វ៉ាស៊ីនតោន __ កំណត់និពន្ធ៖ បណ្ឌិត David P. Chandler ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា«ប្រវត្តិវិទូដ៏សំខាន់មួយរូបដែលសិក្សាពីកម្ពុជា» បានសរសេរសៀវភៅចំនួន៦ក្បាលជាមួយនឹងអត្ថបទជាច្រើនទៀតអំពីប្រវត្តិសាស្ត្រកម្ពុជា។ សៀវភៅទីមួយជាភាសាអង់គ្លេសរបស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រកម្ពុជា» ត្រូវបានសាស្ត្រាចារ្យនានាដែលបង្រៀនអំពីកម្ពុជាប្រើប្រាស់ក្នុងការបង្រៀននៅតាមសាលារៀនក្នុងសហរដ្ឋអាមេរិក និងត្រូវបានបកប្រែជាភាសាផ្សេងៗដូចជាភាសាខ្មែរ ភាសាចិន និងភាសាថៃ។ សាស្ត្រាចារ្យកិត្តិយសនៃសាកលវិទ្យាល័យ Monash University រូបនេះ ត្រូវបានសមាគមសម្រាប់ការសិក្សាតំបន់អាស៊ី ប្រគល់ពានរង្វាន់ «ការចូលរួមចំណែកដ៏អស្ចារ្យចំពោះការសិក្សាពីតំបន់អាស៊ី» នៅក្នុងសន្និសីទប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃ២៣ ខែមីនា កន្លងទៅនេះ នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន។ ប្រវត្តិវិទូអាមេរិកាំងវ័យ៨៥ឆ្នាំរូបនេះបានផ្តល់បទសម្ភាសន៍ដល់អ្នកនាង ហុង ចិន្តា នៃ VOA នៅឯសណ្ឋាគារ Marriott ខណៈពេលដែលលោកអញ្ជើញមកទទួលពានរង្វាន់នោះ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួនដែលកម្ពុជាកំពុងជួបប្រទះ។ នេះគឺជាបទសម្ភាសន៍មួយក្នុងចំណោមបទសម្ភាសន៍ពីរដែល VOA បានធ្វើជាមួយនឹងបណ្ឌិត David Chandler ក្នុងពេលនោះ។
លោកគឺជាប្រវត្តិវិទូដ៏ល្បីល្បាញមួយរូបដែលបានសរសេរសៀវភៅអំពីប្រវត្តិសាស្ត្រកម្ពុជា។ ដូច្នេះសំណួរទីមួយរបស់ខ្ញុំគឺថា ប្រសិនបើលោកនឹងត្រូវសរសេរសៀវភៅប្រវត្តិសាស្ត្រមួយក្បាលទៀតអំពីកម្ពុជា តើលោកនឹងពណ៌នាស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ននៅក្នុងសៀវភៅនោះយ៉ាងដូចម្តេច?
«ខ្ញុំគិតថា ឆាកនយោបាយបានផ្លាស់ប្ដូរ ហើយមិនសូវបើកទូលាយទទួលយកការផ្លាស់ប្ដូរវិជ្ជមានទេ ដែលអាចជាលទ្ធិប្រជាធិបតេយ្យឬអ្វីផ្សេងទៀត។»
