ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ទស្សនៈ​បក្ស​កាន់​អំណាច​សម្លឹង​ឆ្ពោះ​ទៅ​ការបោះឆ្នោត​ជាតិ


លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីសាធារណៈមួយកាលពីឆ្នាំ២០១៥។ (ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP)
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីសាធារណៈមួយកាលពីឆ្នាំ២០១៥។ (ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP)

លោក សួស យ៉ារ៉ា តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ព្រះ​វិហារ មកពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស និយាយ​អំពី​ទស្សនវិជ្ជា​នយោបាយ និង​គោល​ជំហរ​ជាយុទ្ធសាស្ត្រ របស់​គណ​បក្ស​ចំពោះ​ការ​ដឹក​នាំ​​ប្រទេស និង​របប​នយោបាយ​ទៅ​ថ្ងៃ​អនាគត។

កំណត់​និពន្ធ៖ បើ​ទោះ​បីជា​មាន​គណ​បក្ស​១៩​ដទៃ​ទៀត​ចូល​រួម​ប្រជែង​ក្ដី ជា​មួយ​នឹង​អវត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះជាតិ​ ដែល​ជាគូ​ប្រជែង​ដ៏​ស្វិតស្វាញនា​ពេល​កន្លង​មក គណ​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេជឿ​ជាក់​ថា​ នឹង​មាន​លទ្ធភាព​ខ្ពស់ ក្នុង​ការយក​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ​នេះ។ លោក អូន ឆេងប៉រ នៃ​VOA បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​នឹង​លោក សួស យ៉ារ៉ា តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ព្រះ​វិហារ មកពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស និយាយ​អំពី​ទស្សនវិជ្ជា​នយោបាយ និង​គោល​ជំហរ​ជាយុទ្ធសាស្ត្រ របស់​គណ​បក្ស​ចំពោះ​ការ​ដឹក​នាំប្រទេស និង​របប​នយោបាយ​ទៅ​ថ្ងៃ​អនាគត។

ទាញ​យក​ពី​តំណភ្ជាប់​ដើម


VOA៖ ក្នុង​នាមជាគណ​បក្ស​គ្រប់​គ្រង​ប្រទេស​៣៩ឆ្នាំ​កន្លង​មក​នេះ អ្វី​ទៅ​ជាស្នា​ដៃ​ដែល​នាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​មោទនភាព​ជាង​គេ?

សួស យ៉ារ៉ា៖ គឺ​ថា​មុខ​ស្នា​ដៃ​ធំ​ជាង​គេ របស់​គណ​បក្ស​ប្រជាជន​ណា គឺ​សន្តិភាព និង​ស្ថិរភាព ជូន​ប្រជាជន​ពេញ​ផ្ទៃ​ប្រទេស នេះ​គឺជា​មោទនភាព​ធំ​ជាង​គេទី​មួយ។ ហើយ​ទី​ពីរ​គឺ​កំណើន​សេដ្ឋកិច្ច ហើយ​និង​ការបង្កើត​ការ​ងារ​ថ្មី​ជូន​ដល់​ប្រជាជន​កម្ពុជា។ នេះ​ជា​ចំណុច​ធំទាំង​ពីរដែល​យើង​គិត​ឃើញ​ថាជាសមិទ្ធផល​ដែល​ធំ​ធេង។ ហើយ​ទីបី​គឺការ​រស់​នៅ​ជា​មួយ​ប្រជាជន​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ​ទាំង​អស់។

VOA៖ សម្រាប់​ខ្លួន​លោក​ផ្ទាល់ ​និង​សម្រាប់​គណ​បក្ស​ប្រជាជន​កម្ពុជា អ្វី​ទៅ​ដែល​នាំ​ឱ្យ​ការ​បោះ​ឆ្នោត​មាន​សារៈ​សំខាន់?

