នៅថ្ងៃពុធនេះ មហាសន្និបាតអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិ Interpol បានបោះឆ្នោតជ្រើសរើសលោក Kim Jong Yang នៃប្រទេសកូរ៉េខាងត្បូង ជានាយកថ្មីរបស់ខ្លួន។
លោក Kim Jong Yang ធ្លាប់ធ្វើជានាយកស្ដីទីនៃអង្គការ Interpol នេះ។ អង្គការ Interpol នេះបានបញ្ជាក់ថា លោកនឹងធ្វើជានាយកថ្មីរបស់ខ្លួនសម្រាប់អាណត្តិរយៈពេល ២ ឆ្នាំ។
លោក Kim Jong Yang ជំនួសតំណែងលោក Meng Hongwei ដែលមកពីប្រទេសចិន។ លោក Meng Hongwei បានបាត់ខ្លួននៅពេលដែលលោកទៅប្រទេសចិនកាលពីចុងខែកញ្ញា ហើយក្រោយមកត្រូវបានគេបញ្ជាក់ថា លោកត្រូវបានគេដាក់ឃុំក្រោមបទចោទប្រកាន់ពុករលួយ។
នៅមុនការបោះឆ្នោតជ្រើសតាំងលោក Kim Jong Yang រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាចំពោះលោក Kim Jong Yang ឲ្យធ្វើជានាយកថ្មីនៃអង្គការ Interpol នេះ។
លោក Pompeo និយាយដូច្នេះថា៖ «យើងលើកទឹកចិត្តបណ្ដាប្រទេស និងអង្គការទាំងអស់ដែលជាផ្នែកមួយនៃអង្គការប៉ូលិសអន្តរជាតិ Interpol និងដែលគោរពនីតិរដ្ឋឲ្យជ្រើសរើសមេដឹកនាំមួយរូបដែលគេអាចជឿទុកចិត្តបាន និងមានភាពទៀងត្រង់ ដែលបង្ហាញឲ្យឃើញពីអង្គភាពអនុវត្តច្បាប់ដ៏សំខាន់បំផុតមួយនៅលើពិភពលោក»។
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសនាយកថ្មីនៃអង្គការ Interpol នេះ សម្រាប់ករណីខ្លះគឺជារឿងភ្ញាក់ផ្អើលមួយ បន្ទាប់ពីមនុស្សភាគច្រើនបានចាត់ទុកលោក Alexander Prokopchuk នៃប្រទេសរុស្ស៊ី ដែលជានាយករងមួយរងនៃអង្គការ Interpol នេះ ថាជាអ្នកនាំមុខនៅក្នុងការប្រកួតប្រជែងនេះ។
អ្នករិះគន់រដ្ឋាភិបាលរុស្ស៊ីថា ប្រសិនបើជ្រើសរើសលោក Alexander Prokopchuk ជានាយកថ្មីនៃអង្គការ Interpol នោះលោកនឹងធ្វើឲ្យអង្គការនេះពាក់ព័ន្ធនឹងនយោបាយជាមិនខាន៕