ខ្ញុំអាចនឹងចុះកុងត្រាសរសេរសៀវភៅបោះពុម្ពលើកទី៥អំពីប្រវត្តិសាស្ត្រកម្ពុជា។ប្រសិនបើខ្ញុំនឹងសរសេរទៀត ហើយខ្ញុំគិតថា ខ្ញុំអាចនឹងសរសេរទៀត នោះសៀវភៅបោះពុម្ពថ្មីនោះនឹងខុសពីសៀវភៅបោះពុម្ពលើកទីបួន ដោយសារខ្ញុំនឹងសរសេរបន្ថែមជំពូកអំពីសម័យអង្គរ ដោយសារតែស្នាដៃសិល្បៈកាលពីសម័យនោះគឺអស្ចារ្យណាស់។ ហើយអ្វីដែលប្រែប្រួលនោះគឺជំពូកចុងក្រោយ ដោយសារតែពីឆ្នាំ១៩៧៩ដល់បច្ចុប្បន្ននេះ កម្ពុជាផ្លាស់ប្ដូរ ហើយខ្ញុំនឹងព្យាយាមសរសេរដោយកាត់បន្ថយការវិនិច្ឆ័យទៅលើនយោបាយ និងកាត់បន្ថយការទស្សន៍ទាយទុកមុន ព្រោះខ្ញុំមិនមានលទ្ធភាពទស្សន៍ទាយទុកជាមុន ដូចអ្នកផ្សេងទេ ដូចជាអ្នកមានវេទមន្តជាដើម។ គ្មាននរណាម្នាក់អាចទស្សន៍ទាយទុកមុនទៅលើអ្វីដែលនឹងកើតឡើងនោះទេ។ ខ្ញុំមិនទាន់បានគិតពីវាទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ទំព័រចុងក្រោយនៃជំពូកចុងក្រោយដែលអាចនឹងនិយាយពីឆ្នាំ២០១៨ឬ២០១៩ នៅពេលដែលខ្ញុំសរសេរសៀវភៅនោះចប់ នឹងមានលក្ខណៈទុទ្ទិដ្ឋិនិយមជាងកថាខណ្ឌចុងក្រោយនៅក្នុងសៀវភៅបោះពុម្ពលើកទីបួន ដែលក្នុងនោះខ្ញុំបានឃើញពីលទ្ធភាពមួយចំនួនដែលអាចនាំឲ្យមានការផ្លាស់ប្ដូរនយោបាយនៅកម្ពុជា។ នោះមិនមែនមានន័យថាជាការផ្លាស់ប្ដូររបបទេ ប៉ុន្តែជាការចាប់ផ្តើមបើកទូលាយនិងសេរីភាពជាដើម។ ខ្ញុំបានឃើញការផ្លាស់ប្ដូរទាំងនោះកើតមានច្រើនក្នុងឆ្នាំ២០០៥ គឺនៅពេលដែលខ្ញុំសរសេរសៀវភៅបោះពុម្ពចុងក្រោយរបស់ខ្ញុំ ជាងអ្វីដែលខ្ញុំឃើញនៅពេលនេះ។ ខ្ញុំគិតថា ឆាកនយោបាយបានផ្លាស់ប្ដូរ ហើយមិនសូវបើកទូលាយទទួលយកការផ្លាស់ប្ដូរវិជ្ជមានទេ ដែលអាចជាលទ្ធិប្រជាធិបតេយ្យឬអ្វីផ្សេងទៀត។
តើអ្វីដែលកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ជាអ្វីដែលកើតឡើងច្រំដែលក្នុងប្រវត្តិសាស្ត្រកម្ពុជាដែរឬទេ?
«កម្ពុជាមិនដែលបើកទូលាយទទួលយកគណបក្សប្រឆាំងនោះទេ ហើយក៏មិនដែលជាប្រទេសដែលមានគណបក្សនយោបាយច្រើននោះដែរ។»
កម្ពុជាមានរដ្ឋាភិបាលផ្តាច់ការតាំងពីសម័យអង្គរឬមុនសម័យអង្គរមកម៉្លេះ។ កម្ពុជាមិនដែលបើកទូលាយទទួលយកគណបក្សប្រឆាំងនោះទេ ហើយក៏មិនដែលជាប្រទេសដែលមានគណបក្សនយោបាយច្រើននោះដែរ។ នេះគឺជាប្រព័ន្ធមួយដែលកម្ពុជាស៊ាំទៅហើយ។ មិនមែនថាពលរដ្ឋកម្ពុជាមិនចង់ផ្លាស់ប្ដូរនោះទេ ប៉ុន្តែពួកគេមិនទាន់ធ្វើវាបាននៅឡើយ។ កម្ពុជាគ្មានប្រវត្តិមានរដ្ឋាភិបាលប្រជាធិបតេយ្យដែលបានពីការបោះឆ្នោតនោះទេ។ វានឹងកាន់តែពិបាកជាងនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នេះគឺជាអ្វីដែលយល់ឃើញ។ ខ្ញុំទស្សន៍ទាយថា វានឹងកាន់តែពិបាក។ តើនរណានឹងអាចទាញនិន្នាការដែលកំពុងកើតឡើងឲ្យត្រឡប់ក្រោយវិញបាន? គ្មាននរណាម្នាក់មានឥទ្ធិពលគ្រប់គ្រាន់ដើម្បីធ្វើវានោះទេ។ ខ្ញុំមិនគិតថា រដ្ឋាភិបាលកម្ពុជាគួរតែត្រូវដាក់ទណ្ឌកម្មចំពោះទង្វើរបស់ខ្លួននោះទេ។ តើនរណានឹងដាក់ទោសទណ្ឌកម្ពុជាចំពោះរបបផ្តាច់ការ? បើដូច្នោះមែននោះ អ្នកនឹងត្រូវដាក់ទោសទណ្ឌរដ្ឋាភិបាលទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយសហរដ្ឋអាមេរិកមិនមានឆន្ទៈនឹងធ្វើដូច្នេះទេ ដោយសារតែអាមេរិកចាប់អារម្មណ៍ទៅលើហ្វីលីពីន ថៃ ឬឥណ្ឌូណេស៊ី ជាងប្រទេសកម្ពុជាដែលជាប្រទេសតូចមួយ។
តាមទស្សនៈរបស់លោក តើលោកយល់ថានឹងមានការផ្លាស់ប្ដូរក្នុងប្រទេសកម្ពុជានាពេលអនាគតដ៏ខ្លីឬក្នុងរយៈពេលវែងតទៅមុខទៀតដែរឬទេ?
ខ្ញុំសង្ឃឹមថានឹងមានការផ្លាស់ប្ដូរនៅក្នុងរយៈពេលវែងខាងមុខ ប៉ុន្តែខ្ញុំមិនអាចទស្សន៍ទាយដឹងបានទេ ហើយខ្ញុំក៏មិនដឹងថាការផ្លាស់ប្ដូរនោះគឺជាអ្វីដែរ។ ដូចដែលនរណាម្នាក់ធ្លាប់សរសេរថា នៅពេលយូរអង្វែងខាងមុខ យើងទាំងអស់គ្នានឹងស្លាប់ហើយ។ យើងមិនដឹងទេ។ ខ្ញុំមិនអាចនិយាយថា ការផ្លាស់ប្តូរនោះជាអ្វីទេ ដោយសារតែវាផ្អែកទៅលើថាតើការផ្លាស់ប្ដូរអ្វីដែលកើតឡើងក្នុងតំបន់អាស៊ីឬនៅកន្លែងផ្សេងទៀត។ ខ្ញុំមិនគិតថា ពិភពលោកនឹងក្លាយទៅជាកន្លែងដែលល្អប្រសើរជាងមុនសម្រាប់រស់នៅនោះទេ។ ពិភពលោកនឹងមានមនុស្សរស់នៅកាន់តែច្រើនហួសហេតុ មិនមានទឹកគ្រប់គ្រាន់ អាកាសធាតុកាន់តែអាក្រក់ និងមិនមានស្បៀងអាហារគ្រប់គ្រាន់។ ខ្ញុំមិនគិតថា ពិភពលោកនឹងក្លាយជាកន្លែងដ៏ប្រសើរជាងមុនសម្រាប់ចៅៗរបស់ខ្ញុំទេ។ ខ្ញុំក៏មិនគិតថា ការផ្លាស់ប្ដូរទាំងនោះកើតឡើងក្នុងប្រទេសកម្ពុជាលឿនជាងកន្លែងផ្សេងទៀតនោះដែរ។
លោកនិយាយកាលពីមុនថា លោកមិនជឿលើនយោបាយបោះឆ្នោតនៅកម្ពុជាទេ។ តើលោកចង់មានន័យថា ប្រជាពលរដ្ឋកម្ពុជាមិនមែនជាម្ចាស់ជោគវាសនារបស់ខ្លួនឯងឬយ៉ាងណា?