សួស យ៉ារ៉ា៖ ការ​បោះ​ឆ្នោត​គឺ​ជា​ចំណុច​នៃ​ការ​ទាមទារ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​សរសេរ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ដូច្នេះ​រដ្ឋធម្មនុញ្ញ​គឺ​បាន​អនុ​វត្តនូវ​សិទ្ធិ​សេរីភាព ដែលអនុញ្ញា​ត​ឱ្យ​មាន​ការ​រៀបចំ​នូវ​របប​រាជា​និយម សេរី ពហុ​បក្ស។ អ៊ីចឹង​ដូច្នេះ ការ​ចូល​រួម​បោះ​ឆ្នោត​របស់​ប្រជាជន គឺជា​សេរីភាព​ដែល​បាន​អនុម័ត ហើយ​និង​បាន​ផ្ដល់​ជូន​ដោយ​ច្បាប់ ហើយ​ជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជន​ម្នាក់​ៗ។

VOA៖ មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរជាតិ​មួយ​ចំនួន ដូច​យ៉ាង​ខាង​ចលនា​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី បាន​ចោទ​សួរពីភាពស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​មួយ​ដែល​អ​វត្ត​មាន គណ​បក្ស​សង្គ្រោះជាតិ ដែល​ជាគូ​ប្រជែង​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា។ សម្រាប់​និយម​ន័យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា អ្វី​ទៅ​ជា​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ​នេះ?

សួស យ៉ារ៉ា៖ ភាព​ស្រប​ច្បាប់​នៃ​ថ្ងៃ​២៩ គឺ​គណ​បក្ស​២០ ដែល​ចុះ​បញ្ជី​ដោយ​ច្បាប់ តាម​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ចូល​រួម​ប្រកួត​ប្រជែង។

ហើយ​ទី​ពីរ​ប្រជាជន​កម្ពុជា​គឺ​ជា​អ្នក​សម្រេច​វាសនា​របស់​ខ្លួន​ឯង ដែល​ជា​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត។

ទីបី ចំពោះ​បញ្ហា​អ្វី​ដែល​លោក សម រង្ស៊ី ដែល​ជា​ទណ្ឌិត ហើយ​ជា​អ្នក​ដែល​បាន​បង្ក​រឿង​មិន​ចេះ​ឈប់ឈរ​សម្រាប់​ប្រជាជន​កម្ពុជា​និង​បង្ក​ការ​រំខាន​ដល់​ការ​អភិវឌ្ឍ​ប្រជាជន​នៅ​តាម​គ្រប់​មូលដ្ឋាន គ្រប់​តំបន់​ទាំង​អស់​នេះ គឺ​ជា​ការណ៍​មួយ​ឃោសនា​អកុសល ហើយ​ជា​ការណ៍​មួយ​បំផ្លាញ​នូវ​សន្តិភាព​និង​ស្ថិរភាព​របស់​កម្ពុជា។

ប៉ុន្តែ អ្វី​ដែល​ចាប់​ផ្ដើម​តវ៉ា​នោះ គ្រាន់​តែ​ជា​ជន​ដែល​មិន​ទាន់​មាន​ការ​ចុះ​ឈ្មោះ​និង​ជន​ដែល​នៅ​ក្រៅ​ច្បាប់​តែ​ប៉ុណ្ណោះ។ អ៊ីចឹង​ប្រជាជន​មួយ​ចំនួន​ដែល​ជឿ​ការ​ឃោសនា​នៅ​ក្រៅ​ប្រទេស​នោះ ក៏​គាត់​មិន​មែន​ជន​ជាតិ​ខ្មែរ​កាន់​សញ្ជាតិ​ខ្មែរ​ទៀត​ដែរ គាត់​បាន​ចូល​សញ្ជាតិ​បរទេស​រួច​អស់​ទៅ​ហើយ។ អ៊ីចឹង​អ្នក​ដែល​នៅ​សល់​មាន​តិច​តួច​ណាស់​ដែល​បន្ត​ការ​ងារ​របស់​ខ្លួន​តវ៉ា​ជា​ទ្រង់ទ្រាយ​តូចៗ​ហ្នឹង បាទ!

VOA៖ តើ​ការ​ចូល​រួម​អង្កេត​ការណ៍ និង​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​របស់​បណ្ដា​មិត្ត​បរទេស​មួយ​ចំនួន ជា​កត្តា​កំណត់​ភាពស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ដែរ​ឬ​ទេ?

