រដ្ឋាភិបាលវិមានគ្រឹមឡាំងបានឲ្យដឹងថា ការប្រឆាំងនឹងបេក្ខជនរុស្ស៊ីម្នាក់ ដែលឈរឈ្មោះធ្វើជាថ្នាក់ដឹកនាំក្រុមប៉ូលិសអន្តរជាតិគឺជា ការចូលជ្រៀតជ្រែកដំណើរការបោះឆ្នោតរបស់អង្គការប៉ូលិសអន្តរជាតិ។
ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ស្ថាប័នប៉ូលិសអន្តរជាតិត្រូវរៀបចំធ្វើឡើងនៅថ្ងៃពុធនេះនៅវគ្គចុងក្រោយនៃសន្និសីទប្រចាំឆ្នាំរបស់ប៉ូលិសអន្តរជាតិនៅក្នុងទីក្រុងឌុយបៃ។
សមាជិកព្រឹទ្ធសភាអាមេរិក ៤នាក់បានចេញលិខិតចំហមួយកាលពីថ្ងៃចន្ទ ដោយជំរុញឲ្យលោកប្រធានាធិបតី Donald Trump ប្រឆាំងនឹងបេក្ខភាពរុស្ស៊ីលោក Alexander Prokopchuk ដែលបច្ចុប្បន្នគឺជា អនុប្រធានប៉ូលិសអន្តរជាតិ។
ក្រុមសមាជិកព្រឹទ្ធសភាទាំងនោះបាននិយាយថា លោក Prokopchukបានចូលពាក់ព័ន្ធនៅក្នុងអ្វីដែលពួកគេនិយាយថា ជាការរំលោភរបស់រុស្ស៊ីទៅលើគូប្រជែងនយោបាយ ក្រុមប្រឆាំងនឹងអ្នកសារពត៌មាន។
អ្នកនាំពាក្យរដ្ឋាភិបាលវិមានគ្រឹមឡាំងលោក Dmitry Peskovបានប្រាប់ក្រុមអ្នកសារពត៌មានពាក់ព័ន្ធទៅនឹងការរិះគន់បេក្ខភាពរបស់លោក Prokopchukថាជា ទង្វើចូលជ្រៀតជ្រែកនៅក្នុងដំណើរការបោះឆ្នោតរបស់អង្គការអន្តរជាតិ»។
ប្រទេសជាសមាជិកនៃក្រុមប៉ូលិសអន្តរជាតិនឹងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំជំនួសលោក Meng Hongwei ដែលបានបាត់ខ្លួននៅក្នុងប្រទេសចិន ដែលជាប្រទេសកំណើតរបស់លោកកាលពីខែកញ្ញា។ បន្ទាប់មកប្រទេសចិនបានប្រាប់ប៉ូលិសអន្តរជាតិថា លោក Meng បានចុះចេញពីតំណែងបន្ទាប់ពីរងការចោទប្រកាន់ថា បានទទួលសំណូក៕