ទេ ខ្ញុំមិនមែនចង់មានន័យជ្រៅយ៉ាងដូច្នេះទេ។ កម្ពុជាបានក្លាយជាប្រទេសដ៏រីកចម្រើនមួយ មិនមែនដូចពីមុនទៀតទេ។ ពលរដ្ឋខ្មែរជាច្រើនទទួលបានផលប្រយោជន៍ពីការរីកចម្រើននេះ។ ពួកគេមានជីវិតប្រសើរជាងពេលមុន។ ការគិតរបស់ពួកគេមិនពាក់ព័ន្ធនឹងនយោបាយបោះឆ្នោតនោះឡើយ។ ខ្ញុំគិតថា មនុស្សភាគច្រើនមិនគិតអំពីនយោបាយដូចអ្នកធ្វើការនៅ VOA ឬខ្ញុំនោះទេ។ ពួកគេគិតទៅលើថាតើជីវិតរបស់ពួកគេសុខស្រួលប៉ុណ្ណា កូនៗរបស់ពួកគេរស់នៅសុខស្រួលប៉ុណ្ណា តើពួកគេទទួលបានការអប់រំដល់កម្រិតណា ហើយមានលុយប៉ុន្មានជាដើម។ ប្រសិនបើអ្វីៗរីកចម្រើនដូចក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះសម្រាប់អ្នកមានជីវភាពមធ្យមនៅកម្ពុជា មិនមែនសម្រាប់តែពួកអ្នកមានទ្រព្យសម្បត្តិនោះ នោះពួកគេទំនងជានឹងមិននិយាយថា «យើងនឹងផ្លាស់ប្ដូរទម្រង់រដ្ឋាភិបាល» នោះទេ ដោយសារតែអ្វីៗដំណើរការដោយរលូន។ លោក ហ៊ុន សែន និយាយថាអ្វីៗដំណើរការដោយរលូន ជាមួយនឹងទម្រង់រដ្ឋាភិបាលដែលលោកបង្កើត។ គ្មាននរណាម្នាក់នឹងផ្លាស់ប្ដូរទម្រង់រដ្ឋាភិបាលទេ ហើយនិយាយថា «វាមិនមែនជាទម្រង់ត្រឹមត្រូវទេ»។ នរណាអាចដឹងបាន? អ្នកមិនអាចប៉ាន់ស្មានអំពីវាបានទេ។
ចុះប្រជាជនក្រីក្រ ដែលមិនទទួលបានអត្ថប្រយោជន៍ដូចអ្នកមានជីវភាពមធ្យម?
«ប្រជាជនក្រីក្រគឺជាអ្នកដែលមិនទទួលបានអត្ថប្រយោជន៍អ្វីទេ។ នៅទីណាដែលមានការប្រែប្រួលសេដ្ឋកិច្ច ប្រជាជនក្រីក្រតែងតែជាអ្នកដែលមិនទទួលបានអត្ថប្រយោជន៍អ្វីទេ។»
ពួកគេមិនដែលទទួលបានអត្ថប្រយោជន៍នោះទេ។ ពួកគេកាន់តែលំបាកជាងមុនទៅទៀត។ យើងមានវិសមភាពរវាងអ្នកមាននិងអ្នកក្រនៅទូទាំងពិភពលោក។ វាប្រៀបដូចជាទាញកៅស៊ូមួយដុំអញ្ចឹង។ អ្នកមានក្នុងចំនួនតិចតួចកាន់តែមាន ហើយអ្នកក្រកាន់តែលំបាក។ នៅពេលដែលខ្ញុំនៅទីនោះកាលពីទសវត្សរ៍១៩៦០ កម្ពុជាមិនដែលមានអ្នករកប្រាក់ចំណូលបានលើសពី៥០០ដុល្លារក្នុងមួយឆ្នាំនោះទេ ប៉ុន្តែពួកគេមានទឹកស្អាត មានដី មានដំណាំ មានម្ហូបអាហារ និងហូបគ្រប់គ្រាន់។ ពួកគេអាចនឹងរស់នៅបានប្រសើរជាងឥឡូវនេះ។ បច្ចុប្បន្ននេះ ពួកគេក្រីក្រណាស់។ ពួកគេមានទូរទស្សន៍មើល ប៉ុន្តែគ្មានសុវត្ថិភាពទេ។ កាលពីមុន ពួកគេមានសុវត្ថិភាពណាស់។ ឥឡូវនេះ ប្រជាជនត្រូវបានបណ្តេញចេញពីដីធ្លីរបស់ខ្លួន។ ឥឡូវនេះ កម្ពុជាកាន់តែមានគម្លាតវិសមភាពធំ។ ខ្ញុំគិតថា មនុស្សមួយចំនួនមើលឃើញពីបញ្ហានេះ។ កាលពីមុន នៅក្នុងបណ្តាប្រទេសផ្សេងៗ វិសមភាពនេះបានបង្កឲ្យមានការងើបឈរប្រឆាំង។ ប៉ុន្តែវានឹងមិនកើតឡើងនៅកម្ពុជាទេ។ វាហួសពេលហើយ។ ប្រជាជនគ្មានអាវុធទេ។ ការមិនពេញចិត្តនេះក៏កើតឡើងនៅក្នុងសហរដ្ឋអាមេរិកដែរ ហើយអ្នកមានប្រាក់ចំណូលទាបនិយាយថា «វាមិនយុត្តិធម៌ទេ»។ វិសមភាពកើតឡើងនៅទូទាំងពិភពលោក។ ហើយវាក៏កំពុងតែកើតឡើងក្នុងប្រទេសកម្ពុជាផងដែរ។ ប្រជាជនក្រីក្រគឺជាអ្នកដែលមិនទទួលបានអត្ថប្រយោជន៍អ្វីទេ។ នៅទីណាដែលមានការប្រែប្រួលសេដ្ឋកិច្ច ប្រជាជនក្រីក្រតែងតែជាអ្នកដែលមិនទទួលបានអត្ថប្រយោជន៍អ្វីទេ។
ខ្ញុំចង់ឲ្យលោកពន្យល់ថាតើអ្វីគឺជាបញ្ហាពិតប្រាកដដែលកម្ពុជាកំពុងតែប្រឈមក្នុងពេលបច្ចុប្បន្ននេះ?
ខ្ញុំគិតថា ជារៀងរាល់ឆ្នាំ ឱកាសដើម្បីបើកចំហនិងចូលរួមជាមួយនឹងក្រុមភាគតិចនៅក្នុងបណ្តាប្រទេសដែលបោះឆ្នោតដោយប្រជាធិបតេយ្យនោះមានកាន់តែតិច។ អ្នកមិនអាចឲ្យពួកគេទាំងនោះធ្វើតាមប្រទេសវៀតណាម ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឬហ្វីលីពីនបានទេ។ ប្រទេសទាំងនោះសុទ្ធតែជាប្រទេសផ្តាច់ការ។ ប្រទេសទាំងនោះសុទ្ធតែមានមេដឹកនាំផ្តាច់ការ ដែលសោយសុខនឹងអំណាចរបស់ខ្លួន។ ខ្ញុំមិនគិតថារបបកម្ពុជាបច្ចុប្បន្ននេះអាក្រក់ជាងគេបំផុតនោះទេ។ ប៊្រុយណេជាប្រទេសដែលមានមេដឹកនាំផ្តាច់ការតែម្នាក់អស់រយៈពេលប្រហែល២០ឬ៣០ឆ្នាំមកហើយ។ គ្មានប្រទេសណាធ្វើតាមប្រទេសណាមួយនោះទេ ដូច្នេះហេតុអ្វីបានជាពួកគេត្រូវធ្វើតាមបស្ចិមប្រទេស? បស្ចិមប្រទេសមិនធ្វើតាមពួកគេផង។ កម្ពុជាមិនអាចក្លាយជាអាមេរិកឬដាណឺម៉ាកនោះទេ។ កម្ពុជាមិនធ្លាប់ធ្វើដូច្នេះទេ។ បច្ចុប្បន្ននេះ មានការមិនពេញចិត្តនៅក្នុងប្រទេសកម្ពុជាច្រើនជាងពេលកន្លងមក ប៉ុន្តែខ្ញុំមិនគិតថា វាអាចចេញជាលទ្ធផលតាមដែលពួកគេចង់បាននោះទេ។ ដូច្នេះហើយបានជាខ្ញុំមានទុទ្ទិដ្ឋិនិយម។
តើអ្វីដែលធ្វើឲ្យមេដឹកនាំម្នាក់ភ័យខ្លាចត្រូវបានគេជំនួសតំណែង?