សួស យ៉ារ៉ា៖ ជាទូ​ទៅ កម្ពុជា​រាប់រកអន្តរជាតិ​គ្រប់​ទាំង​អស់ ហើយ​គ្មាន​ស​ត្រូវ​ជា​មួយ​នរ​ណាម្នាក់​ទេ។ ហើយ​ដូច្នេះ មិត្ត​បរទេស​សប្បាយ​ចិត្ត ចូល​រួម​សង្កេត​ការណ៍ យើង​ស្វាគមន៍ ហើយ​មិត្ត​បរទេស​មិន​ចូល​រួម​សង្កេត​ការណ៍ [​ក៏​មិន​មាន​បញ្ហា​] ប៉ុន្តែ​ការ​កំណត់​នូវ​ភាពស្រប​ច្បាប់​របស់​កម្ពុជា គឺ​ច្បាប់។ មិន​អាចនរ​ណា​មក​សម្រេច​លើ​អធិបតេយ្យភាព ឯក​រាជ្យ​ភាព និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បាន​ទេ។

VOA៖ កន្លង​មកវោហាស័ព្ទ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ថា​ខ្លួន​ជា​តួអង្គ​ថែរក្សា​សន្តិភាព​របស់​ប្រទេស ហើយ​បើអ​វត្ត​មាន​របស់​គណ​បក្ស​នេះ​ចេញ​ពី​ការ​គ្រប់​គ្រង​ប្រទេស​អាច​នឹង​មាន​សង្គ្រាម​ជា​ដើម​។ ចុះ​បើ​ចាញ់​ឆ្នោត​ហើយ​មាន​សង្គ្រាម​ដដែល ចាំបាច់​ទេ​ដែល​ត្រូវ​មាន​ការ​បោះ​ឆ្នោត​នោះ?

សួស យ៉ារ៉ា៖ ជា​ទូ​ទៅ ការ​បោះ​ឆ្នោត​របស់​ប្រជាជន​គឺ​សម្ដែង​មតិ​នូវ​ការ​គាំទ្រ​និង​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​រដ្ឋាភិបាល​មួយ ទៅ​លើគណ​បក្ស​មួយ​ឱ្យដឹក​នាំរដ្ឋាភិបាល។ អ៊ីចឹង បើសិន​គាត់​នៅ​ទុក​ចិត្ត​រដ្ឋាភិបាល​មួយ​ដែលដឹក​នាំដោយ​គណ​បក្ស​មួយ អ៊ីចឹង​វាជា​រឿង​មួយ​ប្រពៃ​ណាស់ ព្រោះ​គាត់​យល់​ថាគណ​បក្ស​ប្រជាជន​កម្ពុជា ជា​គណ​បក្ស​ដែល​មាន​ប្រវត្តិសាស្ត្រ​ក្នុង​ការរំដោះ​ប្រទេស​ជាតិ មាន​ប្រវត្តិសាស្ត្រ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ មាន​ស្នា​ដៃ​ក្នុង​ការថែ​រក្សា​សន្តិភាព​និង​ការពារ​សន្តិភាព ហើយ​និង​រក្សា​ស្ថិរភាព​និង​កំណើន​សេដ្ឋកិច្ច អ៊ីចឹង​ប្រជាជន​នៅ​បន្ត​បោះ​ឆ្នោត​ឱ្យ។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ការ​ចោទ​ប្រកាន់ទាំង​ឡាយ គ្រាន់​តែ​មនុស្ស​ច្រណែន​ទេ មិន​មាន​លក្ខណៈ​ជា​ផ្លូវ​ច្បាប់ មិន​មាន​លក្ខណៈ​ជា​ប្រជាធិបតេយ្យ​ទេ។ អ៊ីចឹង​ប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត គឺ​នៅ​តែ​មាន ដរាប​ណា​ប្រជាជន​នៅ​តែ​បោះ​ឆ្នោត ហើយ​អំណាច​នៅ​កម្ពុជា​ត្រូវ​សម្រេច​ដោយ​ប្រអប់​ឆ្នោត។

