ប៉ូលិសអន្តរជាតិ Interpol បានទាមទារឲ្យមានការបញ្ជាក់ជាផ្លូវការពីប្រទេសចិនស្តីពីការបាត់ខ្លួនប្រធានប៉ូលិសអន្តរជាតិ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកបានត្រូវគេចាប់ខ្លួនដើម្បីសួរចម្លើយស្តីពីការមកដល់មាតុភូមិរបស់លោក។
រដ្ឋាភិបាលក្រុងប៉េកាំងបានរក្សាការស្ងៀមស្ងាត់លើការបាត់ខ្លួនរបស់លោក Meng Hongwei ដ៏អាថ៌កំបាំងដែលត្រូវបានគេឃើញចាកចេញទៅកាន់ប្រទេសចិនកាលពីចុងខែកញ្ញាពីទីស្នាក់ការប៉ូលិសអន្តរជាតិ Interpol ក្នុងទីក្រុងលីយ៉ុង ភាគអាគ្នេយ៍នៃប្រទេសបារាំង នេះបើតាមប្រភពដ៏ជិតស្និទ្ធដែលបានការស៊ើបអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ចាប់តាំងពីពេលនោះមក ភរិយារបស់លោកបានរាយការណ៍ពីការបាត់ខ្លួនលោកនេះ។
លោក Jurgen Stock អគ្គលេខាធិការនៃអង្គការប៉ូលិសអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប៉ូលិសអន្តរជាតិ Interpol បានស្នើតាមរយៈបណ្តាញពង្រឹងច្បាប់ផ្លូវការឲ្យធ្វើការបញ្ជាក់ឲ្យច្បាស់ពីអាជ្ញាធរចិនស្តីពីលោក Meng Hongwei ប្រធានប៉ូលិសអន្តរជាតិ Interpol។
លោក Stock បាននិយាយថា៖ «លេខាធិការដ្ឋានរបស់ប៉ូលិសអន្តរជាតិ Interpol រំពឹងនឹងទទួលបានការឆ្លើយតបជាផ្លូវការមកពីពួកអាជ្ញាធរចិនដើម្បីឆ្លើយតបការព្រួយកង្វល់ពីសុខមាលភាពរបស់លោកប្រធានប៉ូលិសអន្តរជាតិ»។
នេះជាការបាត់ខ្លួនឥស្សរៈជនជាន់ខ្ពស់នៅពេលថ្មីៗបំផុតនៅក្នុងប្រទេសចិនដែលមន្រ្តីរដ្ឋាភិបាលមួយចំនួនរបស់ចិន មហាសេដ្ឋី និងជនល្បីៗបានបាត់ខ្លួនអស់រយៈពេលរាប់សប្តាហ៍ឬខែ៕