បញ្ហាចម្បងនៅក្នុងប្រទេសកម្ពុជា ខ្ញុំគិតថា គាត់ភ័យខ្លាចថានឹងមានរឿងអ្វីមួយកើតឡើងចំពោះគាត់ ប្រសិនបើគាត់ត្រូវគេជំនួសតំណែង។ គាត់នឹងមិនទៅធ្វើជាគណបក្សប្រឆាំងទេ។ នេះគឺជានាយករដ្ឋមន្ត្រីរបស់អ្នក។ គាត់ភ័យខ្លាចថា នឹងអ្វីមួយកើតឡើងចំពោះគាត់ប្រសិនបើគាត់ត្រូវបានទម្លាក់ពីតំណែង។ រាល់ពេលដែលមានការប្រែប្រួលនយោបាយនៅក្នុងរដ្ឋាភិបាលកម្ពុជា ដូចជារដ្ឋាភិបាល លន់ នល់ ត្រូវបានកាត់ទោសប្រហារជីវិត។ នៅពេលដែលខ្មែរក្រហមចូលមក ពួកគេបានកាត់ទោសប្រហារជីវិត លន់ នល់។ វៀតណាមក៏បានកាត់ទោសប្រហារជីវិតខ្មែរក្រហមដែរ។ អ្នកមិននិយាយថា «ខ្ញុំធ្លាប់កាន់អំណាច មកចូលរួមជាមួយខ្ញុំ ហើយបង្កើតជាប្រព័ន្ធមួយដែលមានគណបក្សពីរទេ»។ ប៉ុន្តែពួកគេបែរជានិយាយថា «អ្នកធ្លាប់កាន់អំណាច ឥឡូវនេះ យើងជាអ្នកកាន់អំណាច ហើយយើងនឹងកាត់ទោសប្រហារជីវិតអ្នក»។ វាគឺជាអ្វីដែលធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្ររួចទៅហើយ។ នេះជារឿងមួយគួរឲ្យខ្លាចណាស់សម្រាប់នរណាម្នាក់ដែលធ្លាប់កាន់អំណាច ហើយប្រជាពលរដ្ឋមិនចូលចិត្តរបៀបដឹកនាំរបស់ពួកគេនោះ។
តើលោកចង់មានន័យថា ដោយសារតែមេដឹកនាំទាំងនោះបានប្រព្រឹត្តខុសឆ្គងឬយ៉ាងណា?
ទេ ខ្ញុំមិនបាននិយាយថា ពួកគេបានធ្វើអ្វីខុសឆ្គងនោះទេ ប៉ុន្តែគ្រាន់តែឃ្លាថា ការស្មោះត្រង់របស់គណបក្សប្រឆាំងមិនដែលមាននៅប្រទេសកម្ពុជាទេ។ ខ្ញុំនឹងមិននិយាយច្រើនអំពីនយោបាយកម្ពុជាទេ ប៉ុន្តែលោក សម រង្ស៊ី មិនដែលលើកឡើងថា «នៅពេលដែលខ្ញុំកាន់អំណាច ខ្ញុំស្វាគមន៍លោក ហ៊ុន សែន ជាគណបក្សប្រឆាំងទេ។ គាត់មានបទពិសោធន៍ដឹកនាំប្រទេសយូរ ខ្ញុំនឹងស្វាគមន៍មតិរបស់គាត់។» លោក សម រង្ស៊ី មិនដែលនិយាយដូច្នេះទេ។ នៅពេលដែលខ្ញុំកាន់អំណាច ខ្ញុំកាន់អំណាច។ ខ្ញុំដឹងថា មានការចរចាខ្លះៗកាលពីប៉ុន្មានឆ្នាំមុន។ មានការចរចាដោយសម្ងាត់រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ។ ប្រសិនបើអ្នកចូលមកកាន់តំណែង តើអ្នកនឹងធ្វើដូចម្តេច? ពួកគេបានចរចាគ្នាទៅលើកិច្ចព្រមព្រៀងលើកលែងទោស ប៉ុន្តែវាមិនបានធ្វើឲ្យលោក ហ៊ុន សែន ពេញចិត្តនោះទេ។ ខ្ញុំមិនមែនកំពុងតែប្រាប់ដល់លោក រង្ស៊ី ឲ្យធ្វើអ្វីមួយនោះទេ។ កុំយល់ច្រឡំ។ ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងមួយដែលនាំឲ្យមានការផ្ទេរអំណាចដោយសន្តិវិធីនោះទេ។ វាមិនមែនជាទម្លាប់ដែលកើតឡើងនៅកម្ពុជាទេ។
ចំពោះទស្សនៈលោកផ្ទាល់ តើការផ្ទេរអំណាចនាពេលអនាគតនៅកម្ពុជានឹងទៅជាយ៉ាងណា?
