ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ការ​ពឹង​ផ្អែក​លើ​ម្ចាស់​បំណុល​តែ​មួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​កំហឹង


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang (ឆ្វេង) ចាប់ដៃលោកនាករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន (ស្តាំ) ក្នុងពិធីចុះហត្ថលេខាមួយសម្រាប់គម្រោងអភិវឌ្ឍមួយចំនួនក្នុងទឹកប្រាក់រាប់ពានលានដុល្លារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang (ឆ្វេង) ចាប់ដៃលោកនាករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន (ស្តាំ) ក្នុងពិធីចុះហត្ថលេខាមួយសម្រាប់គម្រោងអភិវឌ្ឍមួយចំនួនក្នុងទឹកប្រាក់រាប់ពានលានដុល្លារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

លោក​បណ្ឌិត Charles Edel ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់ និង​សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​សិក្សា​ពី​សហរដ្ឋអាមេរិក បាន​ផ្តល់​បទសម្ភាសន៍ឲ្យវីអូអេ អំពីអត្ថបទថ្មីមួយ​របស់លោកដែល​ផ្តោតលើ​ទំនាក់ទំនងរវាងកម្ពុជា និងចិន។

កំណត់​និពន្ធ៖ លោក​បណ្ឌិត Charles Edel ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់ និង​សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​សិក្សា​ពី​សហរដ្ឋអាមេរិក (United States Studies Center) និង​ជា​អ្នក​និពន្ធ​នៃ​អត្ថបទ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា «ការ​ផ្លាស់ប្តូរ​របស់​កម្ពុជា​ដែល​ងាក​ទៅ​រក​ប្រទេស​ចិន និង​អត្ថន័យ​នៃ​របត់​ចំពោះ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន»។ លោក​ធ្លាប់​ជា​បុគ្គលិក​រៀប​ចំ​គោលនយោបាយ​នៅ​ក្រសួង​ការបរទេស​អាមេរិក។ លោក​ក៏​ធ្លាប់​ជា​សាស្ត្រាចារ្យ​ផ្នែកយុទ្ធសាស្ត្រ និង​គោលនយោបាយ​នៅ​មហាវិទ្យាល័យ US Naval War College។​ សូមលោកអ្នក​នាង​ស្តាប់ និង​អាន​បទសម្ភាសន៍​រវាង​កញ្ញា យូ សុធារី នៃ​វីអូអេ និង​លោក​បណ្ឌិត Charles Edel ជាភាសាខ្មែរ​អំពី​អត្ថបទ​របស់​លោក​ដូចតទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​តួនាទី​របស់​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក?

Charles Edel៖ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា ប្រសិន​បើ​អ្នក​គិត​អំពី​ភូមិសាស្ត្រ​នៃ​ឥណ្ឌូប៉ាស៊ីហ្វិក អាស៊ី​អាគ្នេយ៍​គឺ​នៅ​ចំ​កណ្តាល​តំបន់​នេះ​តែ​ម្តង​ ហើយ​ប្រទេស​កម្ពុជា​គឺ​ស្ថិត​នៅ​ចំ​កណ្តាល​តំបន់​ហ្នឹង​តែ​ម្តង។ ប៉ុន្តែ​គេ​មិន​សូវ​និយាយ​ពី​ប្រទេស​កម្ពុជា និង​វិធីសាស្រ្ត​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ទាក់ទង​ជាមួយ​ប្រទេស​កម្ពុជា​នោះ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា នេះ​ជា​ឱកាស​មួយ​ក្នុង​ការ​សិក្សា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ពី​របៀប​ដែល​សហរដ្ឋអាមេរិក​ទាក់ទង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​នេះ។ ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​សហរដ្ឋអាមេរិក​ពិបាក​ធ្វើ​ការ​ជាមួយ​មែនទែន។ ​នេះ​ជា​គោលគំនិត​សំខាន់​របស់​អត្ថបទ​របស់​ខ្ញុំ។

VOA៖ តើ​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍​ភ្ជាប់​ប្រទេស​កម្ពុជា​ទៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដែរ​ឬ​ទេ?