អ៊ីចឹង​ដូច្នេះ​ប្រទេស​មួយ​ចំនួន ក៏​គេ​បាន​រក្សា​អ៊ីចឹង​ដែរ សូម្បី​តែ​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ប្រទេស​លោក​ខាង​លិច​មួយ ដែល​មាន​ប្រជាធិបតេយ្យ លោក​ក៏​រក្សា​អ្នក​ណា​ជាប់​ឆ្នោត​គឺ​អ្នក​បន្ត​រហូត គេ​មាន​និយាយ ពីរ​អណ្ណត្តិ បីអណ្ណត្តិ បួន​អណ្ណត្តិ​ឯណា។ អ៊ីចឹង​ដូច្នេះ​ការ​បន្ត​របស់​លោក Angela Merkel អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ គឺ​បន្ត​បន្ទាប់ ឱ្យ​តែ​ប្រជាជន​គេ នៅ​ទុក​ចិត្ត គេ​នៅ​តែ​កាន់​អំណាច។

ដូច្នេះ​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​គ្នាដែរ ប្រជាជន​នៅ​តែទុក​ចិត្ត យើង​នៅ​តែ​បន្ត​កាន់​អំណាច។

VOA៖ ចុះ​បើ​មាន​គណ​បក្សណាមួយ​អាចជែង​ឈ្នះ​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​បោះ​ឆ្នោត​២៩​កក្កដា​ខាង​មុខ ហ្នឹង​គណ​បក្ស​ប្រជាជន​នឹង​គិត​យ៉ាង​ដូចម្ដេច​វិញ?

សួស យ៉ារ៉ា៖ អាហ្នឹង​ជាការ​សម្រេច​របស់​ប្រជាជន យើង​ស្វាគមន៍ ពី​ព្រោះ​គេ​បាន​ចូល​រួម​ប្រកួត​ដោយ​ត្រឹម​ត្រូវ តាម​ច្បាប់​តើ។

VOA៖ ចុះ​តើគណ​បក្ស​ប្រជាជន​នឹង​ប្រគល់​អំណាច​ឱ្យ​ដោយ​សន្តិ​វិធី​ឬ​ទេ?

សួស យ៉ារ៉ា៖ គោរព​ទៅ​តាម​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា អ៊ីចឹង​យើង​មិន​និយាយ​អ្វី​ទាំង​អស់ ក្រៅ​តែ​គោរព​ទៅ​តាម​ច្បាប់ និង​អ្វី​ដែល​ជាការ​សម្រេច​ទៅ​ដោយ​ប្រអប់​ឆ្នោត។

VOA៖ របប​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ដែល​មាន​វត្ត​មាន​នៅ​កម្ពុជា​តាំង​ឆ្នាំ​១៩៩១មក មាន​ដំណើរ​ការ​សំខាន់​យ៉ាង​ដូចម្ដេច​ដែរ​ចំពោះ​ប្រទេស​មួយ​នេះ?

សួស យ៉ារ៉ា៖ បាទ! លោក​បាន​យល់​ហើយ​! លោក​មក​ធ្វើ​សម្ភាសន៍​ហ្នឹង​ក៏​លោក​បាន​និយាយ​ដែរ​ថា តើ​ប្រជាធិបតេយ្យ​បាន​ដែរ​ពី​ណាម​ក ហ្អេ៎ស!? ប្រជាធិបតេយ្យ​យើង​ដើរ​មក​យ៉ាង​ម៉េច​ខ្លះ?

យើង​គិត​ថាពី[ឆ្នាំ​១៩]៩១ ប្រជាជន​យើង ពី[ឆ្នាំ​១៩]៩១​ក៏​ដោយ [​ពីឆ្នាំ​១៩]៩៣​ក៏​ដោយ យើង​រាប់ពី​ពេល​មាន​រដ្ឋធម្មនុញ្ញ​មក​នេះ ប្រជាជន​ពីកាល​សម័យ​ហ្នុង យើង​រក​ប្រាក់​ចំណូល​មិន​បាន​៥០ដុល្លារទេ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ។

