ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកវិភាគ​រិះគន់​លោក ​ស ខេង​ ដែល​បញ្ជា​ឱ្យ​ផាក​ពិន័យ​អ្នក​ធ្វើ​យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត​មិន​ទៅ​បោះឆ្នោត


រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (ឡេង ឡែន/VOA)

ខណៈ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​កំពុង​ធ្វើ​យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត​បង្ហាញ​ពី​ការ​មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត​ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​លើក​ឡើង​ថា​ ការ​បង្ហោះ​សារ​បែប​នេះ​នឹង​មិន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ ប៉ុន្តែ​ត្រូវ​រង​ការ​ផាក​ពិន័យ​ជា​ប្រាក់។ អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា​ ការ​បង្ហោះសារ​របស់​ពួក​គេ​ជា​ការ​បញ្ចេញ​មតិ​ មិន​មែន​ជា​បទ​ល្មើស​ដែល​ត្រូវ​ចាប់​ខ្លួន​ឬ​ផាកពិន័យ​នោះ​ទេ។

នៅថ្ងៃ​ច័ន្ទ​នេះ​ លោក​ ​ស ខេង​ ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​និង​ជាអនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​អ្នក​បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត​លើ​បណ្តាញ​អ៊ីនធើណិត​ ​ដែល​បង្ហាញ​ពី​ការ​មិន​ទៅ​បោះ​ឆ្នោត​ ឲ្យ​បង់​ពិន័យ​ជា​ប្រាក់​ពី​៥លាន​រៀល​ទៅ​២០លាន​រៀល។

ថ្លែង​ទៅ​កាន់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ​នៅ​ព្រឹក​ថ្ងៃ​ទី២៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨ លោក​ ​ស ខេង​ ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​និង​ជា​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា​ អ្នក​ដែល​បង្ហោះ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​លើ​បណ្តាញ​សង្គម​ គឺ​ជា​ការ​ប្រឆាំង​ទៅ​នឹង​ការ​បោះ​ឆ្នោត ​ដែល​លោក​ថា​ជា​ព្រឹត្តិការណ៍​ជាតិ​ដ៏​ធំ។​

លោក​បន្ថែម​ថា​ ​កម្ពុជា​មិន​មាន​ច្បាប់​ចាប់​អ្នក​បង្ហោះ​យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត​យក​ទៅ​ដាក់​ពន្ធនាគារ​នោះ​ទេ ​ប៉ុន្តែ​លោក​ថា​ ​អាជ្ញាធរ​អាច​ចាប់​ពួក​គេ ​ដើម្បី​ផាក​ពិន័យ​ជា​ប្រាក់​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​បាន​បញ្ជា​ច្បាស់​ណាស់​ ខ្ញុំ​ថា​កុំ​ទៅ​លូក​ជាមួយ។​ ឥឡូវ​ធ្វើ​តាម​តែ​ច្បាប់​ទៅ។ ទៅ​ចាប់​ ​ទៅ​រក​កន្លែង​ឯណា​ដាក់? ថ្ងៃ​ហ្នឹង​ចាប់​មួយ ស្អែក​ចាប់​បី ខាន​ស្អែក​ចាប់​ប្រាំ ចាប់​ម្ភៃ ឧទាហរណ៍។ ទៅ​រក​កន្លែង​ឯណា​ដាក់? ​ហើយ​វា​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​យើង​ចាប់។ ប៉ុន្តែ​មាន​ច្បាប់​ប្តឹង ហើយ​ផាកពិន័យ លោក​ឯង​ធ្វើ​ថ្ងៃ​ហ្នឹង ប្តឹង​ថ្ងៃ​ហ្នឹង ធ្វើ​ស្អែក​ប្តឹង​ទៀត ហើយ​ផាក ផាក​ប៉ុន្មាន?​ ​ពី​ប្រាំលាន​ ​ទៅ​ម្ភៃ​លាន។​ ម្តង​ប្រាំលាន ម្ភៃលាន ប្រាំលាន ម្ភៃលាន»។​

ការ​ថ្លែង​របស់​លោក ស ខេង​ ធ្វើ​ឡើង​ខណៈ​ដែល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​ដែល​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត។ អតីត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ​លោក​ ​សម រង្ស៊ី ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​តាម​រយៈ​ការ​បង្ហោះ​សារ​ផ្សេងៗ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​មាន​ទាំង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ជា​ដើម។

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ក៏​បាន​បង្ហោះ​សារ​លើក​ចង្អុល​ដៃ​ដែល​អត់​មាន​ប្រឡាក់​ទឹក​ខ្មៅ​ ​បង្ហាញ​ពីការ​មិន​ទៅ​បោះ​ឆ្នោត​ផង​ដែរ។

ការ​អំពាវនាវ​និង​យុទ្ធនាការ​របស់​ពួក​គេ​ទាំង​នោះ​កើត​ឡើង​ បន្ទាប់​ពីគណបក្ស​សង្គ្រោះជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស​ កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ ដោយ​ចោទ​ថា គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ពី​បទ​ល្មើស​ដូច​គ្នា ខណៈ​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​នេះ​ចំនួន​១១៨​នាក់ ត្រូវ​បាន​ព្យួរ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥ឆ្នាំ។

លោក ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​ជា​ស្ថាប័ន​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ចាត់​វិធាន​ការលើ​អ្នក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​កុំ​ទៅ​បោះ​ឆ្នោត​ផង​នោះ​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ គ.ជ.ប. ទទួល​បាន​បណ្តឹង​ចំនួន​៥ ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​នេះ។