Charles Edel៖ ខ្ញុំ​គិត​ថា សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍​លើ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​វា​អាច​មាន​ការ​លំបាកជាង​មុន​ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ដើរ​ចេញ​ពី​សង្គម​ដែល​សេរី និង​បើក​ចំហ។ នេះ​ធ្វើ​ឲ្យ​លំបាក​ខ្លាំង ក្នុង​ការ​ភ្ជាប់​កម្ពុជា​ជាមួយ​យុទ្ធសាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​មើល​ឃើញ​ថា ប្រទេស​នេះ​ទទួល​បាន​អត្ថប្រយោជន៍​ពី​វិនិយោគ​បរទេស ហើយ​ក៏​ត្រូវ​ការ​វិនិយោគ​បរទេស​ដែល​មក​ពី​ប្រភព​ផ្សេងៗ។ វិនិយោគ​បរទេស​មក​ពី​ប្រភព​ផ្សេងៗ​ហ្នឹង ជា​វិធី​សាស្រ្ត​ដែល​គេ​តែងតែ​ប្រើ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មួយ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង។ ប៉ុន្តែ​នៅ​កម្ពុជា បែរ​ជា​រឹតត្បឹត​លើ​ការ​ប្រកួតប្រជែង​ទៅ​វិញ។ ដើម្បី​បើក​ចំហ​ការ​វិនិយោគ​នៅ​កម្ពុជា ប្រទេស​នេះ​គួរ​តែ​ពង្រឹង​តម្លាភាព​របស់​ខ្លួន។ ប៉ុន្តែ​តម្លាភាព​នៅ​កម្ពុជា​នៅ​ទន់​ខ្សោយ​នៅ​ឡើយ។

VOA៖ នៅ​ក្នុង​អត្ថបទ​របស់​លោក លោក​បាន​សរសេរ​ពី «គម្រោង​ដំរី​ស និង​ទីក្រុង​ខ្មោច»។ តើវា​មាន​បង្កប់​ន័យ​យ៉ាង​ដូចម្តេច ដោយ​ផ្អែក​លើ​បទពិសោធន៍​របស់​ប្រទេស​ផ្សេងៗ ឬ​ប្រទេស​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់?

Charles Edel៖ ខ្ញុំ​និយាយ​ពី​បញ្ហា​សាមញ្ញ​ប៉ុណ្ណោះ។ ដំបូង​យើង​ឃើញ​ថា​ គម្រោង​ទាំង​នោះ​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​ជន​មួយ​ក្រុម​ដែល​វិនិយោគ​លើ​គម្រោង​ទាំង​នោះ​តែ​ប៉ុណ្ណោះ។ ប្រជាពលរដ្ឋ​កម្ពុជា មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ពី​គម្រោង​ទាំង​នោះ​នោះ​ទេ។ យើង​ធ្លាប់​ឃើញ​បទ​ពិសោធន៍​មិន​ល្អ​របស់​គម្រោង​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​ដទៃ នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ​មាន​បំណុល​ច្រើន ជា​ពិសេស​ជាមួយ​ចិន។ យើង​ធ្លាប់​បាន​ឃើញ​ស្ថានភាព​បែប​នេះ​នៅ​ក្នុង​ប្រទេស​ជាច្រើន ដូចជា​ប្រទេស​ស្រីលង្កា ប៉ាគីស្ថាន និង​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​កោះ​ប៉ាស៊ីហ្វិក។ យើង​ឃើញ​ថា​ប្រទេស​ទាំង​នោះ ចេញ​ប័ណ​បំណុល​ជា​រូបិយប័ណ្ណ​បរទេស​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ដោះ​បំណុល។ ដូច្នេះ វា​បែរ​ជា​ធ្វើឲ្យមានបញ្ហា​នៅ​ក្នុង​ប្រទេស​មួយ នៅ​ពេល​ប្រទេស​នោះ​មិន​អាច​សង​ប្រាក់​ទៅ​វិញ​ ហើយ​ជាពិសេស​នៅ​ពេល​ដែល​គម្រោង​ដំរី​ស ដែល​ជា​គម្រោង​អចលន​ទ្រព្យ​មិន​មាន​មនុស្ស​នៅ មិន​បាន​រួម​ចំណែក​ទៅ​លើ​ការ​អភិវឌ្ឍ និង​ភាព​រុងរឿង​របស់​ប្រទេស​មួយ​ទេ។

