ពិធីតាំងពិព័រណ៍នេះបានធ្វើឡើងពេញទំហឹង ប៉ុន្តែគេក៏ឃើញមានអ្នកបច្ចេកវិទ្យាដែលទើបនឹងលេចមុខឡើងមួយចំនួនផងដែរ ដូចជានៅក្នុងប្រទេសថៃជាដើម ដែលនៅទីនោះ កម្លាំងជំរុញឲ្យមានការបង្កើតថ្មីគឺចាំបាច់បំផុត។
លោក Mahisorn Wongphati នាយកប្រតិបត្តិនៃក្រុមហ៊ុន HG Robotics នៃប្រទេសថៃ និយាយថា៖ «មិត្តភក្ដិរបស់ខ្ញុំ និងខ្ញុំ បានជួបពិភាក្សាគ្នា ហើយពួកយើងចង់ធ្វើការឲ្យក្រុមហ៊ុនរូបយន្ត ប៉ុន្តែពួកយើងមិនឃើញមានក្រុមហ៊ុនដូចនេះនៅក្នុងប្រទេសថៃនោះទេ។ នៅពេលនោះ ពួកយើងនៅក្មេងពេក ដូច្នេះពួកយើងក៏បានបង្កើតក្រុមហ៊ុនដោយខ្លួនឯង»។
លោក Mahisorn Wongphati និងដៃគូរបស់លោកបានផលិតរូបយន្តសន្តិសុខ និងឧបករណ៍ដ្រូន ដែលអាចប្រមូល និងវិភាគទិន្នន័យកសិកម្មបាន។ នេះគឺជាលើកដំបូងហើយសម្រាប់ពួកគេនៅក្នុងការមានវត្តមានក្នុងពិធីតាំងពិព័រណ៍នេះ។
លោក Wongphati និយាយថា៖ «តាមពិត ខ្ញុំជាមនុស្សវក់នឹងធ្វើអ្វីដែលទាក់ទងនឹងវិស្វកម្ម ហើយនៅពេលដែលយើងក្លាយជានាយកប្រតិបត្តិ យើងត្រូវតែនិយាយអំពីអាជីវកម្ម ហើយនេះគឺជាអ្វីមួយដែលមានការប្រឈមខ្លាំងសម្រាប់វិស្វករនៅក្នុងការធ្វើដូច្នេះ។ ពិព័រណ៍អេឡិចត្រូនិកអ្នកប្រើប្រាស់នេះនឹងក្លាយជាវេទិកាដ៏ល្អមួយសម្រាប់សិក្សាស្វែងយល់បន្ថែមអំពីការលក់ផលិតផលនានា»។
វាក៏ជាឱកាសមួយផងដែរនៅក្នុងការបង្ហាញទេពកោសល្យបច្ចេកវិទ្យារបស់ប្រទេសថៃ ដែលនេះគឺជាអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់លោក Pachara Kangchirdsri ដែលបានត្រឡប់ទៅកាន់ប្រទេសថៃ ដែលជាមាតុភូមិរបស់លោកវិញ បន្ទាប់ពីបានចំណាយពេលមួយចំនួននៅក្នុងទីក្រុង New York និងទីក្រុង Chicago មក។
លោក Pachara Kangchirdsri នៃក្រុមហ៊ុន HG Robotics ថា៖ «ខ្ញុំជឿថា ប្រទេសថៃមានអ្នកមានទេពកោសល្យជាច្រើនដូចជាវិស្វករ អ្នករចនាប្លង់ជាដើម ប៉ុន្តែពួកយើងមិនមានការគាំទ្រគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុ»។
លោក Mouhamadou Lamine Kebe បានធ្វើដំណើរមកពីប្រទេសសេណេហ្គាល់ដើម្បីស្វែងរកថវិកាសម្រាប់ឧបករណ៍ Tolbi ដែលជាផ្នែកមួយនៃប្រព័ន្ធ sensor តភ្ជាប់គ្នាជាច្រើន ដែលអាចជួយកសិករតាមដានការប្រើប្រាស់ទឹកបាន។
លោក Lamine Kebe ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Tolbi និយាយថា៖ «ពូរបស់ខ្ញុំគឺជាកសិករអាហ្វ្រិកម្នាក់។ គាត់ខ្ជះខ្ជាយទឹកធារាសាស្ត្ររបស់គាត់ពី ៥០ ទៅ ៨០ ភាគរយ ដោយសារខ្វះចំណេះដឹង និងការគ្រប់គ្រងលើតម្រូវការទឹក ដែលករណីនេះធ្វើឲ្យខាតបង់ថវិកា»។