ឥឡូវ​នេះ ប្រាក់​ខែអប្បរមា​ឡើង​ដល់​១៧០ដុល្លារ​ហើយ អ៊ីចឹង​បាន​ន័យថា អាហ្នឹង​ជា​រឿង​តូច​មួយ នៅ​ក្នុង​ចំណោម​រឿង​ធំៗ​របស់​ប្រជាជន​ត្រូវ​ការ។ តូច​មែន​សម្រាប់​បុគ្គលណាមួយ​ដែល​នៅ​ក្រៅ​ប្រទេស ដែល​មិន​បាន​ដឹងពីសភាពការណ៍​ពិត​របស់​កម្ពុជា។ អ៊ីចឹង​ចំពោះ​យើង យើង​អ្នក​ដឹង​កម្ពុជា បាន​ដឹងថា សភាពការណ៍​សម័យ​នោះ យើង​ប្រាក់​ខែប៉ុន្មាន លោក​គ្រូ អ្នក​គ្រូ ប្រាក់​ខែប៉ុន្មាន បុគ្គលិក​មន្ត្រី​រាជការ ពេទ្យ ប្រាក់​ខែប៉ុន្មាន។

ហើយ​ឥឡូវ​នេះ យើង​អាច​ឃើញ​ថា តើហេដ្ឋា​រចនា​សម្ព័ន្ធ ជាង​ប៉ុន្មាន​ម៉ឺន​គីឡូ​[​ម៉ែត្រ​]​នេះ ដែល​ជាង​ពីរ​ម៉ឺន​គីឡូ​[​ម៉ែត្រ​]​នេះ ដែល​បាន​ធ្វើ​ហើយ​នេះ វា​មកពី​អ្វី មកពី​សន្តិភាព និង​ស្ថិរភាព។ បើ​មិន​អ៊ីចឹង យើង​អត់​មាន​ផ្លូវ យើង​អត់​មាន​មន្ទីរ​ពេទ្យ អត់​មាន​សាលា​រៀន​ទេ អ៊ីចឹង​សន្តិភាព និង​ប្រជាធិបតេយ្យ មាន​សារៈ​សំខាន់​ណាស់ សម្រាប់​កម្ពុជា។

VOA៖ ចុះ​បើ​ឱ្យ​រើស​លំដាប់​ថ្នាក់នៃ​ភាព​សំខាន់ តើ​លោក​យល់​ថា មួយ​ណា​សំខាន់​ជាង រវាង សន្តិភាព​និង​ប្រជាធិបតេយ្យ?

សួស យ៉ារ៉ា៖ អឹ ទី​មួយ​ធំ​បំផុត គឺ​សន្តិភាព និង​ស្ថិរភាព គឺ​ធំ​មុន​គេ។ បើ​មិន​មាន​ស្ថិរភាព និង​សន្តិភាព​ទេ ប្រជាធិបតេយ្យ​មិន​អាច​រឹងមាំ​បាន​ទេ។ អ៊ីចឹង​ប្រជាធិបតេយ្យ​ក៏​វា​ត្រូវ​ការពឹង​ផ្អែក​ទៅ​លើ​គុណភាព​ប្រជាធិបតេយ្យ មិន​មែន​គុណភាព​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ ហៅ​ថា​គុណភាព​នោះ​ទេ។ អ៊ីចឹង​ប្រជាធិបតេយ្យ​ដែល​មាន​ពិត​ប្រាកដ​គឺ​ជា​ប្រជាធិបតេយ្យ ដែល​គោរព​ទៅ​តាម​ច្បាប់​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​គ្មាន​ការ​ស៊ុមគ្រលុំជា​មួយ​នឹង​បរទេស។

VOA៖ ចុះ​ទៅ​ថ្ងៃ​អនាគត ខាង​គណ​បក្ស​របស់​លោក​ប្រមើ​មើល​ការ​អនុ​វត្តលទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រូបរាង​យ៉ាង​ដូចម្ដេច​ដែរ?

សួស យ៉ារ៉ា៖ ជា​បុគ្គល​ខ្ញុំ ខ្ញុំ​យល់​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា មាន​តម្លៃ​លើស​លប់​បង្អស់។ អ៊ីចឹង​ដូច្នេះ គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​គោរព​រដ្ឋធម្មនុញ្ញ គោរព​នូវ​តម្លៃ​នៃ ជាតិ សាសនា ព្រះ​មហា​ក្សត្រ។

VOA៖ លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការពហិការ​មិន​ទៅ​បោះ​ឆ្នោត​របស់​ពលរដ្ឋ?