ខ្ញុំមិនដឹងទេ។ ខ្ញុំពិតជាមិនដឹងមែន។ ខ្ញុំមិនអាចទស្សន៍ទាយពីអនាគតកម្ពុជាបានទេ។ ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យទស្សន៍ទាយទេ។ ខ្ញុំមិនមែនជាជនជាតិខ្មែរទេ។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងទេ។ ខ្ញុំមិនប្រាកដទេ។ វាគឺជាសំណួរដ៏ជ្រៅមួយ ប៉ុន្តែខ្ញុំមិនអាចឆ្លើយបានទេ។ ខ្ញុំមិនដឹងថាត្រូវឆ្លើយនឹងសំណួរនេះយ៉ាងដូចម្តេចទេ មិនមែនខ្ញុំមិនចង់ឆ្លើយនោះទេ។
នេះគឺជាសំណួរចុងក្រោយរបស់ខ្ញុំ។ សម្រាប់ពលរដ្ឋខ្មែរវ័យក្មេង តើអ្វីជាមេរៀនពីប្រវត្តិសាស្ត្រសំខាន់មួយឬពីរ ដែលលោកចង់ឲ្យពួកគេរៀនសូត្រ ហើយត្រៀមខ្លួនសម្រាប់អនាគតល្អប្រសើរជាងមុន?
«កុំទៅធ្វើការតវ៉ានៅតាមដងផ្លូវ! សា្ថនភាពនៅពេលបច្ចុប្បន្ននេះមិនមានស្ថិរភាពទេ ដូច្នេះព្យាយាមប្រុងប្រយ័ត្ន ប្រុងប្រយ័ត្នទៅលើអ្វីដែលអ្នកធ្វើ ហើយកុំប្រើកម្លាំង ព្រោះអ្នកនឹងមានបញ្ហា។»
នេះគឺជាសំណួរដ៏ពិបាកមួយ។ ខ្ញុំមិនចង់ផ្តល់ដំបូន្មានដល់ពលរដ្ឋកម្ពុជាវ័យក្មេងដែលខ្ញុំកោតសរសើរយ៉ាងខ្លាំងចំពោះចំណាប់អារម្មណ៍របស់ពួកគេទៅលើនយោបាយទេ។ ខ្ញុំរកនឹកមិនឃើញពីដំបូន្មានដែលខ្ញុំអាចផ្តល់ដល់ពួកគេទេ ប៉ុន្តែខ្ញុំគិតថា នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងផ្តល់ដំបូន្មានឲ្យពួកគេប្រុងប្រយ័ត្ន។ ត្រូវប្រុងប្រយ័ត្ននិងអត់ធ្មត់! រង់ចាំមើល តើអ្វីៗនឹងទៅជាយ៉ាងណា។ កុំទៅធ្វើការតវ៉ានៅតាមដងផ្លូវ! សា្ថនភាពនៅពេលបច្ចុប្បន្ននេះមិនមានស្ថិរភាពទេ ដូច្នេះព្យាយាមប្រុងប្រយ័ត្ន ប្រុងប្រយ័ត្នទៅលើអ្វីដែលអ្នកធ្វើ ហើយកុំប្រើកម្លាំង ព្រោះអ្នកនឹងមានបញ្ហា។ ទាំងជនបរទេសនិងជនជាតិខ្មែរខ្លួនឯងជួបបញ្ហារួចហើយចំពោះការបើកចំហហួសហេតុពេកទៅលើអ្វីដែលពួកគេបានឃើញថាកំពុងតែកើតឡើង។ ថយក្រោយមួយរយៈ។ រក្សាភាពស្ងៀមស្ងាត់មួយរយៈ។ សង្កេតមើល ប៉ុន្តែកុំ... គ្រោះថ្នាក់ខ្លាំងណាស់។ ត្រូវប្រុងប្រយ័ត្ន៕