លោក Lamine Kebe បានចូលរួមនៅក្នុងពិព័រណ៍អេឡិចត្រូនិកអ្នកប្រើប្រាស់នេះ ដើម្បីស្វែងរកដៃគូដែលអាចជួយអភិវឌ្ឍ sensor របស់ឧបករណ៍ Tolbi នេះបន្ថែមទៀត។
អ្នកស្រី Dicko Sy ជនជាតិសេណេហ្គាល់ ដែលជាស្ថាបនិកក្រុមហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dictaf Corporation បាននិយាយថា ការតាំងពិព័រណ៍នេះគឺជាកន្លែងដែលយើងអាចទាក់ទងវិនិយោគិនបាន។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «វាគឺជាការតាំងពិព័រណ៍អំពីការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលយើងមានឱកាសជួបជាមួយនឹងក្រុមហ៊ុនធំបំផុតនានាផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី»។
នៅឯស្តង់តាំងពិព័រណ៍របស់ប្រទេសអ៊ុយក្រែនឯណោះវិញ អ្នកស្រី Anastasiia Romanova កំពុងបង្ហាញប្រព័ន្ធចាប់សត្វមូសដែលមិនប៉ះពាល់ដល់បរិស្ថានដ៏ឆ្លាតវៃ។
អ្នកស្រី Romanova ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Mosquito Control និយាយដូច្នេះថា៖ «ឱកាសទាំងនេះគឺពិតជាសំខាន់សម្រាប់អ្នកបច្ចេកវិទ្យាអ៊ុយក្រែនបង្ហាញស្នាដៃរបស់ខ្លួន»។
ចំណែកឯលោក Alex Sharko ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Bicovery វិញ បាននិយាយថា៖ «ឥឡូវនេះ យើងឃើញមានការខ្វះខាតការគាំទ្រជាប្រព័ន្ធ ឧទាហរណ៍ដូចជាការខ្វះខាតនូវផែនការដែលជួយឲ្យក្រុមហ៊ុនទើបបង្កើតថ្មីទទួលជោគជ័យនៅក្នុងប្រទេសអ៊ុយក្រែនជាដើម»។
ហេតុដូច្នេះហើយបានជាបទពិសោធន៍ផ្ទាល់ផ្នែកឧស្សាហកម្មនេះគឺសំខាន់សម្រាប់ក្រុមហ៊ុនទើបបង្កើតថ្មីទាំងនេះ។
លោក Andrii Konovalenko ដែលជាស្ថាបនិក ក្រុមហ៊ុន CamTouch និយាយថា អ្នកដែលមកទស្សនាការតាំងពិព័រណ៍នេះបានផ្ដល់មតិយោបល់ដ៏មានតម្លៃសម្រាប់ឧបករណ៍ CamTouch ដែលជាឧបករណ៍មួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសរសេរ ឬក៏គូសនៅលើផ្ទៃនៃវត្ថុណាមួយបាន។
លោក Konovalenko និយាយថា៖ «ពួកគេបានផ្ដល់គំនិតថ្មីដល់ពួកយើងអំពីវិធីដែលយើងអាចប្រើបច្ចេកវិទ្យាដែលយើងបានបង្កើតឡើង ដើម្បីបង្កើតផលិតផលថ្មី និងរកទីផ្សារថ្មី»។
អ្នកស្រី Anastasiia Liubiashcheva ដែលជាសហស្ថាបនិកក្រុមហ៊ុន CamTouch នេះ និយាយថា៖ «យើងពិតជាសប្បាយចិត្ត និងអរគុណខ្លាំងណាស់ដែលអាចមានវត្តមាននៅទីនេះនៅថ្ងៃនេះតំណាងឲ្យប្រទេសអ៊ុយក្រែន។ វាជាជំហានដ៏ធំមួយសម្រាប់ពួកយើង និងជាការទទួលខុសត្រូវដ៏ធំមួយផងដែរ ហើយពួកយើងត្រៀមខ្លួនរួចរាល់ហើយដើម្បីសម្រេចឲ្យបាននូវរឿងនេះ»។
វាដូចជាឈ្មោះរបស់វាបានបង្ហាញដូច្នេះដែរ ឱកាសសម្រាប់ការរកឃើញថ្មីនានានៅ Eureka Park នេះ គឺមានច្រើន៕
ប្រែសម្រួលដោយ ភី សុភាដា