លោក​បណ្ឌិត Charles Edel អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់ និង​អ្នក​សិក្សា​ស្រាវជ្រាវ​បណ្តោះអាសន្ន​នៅ​មជ្ឈមណ្ឌល​សិក្សា​អំពី​សហរដ្ឋ​អាមេរិក​ប្រចាំ​សកលវិទ្យាល័យ Sydney បាន​បោះពុម្ពផ្សាយ​អត្ថបទ​មួយ​ស្តី​អំពី «ការ​ផ្លាស់ប្តូរ​របស់​កម្ពុជា​ដែល​ងាក​ទៅ​រក​ប្រទេស​ចិន និង​អត្ថន័យ​នៃ​របត់​ចំពោះ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន»។ (រូបថតដោយ USSC)
លោក​បណ្ឌិត Charles Edel អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់ និង​អ្នក​សិក្សា​ស្រាវជ្រាវ​បណ្តោះអាសន្ន​នៅ​មជ្ឈមណ្ឌល​សិក្សា​អំពី​សហរដ្ឋ​អាមេរិក​ប្រចាំ​សកលវិទ្យាល័យ Sydney បាន​បោះពុម្ពផ្សាយ​អត្ថបទ​មួយ​ស្តី​អំពី «ការ​ផ្លាស់ប្តូរ​របស់​កម្ពុជា​ដែល​ងាក​ទៅ​រក​ប្រទេស​ចិន និង​អត្ថន័យ​នៃ​របត់​ចំពោះ​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន»។ (រូបថតដោយ USSC)

VOA៖ លោក​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​អន្ទាក់​បំណុល​ចិន។ មាន​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការ​អន្ទាក់​បែប​នោះ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ជុំវិញ​ពិភពលោក។ ដោយ​មាន​ការ​ដក​ឃ្លា​របស់​បស្ចិម​ប្រទេស​ពី​ប្រទេស​កម្ពុជា និង​ដក​ឃ្លា​ពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ដោយសារ​តែ​ការ​វិនិយោគ​ដែល​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ តើ​លោក​យល់​ថា ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នេះ​នៅ​ពេល​អនាគត​ដែរ​ឬ​ទេ?

Charles Edel៖ ខ្ញុំ​គិត​ថា លទ្ធភាព​ដែល​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នេះ​មាន​កាន់​តែ​ខ្ពស់។ វា​កាន់​តែ​ខ្ពស់ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​បំណុល​កាន់​តែ​ច្រើន ហើយ​មិន​មាន​ប្រភព​ចំណូល​ផ្សេង​ ឬ​មិន​មាន​អ្នក​ដេញ​ថ្លៃ​ផ្សេងៗ​សម្រាប់​គម្រោង​វិនិយោគ​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ អន្ទាក់​បំណុល​ដែល​ខ្ញុំ​បាន​និយាយ​ ដែល​ខ្ញុំ​សរសេរ និង​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ប្រទេស​ដទៃ គឺ​មិន​មែន​ត្រឹម​តែ​ប្រទេស​ទាំង​នោះ​បាន​ជំពាក់​បំណុល​តែ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ជា​បំណុល​ដែល​គ្មាន​លទ្ធភាព​សង​ទៅ​ទៀត។ វា​ក៏​កើត​ឡើង​ នៅ​ពេល​ដែល​ម្ចាស់​បំណុល​និយាយ​ថា «អ្នក​ជំពាក់​បំណុល​ខ្ញុំ ហើយ​ឥឡូវ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​អ្នក​សង​បំណុល​នោះ»។ តើ​វា​អាច​នឹង​កើត​ឡើង​ចំពោះ​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ? ខ្ញុំ​មិន​អាច​ទាយ​ពី​អនាគត​បាន​ទេ។

អន្ទាក់​បំណុល​មិន​មែន​ជា​រឿង​ដែល​គ្រាន់​តែ​ថា ប្រទេស​មួយ​ជំពាក់​បំណុល​កាន់​តែ​ច្រើន​នោះ​ទេ។ មាន​ដំណាក់កាល​ច្រើន​ជាង​ហ្នឹង។ នៅ​ពេល​យើង​និយាយ​ពី​រឿង​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ស្រីលង្កា ប្រទេស​ម៉ាល់ឌីវ និង​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​កោះ​ប៉ាស៊ីហ្វិក​ខាង​ត្បូង ដូច​ជា​ប្រទេស​ជីប៊ូទី និង​ប្រទេស​ផ្សេង​ទៀត ការ​ទូត​នៃ​អន្ទាក់​បំណុល​គឺ​ថា ពួកគេ​បាន​ទទួល​យក​បំណុល​ដែល​ពិបាក​សង​ក្នុង​កម្រិត​ច្រើន ដែល​ប្រទេស​នោះ​មិន​អាច​សង​បំណុល​បាន។ នៅ​ពេល​ដែល​បញ្ហា​នេះ​កើត​ឡើង ម្ចាស់​បំណុល​ ដែល​នៅ​ក្នុង​ករណី​ដែល​យើង​កំពុង​ពិភាក្សា​នេះ គឺ​សំដៅ​លើ​ក្រុមហ៊ុន​ចិន ឬ​រដ្ឋាភិបាល​ចិន នឹង​ស្នើ​ឲ្យ​មាន​ការ​សង​ ដោយ​ប្តូរ​យក​ទ្រព្យ​នៅ​ក្នុង​ដែន​អធិបតេយ្យ​ជំនួស​វិញ មិន​ថា​ទីតាំង​ដែន​ដី ឬ​របស់​ផ្សេងៗ​នោះ​ទេ។ ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​មិន​ដឹង​ថា បញ្ហា​ហ្នឹង​កើត​ឡើង ឬ​ក៏​អត់​នោះ​ទេ។ ប៉ុន្តែ នៅ​ពេល​ដែល​បំណុល​កើន​ឡើង​ ដោយ​មាន​ម្ចាស់​បំណុល​តែ​មួយ ហើយ​មិន​មាន​ប្រភព​ចំណូល​ផ្សេង​ទៀត និង​មិន​មាន​ការ​អភិវឌ្ឍ​ដែល​មាន​ផលប្រយោជន៍​ពិត​ប្រាកដ និង​ប្រកប​ដោយ​ចីរភាព វា​បង្កើន​ឱកាស​ដែល​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បែប​នេះ​នៅ​ក្នុង​ពេល​អនាគត។

VOA៖ លោក​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ចិន​នោះ​ទេ ទោះ​បី​ជា​មាន​ថ្នាក់​ដឹកនាំ​សព្វ​ថ្ងៃ​ទំនង​ជា​ស្ថិតក្រោមដៃ​ចិន​ក៏​ដោយ។ តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ដូចម្តេច?

Charles Edel៖ ខ្ញុំ​ចង់​សំដៅ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សព្វ​ថ្ងៃ ដែល​លោក​ហ៊ុន សែន​មាន​ឆន្ទៈ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​រដ្ឋាភិបាល​ចិន​ស្នើ​សុំ។ ប៉ុន្តែ​បើ​តាម​បទ​ពិសោធន៍​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ នេះ​មិន​មែន​ជា​ចរិត​របស់​ខ្មែរ​នោះ​ទេ។ ដូច្នេះ នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​ឃ្លា​នេះ ខ្ញុំ​ចង់​បាន​ន័យ​ថា ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​មិន​អស់​ចិត្ត និង​ពេល​ខ្លះ​មាន​ខឹង​សម្បារ​ខ្លះ​ដែរ។ នៅ​គ្រប់​ពេល​ដែល​យើង​និយាយ​អំពី​គម្រោង​ទាំង​នេះ យើង​និយាយ​ពី​ការណ៍​ពិត​ដែល​ពលរដ្ឋ​ខ្មែរ​ជា​រឿយៗ​មិន​ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើ​ការ​នោះ​តែ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​នោះ​ជួល​កម្មករ​ចិន​ដែល​ហូរ​ចូល​ប្រទេស​កម្ពុជា​ក្នុង​ចំនួន​យ៉ាង​ច្រើន។

វា​ក៏​ដូច​គ្នា​ នៅ​ពេល​យើង​និយាយ​អំពី​តំបន់​នៅ​តាម​បណ្តោយ​ឆ្នេរ​កម្ពុជា។ បណ្តោយ​ឆ្នេរ​កម្ពុជា​ប្រមាណ​ជា​២០%​ត្រូវ​បានលក់​ដោយ​សម្ងាត់។ ជាក់​ស្តែង មនុស្សម្នា​មាន​ការ​ខឹងសម្បារ​ចំពោះ​ការណ៍​ពិត​ដែល​ថា គម្រោង​ស្ទើរ​តែ​ទាំង​អស់​ជួល​កម្មករ​ចិន​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ហើយ​បណ្តេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ដី​របស់​ពួកគេ​ដើម្បី​យក​ដី​មក​អនុវត្ត​គម្រោង​ទាំង​នោះ ដែល​ពេលខ្លះ​គម្រោង​ទាំង​នោះ​ជួយ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​បាន​ខ្លះ​ដែរ ហើយ​ជួន​កាល​មិន​បាន​ជួយ​អ្វី​នោះ​ទេ។ លើស​ពី​នេះ​ទៀត វា​ហាក់​ដូច​ជា​មាន​ការ​ខឹងសម្បារ​ខ្លាំង​ចំពោះ​គម្រោង​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ ដែល​ឆ្នេរ​ប្រមាណ​២០%​ត្រូវ​បាន​គេ​លក់​ដោយ​សម្ងាត់​ទៅ​ឲ្យ​អ្នក​ជំនួញ​ចិន។ ការ​លក់​ឆ្នេរ​នេះ​មិន​ស្រប​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ទេ។

