​ដែល​កើតឡើង គឺ​ពួកគេ​បង្ក្រាប​គណបក្ស​ប្រឆាំង ចាប់​មនុស្ស​ដាក់​ពន្ធនាគារ គំរាម​គណបក្ស​ប្រឆាំង​ទៅ​លើ​ពាក្យស្លោក​ដែល​គេ​ជ្រើសរើស​ប្រើប្រាស់​នៅ​ក្នុង​ការ​បោះឆ្នោត និង​និយាយ​ថា​ការបោះឆ្នោត​ជ្រើសរើស​អនុប្រធាន​គណបក្ស​ប្រឆាំង​គឺ​ខុសច្បាប់ ហើយ​រដ្ឋាភិបាល​នឹង​មិន​ទទួល​ស្គាល់​ពួកគេ​នោះ​ទេ។ ពួកគេ​បង្កើត​លេស​គ្រប់យ៉ាង​ដើម្បី​ដាក់​កំហិត​ទៅ​លើ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង និង​ដើម្បី​ធានា​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ជ័យ​ជម្នះ។ ​

ខ្ញុំ​គិត​ថា គ្រប់​គណបក្ស​ទាំងអស់​គឺ​ស្មើភាព​គ្នា។ ការ​កើនឡើង​បណ្តាញ​សង្គម​នឹង​ជួយ​ដល់​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ផ្សព្វផ្សាយ​អំពី​សារ​របស់​ខ្លួន និង​ដើម្បី​ទាក់ទង​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​បោះឆ្នោត។ ប៉ុន្តែ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ន​នេះ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទំនង​ជា​ប្តេជ្ញា​ថា​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ធានា​ថា ខ្លួន​នឹង​ទទួល​ជ័យជម្នះ នោះ​អត្ថប្រយោជន៍​នៃ​បណ្តាញ​សង្គម​នេះ​សម្រាប់​គណបក្ស​ប្រឆាំង​ហាក់​ដូចជា​គ្មាន​ប្រយោជន៍​នោះ​ទេ។ ចំណុច​សំខាន់​គឺ​ថា​វា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​និយាយ​ថា​តើ​លទ្ធផល​ពិតប្រាកដ​នៃ​ការ​បោះឆ្នោត​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា៕​

កំណត់ចំណាំ៖ បទសម្ភាសន៍​នេះ​ត្រូវ​បាន​កែសម្រួល​ដើម្បី​ខ្លឹមសារច្បាស់លាស់​និង​ខ្លី។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG