ក្រសួងការបរទេសចិនបានឲ្យដឹងថា ប៉ូលិសអន្តរជាតិ Interpol បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធ ដើម្បីតាមចាប់ខ្លួនលោក Guo Wengui ដែលជាមហាសេដ្ឋី និងជាអ្នករិះគន់គណបក្សកុម្មុយនិស្ត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីបទឧក្រិដ្ឋដែលលោកត្រូវបានចោទប្រកាន់នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Lu Kang បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «អ្វីដែលយើងយល់នោះគឺថា ប៉ូលិសអន្តរជាតិ Interpol បានចេញសេចក្តីប្រកាសតាមចាប់ខ្លួនលោក Guo Wengui ដែលជាជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋ»។
អាត្ថាធិប្បាយធ្វើឡើងខណៈពេលដែល VOA សេវាភាសាចិនសម្ភាសន៍លោក Guo កាលពីថ្ងៃពុធ។ លោក Guo ធ្លាប់បានថ្លែងថា លោកនឹងផ្តល់ព័ត៌មានលម្អិត ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍អំពីមេដឹកនាំរបស់ចិន។ លោកបានថ្លែងកាលពីដើមសប្តាហ៍នេះថា លោកបានរងការគំរាមកំហែងពីទីភ្នាក់ងាររបស់ចិន ដោយព្រមានប្រឆាំងចំពោះការធ្វើបទសម្ភាសន៍របស់លោក។
លោក Guo បានប្រាប់ VOA ថា៖ «ក្រុមអ្នកសារព័ត៌មាន VOA បានលើកឡើងថា ក្រសួងការបរទេសចិនបាននិយាយទៅកាន់ VOA និងស្នើកុំឲ្យធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។ មូលហេតុគឺសាមញ្ញនោះទេ។ មូលហេតុគឺដោយសារតែអ្នកដែលខ្ញុំនឹងធ្វើការលាតត្រដាងនោះ គឺជាអ្នកដែលមានអំណាចក្នុងការបញ្ជាក្រសួងការបរទេស។ បុគ្គលនោះមានភាពភ័យខ្លាច ដោយសារតែបុគ្គលរូបនោះប្រព្រឹត្តអំពើពុករលួយ»៕