VOA៖ លោក​បាន​លើក​ឡើង​នៅ​ក្នុង​អត្ថបទ​នោះ​ថា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​កម្ពុជា។ តើ​ហេតុអ្វី​បាន​ជា​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គួរតែ​យក​ចិត្ត​ទុកដាក់​លើប្រទេស​សេដ្ឋកិច្ច​តូច​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ?

Charles Edel៖ ខ្ញុំ​គិត​ថា ពួកគេ​ត្រូវ​តែ​ធ្វើ​យ៉ាង​ដូច្នេះ មិន​មែន​ដោយសារ​តែ​កម្ពុជា ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​តូច​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តានុពល​ច្រើន។ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ក្មេងៗ​ច្រើន ហើយ​មាន​សេដ្ឋកិច្ច​រីក​ចម្រើន។ តាម​ពិត​ទៅ​ ខ្ញុំ​ក៏​គិត​ថា ដោយសារ​តែ​ចំណុច​សំខាន់​នៃ​យុទ្ធសាស្ត្រ​សេរី និង​បើក​ចំហរ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន គឺ​ដើម្បី​ជួយ​ប្រទេស​នានា​ឲ្យ​ជ្រើសរើស​ជោគ​វាសនា​ដោយ​ខ្លួន​ឯង និង​មិន​ត្រូវ​ជ្រើសរើស​ជោគវាសនា​ដោយ​ផ្អែក​លើ​ប្រទេស​ដទៃ​ប្រាប់​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេច​នោះ​ទេ។ ដូច្នេះ​ការណ៍​ដែល​ប្រទេស​កម្ពុជា ជា​ប្រទេស​ពិបាក​សម្រាប់​យុទ្ធសាស្ត្រ​នេះ និងការណ៍​ដែល​កម្ពុជា​ស្ថិត​នៅ​ក្រោម​របប​សព្វ​ថ្ងៃ ធ្វើ​ឲ្យ​ការ​ឃ្លាំ​មើល​នេះ​កាន់​តែ​មាន​សារៈសំខាន់​សម្រាប់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

VOA៖ ហេតុអ្វី​បាន​ជា​វា​កាន់​តែ​មាន​សារៈសំខាន់?

Charles Edel៖ វា​កាន់​តែ​សំខាន់ ដោយសារ​តែ​វា​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ប្រទេស​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី និង​បើក​ចំហ ហើយ​ខ្ញុំ​គិត​ថា មិន​មែន​ត្រឹម​តែ​ឥណ្ឌូប៉ាស៊ីហ្វិក​នោះ​ទេ។ ខ្ញុំ​គិត​ថា មាន​ការ​បារម្ភ​ថា យើង​កំពុង​មើល​ឃើញ​ការ​បោះ​ជំហាន​ទៅ​មុខ​របស់​រដ្ឋ​ផ្តាច់​ការ​នៅ​ជុំ​វិញ​ពិភពលោក។

VOA៖ តើ​លោក​យល់​ស្រប​ទេ​ថា សហរដ្ឋអាមេរិក​ចាកចេញ​ពី​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ឈាន​ដល់​ចំណុច​ប្រសព្វ​សេដ្ឋកិច្ច ឬ​នយោបាយ?