សួស យ៉ារ៉ា៖ សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់​ៗ សម្រាប់​អ្នក​បោះ​ឆ្នោត លោក​ទៅ​បោះ ឬ​មិន​ទៅ​បោះ ហ្នឹង​គឹជា​ច្បាប់​ដែល​បានអនុញ្ញា​ត​ឱ្យ​សិទ្ធិ​សេរីភាព​នោះ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ចលនា​ឱ្យ​គេ​មិន​ទៅ​បោះ​ឆ្នោត មាន​ទាំង​មាត្រា​សម្រាប់​ដាក់​ទោស​ទៀត។ ដូច្នេះ​បញ្ហា​នេះ​គឺ​ត្រូវ​កុំ​ឱ្យ​ច្រឡំ​គ្នា ... គឺ​ត្រូវ​អនុ​វត្តចំពោះ​ខ្លួន​ឯង ប៉ុន្តែ​ខ្លួន​ទៅ​ចាក់​រុក ឬ​នាំ​គេ​មិន​ឱ្យ​ទៅ​បោះ​ឆ្នោត អាហ្នឹង​គឺជា​ទង្វើ​ល្មើស​ច្បាប់។

VOA៖ កន្លង​មកគេ​បាន​អង្កេត​ឃើញ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​បណ្ដា​ប្រទេស​បស្ចិម​លោក​នានា ហាក់​ស្គាល់​នូវ​ភាព​រកាំរកូស ខណៈ​ដែល​ទី​ក្រុង​ភ្នំពេញ​កំពុង​ល្អូកល្អឺន​ជា​មួយ​នឹង​ទី​ក្រុង​ប៉េកាំង និង​បណ្ដា​មហា​អំណាច​អាស៊ីដទៃ​ទៀត។ អ្វី​ទៅ​ជា​គោល​គំនិត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​ចំណុច​នេះ?

សួស យ៉ារ៉ា៖ ខ្ញុំ​បាន​លើក​ឡើង​ខាង​ដើម​ហើយ ថា​កម្ពុជា​[ចង]​មិត្ត​ជា​មួយ​មិត្ត​ទាំង​អស់ នៅ​លើពិភព​លោក។ កម្ពុជា​មិន​យក​ប្រទេស​ណាជាស​ត្រូវ​ទេ។ គ្រាន់​តែ​ទំនាក់ទំនង​មាន​ភាព​ស្និទ្ធ​ស្នាល​ជាង ឬ​មួយ​ក៏​មាន​ភាពរយាល​ជាង​តែ​ប៉ុណ្ណោះ។ មិន​មាន​ប្រទេសណាមួយ​ជាស​ត្រូវ​របស់​យើង​ទេ។ ទី​មួយ​!

ទី​ពីរ​! ជាតិ​សាសន៍​ខ្មែរ ដូនតា​ខ្មែរ បាន​និយាយ​ថា ជួញ​ជិត​ប្រសើរ​ជាង​ជួញឆ្ងាយ អ៊ីចឹង​កម្ពុជា​យើង ធ្វើ​ម៉េចរាប់​មិត្ត​អាស៊ីឱ្យ​ឆ្អែត​អស់ ឱ្យ​បាន​គ្រប់​គ្រាន់​សិន​ទៅ ហើយ​ចំពោះ​មិត្ត​ខាង​ក្រៅ ក៏​យើង​មិន​បាន​ព្រលែង​គាត់​ដែរ យើង​នៅ​តែ​បន្ត​ទំនាក់ទំនង​ល្អ យើង​នៅ​តែ​និយាយ​រកគេគ្រប់​គ្នា​ទាំង​អស់។ ដូច្នេះ​អ្វី​ដែល​គេ​និយាយ​ថា​យើង​បែង​ចែក​លោក​ខាង​លិច លោក​ខាង​កើត​ហ្នឹង​មិន​ត្រឹម​ត្រូវ​ទេ៕

XS
SM
MD
LG