ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការតាំងពិរព័ណ៌គ្រឿង​អេឡិចត្រូនិក​ធំបំផុត​ក្នុង​ពិភពលោក​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ


រូបភាព​ឯកសារ៖ បុរស​ម្នាក់​ចាប់ដៃ​ជាមួយ​ដៃមនុស្សយន្ត​នៅ​ក្នុង​តង់​របស់ Intel ក្នុង​កម្មវិធី​តាំងពិរព័ណ៌គ្រឿង​អេឡិចត្រូនិក​អន្តរជាតិ (CES) ក្នុង​ទីក្រុង​ Las Vegas រដ្ឋ Nevada កាលពី​ថ្ងៃទី​០៦ មករា​ ២០១៥។

ខែ​មករា​បាន​ឈាន​ចូល​មកដល់ ​ហើយ​ពិភពលោក​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​ទាំង​ផ្នែក​ស្មារតី​និង​ថវិកា ​​សម្រាប់​អ្នក​ស្រឡាញ់​វិស័យ​បច្ចេកវិទ្យា​នៅ​ដើម​ឆ្នាំ​នេះ។

កម្មវិធី​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​អន្តរជាតិ ឬ​ហៅ​កាត់​ថា CES គឺ​ជា​កន្លែង​មួយ​ដែល​ផលិតករ​បច្ចេកវិទ្យា​ទាំង​ឡាយ​នៃ​ក្រុមហ៊ុន​ធំៗ​ ឬ​ក្រុម​ហ៊ុន​ទើប​បង្កើត​ថ្មី ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន ដោយ​សង្ឃឹម​ថា​ផលិតផល​របស់ខ្លួននឹង​ក្លាយ​ជា​តម្រូវការ​ដ៏​ចាំ​បាច់​បំផុតនៅ​ក្នុង​ពិភពលោក ដែល​គ្រប់​គ្នា​ត្រូវ​តែ​មាន។​

ជា​រៀងរាល់​ឆ្នាំ ការ​តាំង​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិកនៅ​ទីក្រុង​ Las Vegas ​តែង​តែ​បំបែក​កំណត់​ត្រា។ កាលពី​ខែ​មករា​ឆ្នាំ​មុន ក្រុមហ៊ុន​ជាង​៤០០០​បាន​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន ដោយ​ទាក់ទាញ​ចំណាប់​អារម្មណ៍អ្នក​ជំនាញ​ជាង​១៨០០០០​នាក់​ក្នុង​វិស័យ​នេះ។​ វា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ ពីព្រោះ​ នៅ CES គេឃើញ​មាន​ឧបករណ៍​ស្ទើរ​តែ​គ្រប់​យ៉ាង​ដែល​ចាំបាច់​ក្នុង​ពិភព​បច្ចេកវិទ្យា។

លោក​ Gary Shapiro នៃ​សមាគម​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា (Consumer Technology Association) បាន​និយាយ​ថា៖

«នៅ​ក្នុង​ឆ្នាំ​២០១៨ យើង​ឃើញមាន​ឧបករណ៍​យន្ត​ដែល​ប្រើប្រាស់​ជាមួយ​ភាព​វៃឆ្លាត​សិប្បនិម្មិត (artificial intelligence)​ កាន់​តែ​ច្រើន​ ដែល​ជួយ​យើង​ថែទាំ​សុខភាព និង​អាច​ព្យាករណ៍​បាន​ថា​យើង​អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ​ឬទេ ឬ​តើ​យើង​គួរ​ទទួល​ការ​ព្យាបាល​បែប​ណា។ យើង​ក៏​ឃើញ​មានការ​កើន​ឡើង​យានយន្ត​បើកបរដោយ​ខ្លួន​ឯង​ផង​ដែរ។ ហើយ​បណ្តាញ​អ៊ីនធឺណិត​បំពាក់​លើ​ឧបករណ៍បច្ចេកវិទ្យា​ ឬ​ហៅថា The Internet of Thing អាច​ធ្វើ​ឲ្យ​ឧបករណ៍​និយាយ​បាន ហើយ​ភាព​វៃ​ឆ្លាត​សិប្បនិម្មិត​ (artificial intelligence)​ អាច​សិក្សា​ពី​មនុស្ស និង​ស្វែង​យល់​ថា​ពួកគេ​អាច​ធ្វើ​ការងារ​ឲ្យ​យើង​យ៉ាង​ដូចម្តេច​ខ្លះ»។

អ្នក​ជំនាញ​និយាយ​ថា ​ពួកគេ​រំពឹងថា ​មនុស្ស​យន្ត​លក្ខណៈ​កម្សាន្ត​តូចៗ​នឹង​ត្រូវ​បាន​ផលិត​ឡើង​បន្ថែម​ទៀត​ ហើយ​ម៉ាស៊ីន​សម្រាប់​បម្រើ​ការងារ​ធំៗ នៅ​កន្លែង​ទទួល​ភ្ញៀវ​តាម​សណ្ឋាគារ អាកាសយានដ្ឋាន និង​ទី​សាធារណៈ​ផ្សេងៗ​ក៏​កើន​ឡើង​ដែរ។