កាលពី​ថ្ងៃ​សុក្រ​ ​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ចំនួន៣​នាក់​ ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ត្រូវ​បាន​មន្រ្តី​គណបក្ស​កាន់​អំណាច​ប្តឹង​ទៅ​គណៈកម្មការរៀបចំ​ការ​បោះ​ឆ្នោត​ប្រចាំ​ខេត្ត​មួយ​នេះ​ ​ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ ​តាម​រយៈសារ​ដែល​ពួក​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លើក​ឡើង​ថា ការ​ថ្លែង​របស់​លោក​ ស ខេង គឺ​ជា​ការ​សម្រួល​ដល់​ស្ថានការណ៍​នយោបាយ ​ស្រប​ពេល​ដែល​គណ​បក្ស​កាន់​អំណាច​បាន​ដឹង​ខ្លួន​មុន​ជា​ស្រេច​ថា ពួក​គេ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​

«មក​ដល់​ពេល​នេះ​ហើយ​ ទោះ​បីជា​យើង​ចាប់​មនុស្ស​ដាក់​គុក​ ដោយ​សារតែ​ការ​បង្ហាញ​ម្រាម​ដៃ​ស្អាត​ហ្នឹង ដាក់​មួយ​ពាន់​ឬ​មួយ​ម៉ឺន​នាក់​ទៀត ក៏​វា​មិន​អាច​ផ្លាស់​ប្តូរ​អា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ហ្នឹង​ប៉ុន្មាន​ដែរ។ អីចឹង ​វា​អត់​មាន​បាន​ប្រយោជន៍​អី​លើ​ការ​គំរាម​ប្តឹង គំរាម​អី​ទេ​ ​មក​ដល់​ពេល​នេះ​ហើយ ព្រោះ​យើង​ដឹង​ហើយ​ថា គណបក្ស​ប្រជាជន​ឈ្នះ​១០០​ភាគរយ​បាត់​ទៅ​ហើយ។ ​អីចឹង​យើង​ប្រើ​ការ​គំរាម​កំហែង​ច្រើន​ពេកវា​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​គណ​បក្ស​ហ្នឹង វា​កាន់​តែ​អាក្រក់​ថែម​ទៀត»។

មាត្រា១៤២​នៃ​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ចែងថា​ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ៥,០០០,០០០ (ប្រាំលាន​រៀល) ទៅ ២០,០០០,០០០ (ម្ភៃលាន​រៀល) ដោយ គ.ជ.ប. ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត ចំពោះ​ជនណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត៖ រារាំង​ប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​និង​បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​បាន។

លោក​ កន សាវាង្ស​ ​មន្រ្តី​សម្រប​សម្រួល​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ ហៅ​កាត់​ថា​ខុមហ្វ្រែល​ លើក​ឡើង​ថា​ ​ការ​ធ្វើ​យុទ្ធនាការ​បង្ហោះ​ម្រាម​ដៃ​របស់​ខ្លួន​បង្ហាញ​ថា​មិន​ទៅ​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង គឺ​ជា​ការ​បញ្ចេញ​មតិមិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​ណាមួយ​ដែល​ចែងពីការ​បោះ​ឆ្នោត​នោះ​ទេ។​

លោក​បន្ថែម​ថា​ ​ការ​ថ្លែង​របស់​លោក​ ​ស ខេង​ ​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អ្នក​បង្ហោះសារ​ទាំង​នោះ​ដើម្បី​ផាក​ពិន័យ​កាន់​តែ​ច្រើន​ ​ដោយ​សារ​ការ​អនុ​វត្ត​ច្បាប់​របស់​អាជ្ញាធរ​មាន​ភាពខ្វះ​ចន្លោះ។

លោក​បញ្ជាក់​ថា៖​

«ចំណុច​នេះ​គឺជា​ចំណុច​មួយ​ដែល​ខ្ញុំ​មាន​ការព្រួយ​បារម្ភ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ ​មូលដ្ឋាន​ណាស់ ព្រោះ​ប្រជា​ពលរដ្ឋ​លោក​អត់​មាន​ចំណេះដឹង​ទៅ​លើ​កិច្ចការងារ​ទាំង​អស់​ហ្នឹង​ទេ​ ​ហើយ​រួម​ទាំង​អ្នក​ច្បាប់​មួយ​ចំនួន​ ​ដែល​លោក​បក​ស្រាយ​ទៅ​តាម​លក្ខណៈ​នយោបាយ​ទៀត​ ​ហើយ​អាជ្ញាធរ​ខ្លះ​គាត់​មិន​យល់​ច្បាស់​ពី​ច្បាប់​ហ្នឹង​ទៀត​ ​ហើយ​ធ្វើ​ទៅ​តាម​អ្វី​ដែល​ជាបទ​បញ្ជា​ហ្នឹង​ទៀត»។

ការ​បោះ​ឆ្នោត​ដែល​មិន​មាន​វត្ត​មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក្នុង​អាណត្តិ​នេះ​ ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ​ ​និង​អន្តរជាតិធំៗ​មួយ​ចំនួន​មើល​ឃើញ​ថា​ ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​សេរី​យុត្តិធម៌​ ​និង​មិន​អាច​ទទួល​យក​បាន។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ ​រីឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ​ដែល​លែង​មាន​សមាជិក​មកពី​គណបក្ស​ប្រឆាំង​ ​បាន​អះអាង​ថា ខ្លួន​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា ដែល​មាន​ចែង​ជា​ធរមាន៕

XS
SM
MD
LG