Charles Edel៖ បាទ ខ្ញុំ​យល់​ស្រប។ មាន​ប្រវត្តិសាស្ត្រ​ច្រើន ហើយ​ភាគច្រើន​គឺ​ថា វា​ជា​បញ្ហា និង​រឿង​គួរ​ឲ្យ​អាម៉ាស់​តាម​រយៈ​ប្រវត្តិសាស្ត្រ​អាមេរិក។ វា​ច្បាស់​ណាស់។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា នៅ​ពេល​យើង​គិត​ដល់​សហរដ្ឋអាមេរិក​ និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ យើង​គួរ​សួរ​ថា តើ​អនាគត​នឹង​មាន​រូបរាង​យ៉ាង​ដូចម្តេច? យើង​មិន​គួរ​មើល​តែ​អតីតកាល​នោះ​ទេ។

VOA៖ លោក​បាន​សរសេរ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​បាន​អះអាង​ថា កម្ពុជា​ជា​មិត្តភក្តិ​ដ៏​ស្មោះត្រង់។ ខ្ញុំ​បាន​ឮ​ជា​ច្រើន​ដង​ដែរ​ទាក់ទង​នឹង​បញ្ហា​នេះ។ តើ​ការ​អះអាង​បែប​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន?

Charles Edel៖ ខ្ញុំ​គិត​ថា ក្តីបារម្ភ​គឺ​ថា តើ​ភាព​ស្មោះ​ត្រង់​ហ្នឹង​នាំ​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ប្រទេស​កម្ពុជា? តើ​វា​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ដែរ​ឬ​ទេ? ខ្ញុំ​បាន​និយាយ​ពី​លើ​រួច​មក​ហើយ។ មូលហេតុ​ដែល​រឿង​នេះ​ចោទ​ជា​បញ្ហា​គឺ​ដោយសារ​តែ​កំពុង​តែ​មាន​ការ​ព្រឹត្តិការណ៍​គួរ​ឲ្យ​បារម្ភ​នៅ​ក្នុង​តំបន់​អាស៊ី និង​នៅ​ទូទាំង​ពិភពលោក។ នោះ​គឺ​ថា របប​ផ្តាច់​ការ ដែល​ចង់​បំបិទ​សេរីភាព​របស់​ពលរដ្ឋ បំបិទ​អង្គការ​សង្គម​ស៊ីវិល និង​បំបិទ​មធ្យោបាយ​ពលរដ្ឋ​ក្នុងការ​បង្កើត​ និង​ផ្លាស់ប្តូរ​គំនិត​យោបល់​ដោយ​សេរី។ របប​ទាំង​នោះ​កំពុង​ទទួល​បាន​ជោគជ័យ និង​កំពុង​បោះ​ជំហាន​ទៅ​មុខ។ ​ការណ៍​នេះ​កើត​ឡើង​ ដោយ​សារ​តែ​ការ​ធ្វើ​ការ​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​រដ្ឋ​ផ្តាច់​ការ​ នៅ​ក្នុង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ។ នៅ​ពេល​ដែល​យើង​ឃើញ​ការណ៍​នេះ​កំពុង​រីករាលដាល​ទៅ​កាន់​ប្រទេស​ដទៃ វា​មិន​មាន​ប្រយោជន៍​ដល់​ប្រទេស​បស្ចិម​លោក​ ដែល​ជឿ​លើ​ពិភពលោក​មួយ​ដែល​បើក​ចំហ​សម្រាប់​សកល​ភាវូបនីយកម្ម និង​សេរី។ នេះ​ជា​ក្តី​បារម្ភ​មួយ ជាក់​ស្តែង​គឺ​ប្រទេស​កម្ពុជា ឬ​យ៉ាង​ហោច​ណាស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន មាន​ឆន្ទៈ​បង្កើន​ភាព​ផ្តាច់​ការ​របស់​ខ្លួន​នៅ​ក្នុង​សង្គម​ខ្មែរ​ និង​ការពារ​ប្រយោជន៍​របស់​ចិន​នៅ​បរទេស។

VOA៖ តើ​លោក​គិត​ថា វា​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ?

Charles Edel៖ ខ្ញុំគិត​ថា​ វា​អាច​ជា​រឿង​ល្អ​សម្រាប់​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ខ្លី និង​មធ្យម។ ប៉ុន្តែ​ក្នុង​រយៈពេល​វែង ខ្ញុំ​មិន​គិត​ថា វា​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នោះ​ទេ ដោយសារ​តែ​វិធី​តែ​ម្យ៉ាង​ដែល​ប្រទេស​មួយ​អាច​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​គឺ​ការ​អភិវឌ្ឍ​ដោយ​ប្រើប្រាស់​នូវ​សមត្ថភាព​របស់​ពួកគេ​ដោយ​ផ្ទាល់៕

XS
SM
MD
LG