លោក Paul McManus នៃ Future Roboticsបាន​ថ្លែង​ថា៖

«យើង​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​មជ្ឈមណ្ឌល​លក់​ទំនិញ​នានា ហើយ​បច្ចុប្បន្ន​នេះ ​យើង​មាន​មនុស្ស​យន្ត​តូចៗ​ជាច្រើន​ផ្សេងទៀត​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ក្រុម​ហ៊ុន​ផ្សេង​ៗដើម្បី​ឲ្យ​ធ្វើ​ការងារ​នានា ដូចជាទទួល​ឆូត​កាត​ឥណទាន និង​ជួយ​ក្នុងទទួល​ការ​បញ្ជា​ទិញនៅ​តាម​ក្រុម​ហ៊ុន​ទិញ​សិទ្ធិ​ទៅ​លក់​បន្ត​នានា។

ជំនួយ​ការ​ផ្ទាល់​ខ្លួន​ឬ​ឧបករណ៍​រំពង​សម្លេង​វៃឆ្លាត​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​កាន់​តែ​ច្រើន ដូច្នេះ CES ឆ្នាំ​២០១៨​នេះ ប្រហែល​ជា​នាំ​យក​មក​នូវ​ឧបករណ៍​ថ្មីៗ​ជាច្រើន​ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជា​ដោយ​ប្រើ​សំឡេង​និង​ធ្វើ​ការងារ​ផ្សេងៗ​ជាច្រើន​ទៀត។

ដោយ​មាន​ទីក្រុង​ជាច្រើន​កំពុង​ធ្វើ​ការ​ប្រយុទ្ធ​នឹង​ការ​បំពុល​បរិស្ថាន​នានា​កាន់​តែ​ខ្លាំង ហើយ​ថ្ម​កំពុង​មាន​តម្លៃ​ថោក​ជាមួយ​នឹង​គុណភាព​ល្អ​ជាង​មុន មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន​ ដូច​ជាម៉ូតូ​អគ្គិសនី ក្តារ​ស្គី​អគ្គិសនី និង​កង់​អគ្គិសនី ​ប្រហែល​ជា​នឹង​ត្រូវដាក់​តាំង​បង្ហាញ។

លោក Phil Labonty នៃ Cycleboard បាន​មាន​ប្រសាសន៍​ថា៖

«នៅ​ពេល​ដែល​អ្នក​ឱន Cycleboard នឹងរេ​ទៅ​តាម​អ្នក​ក្នុង​ទិស​ដៅ​ដូចគ្នា។ ដូច្នេះរាងកាយ​របស់​អ្នក​តែង​តែង​នៅ​ចំ​ទីតាំង​ត្រឹមត្រូវ»។

សាលារៀន ជំនួញ និង​សូម្បី​តែ​នៅ​តាម​គេហដ្ឋាន​នៅ​ជុំ​វិញ​ពិភពលោក ឥឡូវ​នេះ កំពុង​ប្រើ​ម៉ាស៊ីន​ព្រីន 3D ដើម្បី​បង្កើត​ផលិតផល​គំរូ​ដែល​អាច​ទាក់ទាញ​ទីផ្សារ​បាន។

លោក Hugo Wongនៃ Print-Riteបាន​និយាយ​ថា៖

«វា​លឿន​ជាង​ម៉ាស៊ីន​ព្រីន 3D ធម្មតា​ប្រហែល​៤ ដង​ទៅ​៦ដង​»។

នៅ​តាម​គេហដ្ឋាន​ទំនើប គេ​រំពឹង​ថា ​នឹង​មាន​ទូទឹកកក​ ម៉ាស៊ីន​លាង​ចាន ម៉ាស៊ីន​បូម​ធូលី​ស្វ័យប្រវត្តិ ម៉ាស៊ីន​សម្អាត​បង្អួច និង​អាច​មាន​ដល់​ចាន​បង្គន់​ម៉ូដថ្មីៗ​ជាច្រើន​ប្រភេទ។

លោក Warren Katz​ នៃ iDEVICES បាន​ថ្លែង​ថា៖

«គេ​មិន​ត្រឹម​តែ​អាច​បញ្ជា​ឧបករណ៍​ទាំង​នោះ​ពេល​នៅ​ផ្ទះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​អាច​បញ្ជា​វា​ពី​កន្លែង​ណា​ក៏​បាន»។

ភាព​ទាក់ទាញ​និង​តម្លៃ​ថោក​សមរម្យ​នៃ​កាស virtual reality កំពុង​តែ​មាន​ប្រជាប្រិយភាព ​ដូច្នេះ​គេ​រំពឹង​ថា នឹង​មាន​ភាព​ភ្ញាក់ផ្អើល​នានា ខណៈ​ដែល​អ្នក​ចូលចិត្ត​ឧបករណ៍​ដ្រូន​នឹង​ពេញចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ដ្រូន​សេរី​ថ្មីៗ។ ការ​តាំង​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​អន្តរជាតិ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ មករា ២០១៨ ខាង​មុខ​នេះ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG