ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​​ចង់​បាន​ការ​អភិវឌ្ឍ​ភូមិ-ឃុំ ​និង​ការ​ផ្តល់​សេវា​សាធារណៈ​ប្រសើរ​ជាង​មុន​ ក្រោយ​ការ​បោះឆ្នោត​​ឃុំ-សង្កាត់


រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។
រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។

ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាអាទិ៍​សាលារៀន​ ផ្លូវថ្នល់​ មន្ទីរពេទ្យ​ និង​ការ​ផ្ដល់​សេវា​សាធារណៈ​ល្អ ​ដល់​ពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​ គឺជា​តម្រូវការ​សំខាន់ៗ​ ដែល​ពលរដ្ឋ​កម្ពុជា​ជាច្រើន​រំពឹង​ចង់​បាន​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​ទី៤​ ខែ​មិថុនា​នេះ។​ ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​ VOA ​បាន​ជួប​សម្ភាស​ និយាយ​ថា​ ពួកគេ​បាន​ត្រៀមខ្លួន ​និង​ឯកសារ​រួចរាល់​ហើយ​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ​នេះ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា​ នឹង​ឈាន​ចូល​មក​ដល់​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ។​ ​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​លាន​នាក់​ទូទាំង​ប្រទេស​ ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ការ​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន​ដែល​ពួកគេ​ស្នាក់​នៅ​ ឬ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេ​ដើម្បី​បោះឆ្នោត។

​ពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​មួយ​ចំនួន​ដែល​ ​VOA​ ​បាន​ជួប​សម្ភាស​នា​ព្រហស្បតិ៍​នេះ​ ​បង្ហាញ​ភាព​ជឿជាក់​ថា​ ពួក​គេ​បាន​ត្រៀម​ខ្លួន​និង​ឯកសារ​ពាក់ព័ន្ធ​រួច​ជា​ស្រេច​សម្រាប់​ការ​បោះឆ្នោត​ដែល​នឹង​មក​ដល់​នៅ​ត្រឹម​តែ​៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

​លោក​ ​ហ៊ឹម សោភ័ណ្ឌ​ ​វ័យ​៤០​ឆ្នាំ ​ជា​ជាង​សំណង់​មួយ​រូប​បម្រើការ​ក្នុង​រាជធានី​ភ្នំពេញ។​ លោក​ត្រៀម​រួច​ជា​ស្រេច​នូវ​អត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពង់ធំ​ ​បន្ទាប់​ពី​ទទួល​បាន​ច្បាប់​សម្រាក​ការងារ​រយៈ​ពេល​៣ថ្ងៃ។

​ជាង​សំណង់​រូប​នេះ​ ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ផ្ដល់​សេវា​សាធារណៈ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ ឃុំ​ សង្កាត់​ថ្មី​នេះ។

លោក ​បញ្ជាក់​ថា​ ក្នុង​អាណត្តិ​កន្លង​មក​ ​បើ​ទោះ​ជា​មាន​ការ​កែប្រែ​ជា​វិជ្ជមាន​ខ្លះ​ហើយ​ក្ដី​ ក៏​ប៉ុន្តែ​ការ​ទារ​កម្រៃ​សេវា​ក្រៅ​ផ្លូវការ​ពី​មន្ត្រី​ថ្នាក់​មូលដ្ឋាន​នៅ​តែ​មាន។

«នៅ​សហគមន៍ ​ខ្ញុំ​ចង់បាន​ ទី១​ ​ចង់​ឲ្យ​គាត់​បម្រើ​ប្រជាពលរដ្ឋ​ ​នៅ​ពេល​ពលរដ្ឋ​ត្រូវ​ការ​អី​ ទៅ​ពឹង​ពាក់​គាត់ ​ស្នើ​សំបុត្រ​ស្នាម​ ធ្វើ​នេះ​ធ្វើ​នោះ ​គាត់​ធ្វើតាម​ដែល​មាន​ចែង​ក្នុង​ច្បាប់​ ​ព្រោះ​មិន​ចង់​ឲ្យ​គាត់​យក​លុយកាក់​ពី​ប្រជា​ពលរដ្ឋ»។

​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​ចំនួន​១២​ ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​រយៈពេល​២​សប្ដាហ៍​នៅ​ទូទាំង​ប្រទេស។​ ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ​នឹង​បញ្ចប់​ថ្ងៃ​សុក្រ​ មុន​ពេល​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ ​ទី៤​ខាង​មុខ។

រូបឯកសារ៖ អគារ​ខ្ពស់ៗ​កំពុង​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ អគារ​ខ្ពស់ៗ​កំពុង​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

លោក​ ​ហ៊ិន ចាន់​ វ័យ​៤២​ គឺជា​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ ក្នុង​រាជធានី​ភ្នំពេញ។ ​លោក​ និង​ភរិយា​ ​ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ នឹង​បោះឆ្នោត​នៅ​មូលដ្ឋាន​ដែល​ពួកគេ​ស្នាក់នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ។

លោក​ថា​ ការ​បោះឆ្នោត​ គឺជា​ការ​បំពេញ​កាតព្វកិច្ច​ និង​អនុវត្ត​សិទ្ធិ​ពេញលេញ​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ថា ​រូប​លោក​ផ្ទាល់​ចង់​ឃើញ ​សហគមន៍​ដែល​លោក​រស់នៅ​ មាន​សេវា​សាធារណៈ​ និង​សេវា​សុខាភិបាល​ ដែល​មិន​គិត​ថ្លៃ។​

«កាល​មុន​ធ្លាប់​ស្នើ​សុំ​លិខិត​ស្នាម​ ដូច​ថា​យើង​រវល់​អីចឹង​ ទាល់​តែ​យើង​បង់​លុយ​ឲ្យ​គេ​ ទើប​បាន។ ខ្ញុំ​ធ្លាប់​ធ្វើ​លិខិត​បញ្ជាក់​ទីលំនៅ​អីចឹង។ អីចឹង​ទៅ​មេឃុំ​ថ្មី​ ចង់​សំណូមពរ​កុំ​ឲ្យ​គេ​យក​លុយ​កន្លែង​ធ្វើ​លិខិត។ ចង់​បាន​អត្តចរិត​ឲ្យ​ស្លូតបូត​បន្តិច​ ឲ្យ​ចេះ​មើល​ការ​ខុស​ត្រូវ​ប្រជាពលរដ្ឋ​ យើង​សំណូមពរ​អី​ឲ្យ​ធ្វើតាម ចង់​ធ្វើ​ផ្លូវ​ អត់​ធ្វើ​តាម​ផង​ កាល​មុន​អីចឹង។ មេឃុំ​ថ្មី​ចង់​ឲ្យ​ ពេល​ពលរដ្ឋ​ឈឺ​អី​ ទៅពេទ្យ​កុំ​ឲ្យ​យក​លុយ។ កាល​មុន​ខ្ញុំ​ទៅ​ពេទ្យ​រដ្ឋ​ ប្រាប់​គេ​ថា ​យើង​អត់​លុយ​អី​ គេ​អត់​មើល​យើង​ទេ​ ដល់​តែ​មាន​លុយ​បាន​គេ​មើល។​ ​អា​ហ្នឹង​ពេទ្យ​រដ្ឋ​ផង​ មិនមែន​ឯកជន​ទេ»។

លោកស្រី ណៃ សុផេង​ វ័យ​៤៣ឆ្នាំ​ ដែល​ជា​កសិករ​ រស់នៅ​ក្នុង​ភូមិ​កែវឡាត​ ឃុំ​ពន្លៃ​ ស្រុក​បរិបូរណ៍​ ​ខេត្ត​កំពង់​ឆ្នាំង​ ​ចង់ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ភូមិ​ឃុំ​ដែល​លោកស្រី​រស់នៅ។

«ចង់​បាន​គេ​ធ្វើ​ផ្លូវ​ឲ្យ​ល្អ។ ចង់​ឲ្យ​រដ្ឋ​អំណាច​គេ​ជួយ​ ឲ្យ​កូន​ខ្ញុំ​បាន​រៀន​ ឲ្យ​មាន​លទ្ធភាព​ធ្វើការ​ហ្នឹង​គេ​ថ្ងៃក្រោយ។ ខ្ញុំ​ស្រលាញ់​ការ​សិក្សា​ តែ​ខ្ញុំ​ខ្វះ​លទ្ធភាព។ ចង់​ឲ្យ​ខាង​ឃុំ​ជួយ​ឲ្យ​ស្រូវ​អង្ករ​ ពេល​ធ្វើ​ហើយ​ ឲ្យ​បាន​ថ្លៃ​ផង​ កុំ​ឲ្យ​ពេល​គេ​ច្រូត​ហើយ​ បន្ថោក​តម្លៃ​គ្នា»។

​លោកស្រី​ យាន កាន​ អាយុ​៥៧ឆ្នាំ​ ដែល​ជា​កសិករ​មួយ​រូប​ទៀត​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​ រំពឹង​ចង់​រស់នៅ​ក្នុង​សហគមន៍​ដែល​មិន​មាន​អំពើ​ពុករលួយ​ និង​គ្មាន​បក្ស​ពួក​និយម។

«ចង់ឲ្យ​មេឃុំ​មើល​កូនចៅ​ ដូច​ខ្វះ​ទឹក​អណ្ដូង​ សាលារៀន​ ផ្លូវ​អីចឹង​ទៅ។ ចង់​ឲ្យ​ដូច​ថា​បឹង​អីចឹង​ តម្រូវ​ទុក​ឲ្យ​គោ​ក្របី​ផឹក​ទឹក​អីចឹង​ ដូច​រាល់ថ្ងៃ​នេះ​អត់មាន​ទេ​ គេ​ដាំ​ឈូក​អី​អស់​ហើយ។ ខ្ញុំ​ជ្រើសរើស​ឲ្យ​មេឃុំ​ហ្នឹង​មើល​កូនចៅ​ ដូច​ថា​ពេល​មាន​អំណោយ​អី​ គេ​មិន​មាន​ប្រាប់​ដូច​ពួក​ខ្ញុំ​អី​ទេ។ គេ​ប្រាប់​តែ​គ្នា​គេ​អី​អញ្ចឹង​ទៅ»។

លោក ​អ៊ុយ រ៉ាឆឹង​ អាយុ​៥១ឆ្នាំ​ ដែល​ជា​កសិករ​ចិញ្ចឹម​ជ្រូក​ ​រស់នៅ​ក្នុង​ភូមិ​សន្លង់​ ឃុំ​ត្រពាំង​ចាន់ ​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់ឆ្នាំង​ ចង់ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ថ្មី ​ផ្ដោត​សំខាន់​លើ​ការអប់រំ​ ការ​កសាង​សាលារៀន​នៅ​តាម​មូលដ្ឋាន​ និង​កាត់​បន្ថយ​ក្មេង​ទំនើង​នៅ​តាម​សាលារៀន។

​«អីចឹង ​បើ​អ្នក​ជាប់ឆ្នោត​ហើយ​ គាត់​ត្រូវតែ​ជួយ​មើល​ពួកគាត់​ ជួយ​ផ្ដល់​សេវា​ឲ្យ​គាត់​ ​ដើម្បី​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត។​ ​ហ្នឹង​គាត់​ហៅ​ថា​ អាជ្ញាធរ​គំរូ​របស់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ។​ ​និយាយ​រួម​ទៅ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូច​ជា​ផ្លូវថ្នល់​ ប្រឡាយ​ទឹក​ ដើម្បី​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្វះ​ប្រភព​ទឹក»។

ក្នុង​ថ្ងៃ​ឃោសនា​ចុង​បញ្ចប់​ នា​ថ្ងៃ​សុក្រ​ស្អែក​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ដែល​កាន់​អំណាច​អស់​រយៈពេល​៣២ឆ្នាំ​ ​នឹង​ដឹក​នាំ​ក្បួន​យុទ្ធនាការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ គណបក្ស​កាន់​អំណាច​នេះ ​អះអាង​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​១៥ម៉ឺន​នាក់។

រីឯ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា ​គឺ​គណបក្ស​សង្គ្រោះ​ជាតិដឹកនាំ​ដោយ​លោក​ ​កឹម សុខា ​ជា​ប្រធាន​គណបក្ស​ ​គ្រោង​នឹង​ដឹកនាំ​មហាជន​ជា​អ្នក​គាំទ្រ​ដង្ហែ​ក្បួន​ឃោសនា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ ឆ្លងកាត់​ដង​វិថី​នានា​ នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​ដោយ​រំពឹង​ថា​មាន​អ្នក​ចូលរួម​ប្រមាណ​១០ម៉ឺន​នាក់។

ពលរដ្ឋ​កម្ពុជា​ចំនួន​ជិត​៨​លាន​នាក់​ បាន​ចុះឈ្មោះ​បោះឆ្នោត។ ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន១១.៥៧២​នាក់​សម្រាប់​ឃុំ​សង្កាត់​ចំនួន​១.៦៤៦ ទូទាំង​ប្រទេស នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មិថុនា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕

(រាយការណ៍​បន្ថែម​ដោយ​ លោក ស៊ុន ណារិន)

XS
SM
MD
LG