យ៉ាងហោចណាស់មានសកម្មជនការពារបរិស្ថានចំនួន១១នាក់ត្រូវបានអាជ្ញាធរខេត្តកោះកុងឃាត់ខ្លួនកាលពីថ្ងៃច័ន្ទដោយសារតែពួកគេបានធ្វើសកម្មភាពរារាំងប្រតិភូរដ្ឋាភិបាលកម្ពុជាមិនឱ្យចូលក្នុងតំបន់អារ៉ែងដោយពួកគេខ្លាចអាជ្ញាធរចូលមកបើកផ្លូវដើម្បីឱ្យក្រុមហ៊ុនចិនចូលមកស្រាវជ្រាវអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់សកម្មជនការពារសិទ្ធិមនុស្ស។
លោក ហួន ជុនឌី ប្រធានកម្មវិធី នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានបញ្ជាក់ថា៖ «អាជ្ញាធរបានព្យាយាមចូលក្នុងភូមិតំបន់អារ៉ែងរបស់គាត់ដោយនិយាយថាទៅសួរសុខទុក្ខប្រជាពលរដ្ឋប៉ុន្តែប្រជាជនមិនយល់អញ្ចឹងទេគាត់ថា អាជ្ញាធរចូលទៅហ្នឹងគឺជួយជ្រោមជ្រែងដល់ក្រុមហ៊ុនក្នុងការរុករកស្វែងរកសិក្សាទៅលើការសាងសង់វារីអគ្គិសនីតំបន់អារ៉ែងដល់អញ្ចឹងគាត់តវ៉ាបិទផ្លូវតាំងពីខែបីឆ្នាំ២០១៤មកដើម្បីរារាំងក្រុមហ៊ុនចិនមិនឱ្យចូលក្នុងតំបន់អារ៉ែងដើម្បីស្រាវជ្រាវសិក្សាធ្វើទំនប់ហើយដល់ថ្ងៃហ្នឹងទៀតអាជ្ញាធរព្យាយាមចូលទៅទៀតហើយគាត់មិនទុកចិត្តថាអាជ្ញាធរខិតខំបើកផ្លូវឱ្យក្រុមហ៊ុនទៅសិក្សាបន្ថែមទៀតអញ្ចឹងហើយបានជាគាត់បិទផ្លូវដល់អញ្ចឹងទៅអាជ្ញាធរក៏ចាប់ផ្តើមចាប់ខ្លួនតែម្តង»។
ក្នុងចំណោមអ្នកដែលត្រូវអាជ្ញាធរខេត្តចាប់ឃាត់ខ្លួនរួមមានលោក វ៉ែន វ៉ន តំណាងសហគមន៍ស្ទឹងជាយអារ៉ែងនិងលោក Alex Gonzalez ដែលជាស្ថាបនិកនៃអង្គការការពារបរិស្ថានឈ្មោះថាមាតាធម្មជាតិ។ លោកអាឡិច ដែលជាជនជាតិអេស្ប៉ាញហើយរស់នៅកម្ពុជាជាយូរមកហើយបានរិះគន់គម្រោងអភិវឌ្ឍន៍នៅតំបន់អារ៉ែងនេះយ៉ាងខ្លាំងថានឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនជាតិដើមដែលនៅទីនោះជាច្រើនដំណរមកហើយ។
លោកហួន ជុនឌី នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានបន្ថែមថា៖
«អ្វីដែលប្រជាពលរដ្ឋកំពុងធ្វើហ្នឹងគឺក្នុងគោលដៅតែម្យ៉ាងប៉ុណ្ណឹងគឺការពារធម្មជាតិការពារមិនឱ្យក្រុមហ៊ុនចិនចូលទៅរុករកស្រាវជ្រាវដើម្បីធ្វើទំនប់វារីអគ្គិសនីគោលដៅរបស់គាត់មិនមានជាគោលដៅអាក្រក់មិនមានចេតនាទុច្ចរិតណាមួយធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឬក៏ប៉ះពាល់ដល់តួរនាទីអាជ្ញាធរធ្ងន់ធ្ងរអ្វីទេ»។
លោកគៀត ច័ន្ទថារិទ្ធអ្នកនាំពាក្យប៉ូលិសជាតិបញ្ជាក់ថា លោកនៅមិនទាន់ទទួលបានរបាយការណ៍អ្វីពីការចាប់ខ្លួននោះទេគិតត្រឹមល្ងាចថ្ងៃច័ន្ទ។ ចំណែកឯលោក ប៊ុន ឡឺត អភិបាលខេត្តកោះកុងនិងលោកសំ ឃិតវៀនស្នងការខេត្តមិនអាចទាក់ទងបានដើម្បីបំភ្លឺទេ។ រីឯលោកធុន វីរៈអភិបាលរងខេត្តបញ្ជាក់ថា លោកកំពុងជាប់រវល់ធ្វើដំណើរ។
លោក Alex Gonzalez នៃអង្គការមាតាធម្មជាតិត្រូវបានអាជ្ញាធខេត្តកោះកុងដោះលែងមកវិញហើយបន្ទាប់ពីចាប់ឃាត់ខ្លួនជិត៥ម៉ោងនិងឱ្យសរសេរលិខិតសុំទោសចំពោះសកម្មភាពបិទផ្លូវប៉ុន្តែសកម្មជនដទៃទៀតនិងតំណាងសហគមន៍ត្រូវអាជ្ញាធរបន្តឃុំខ្លួននៅស្នងការខេត្ត។
លោកអាឡិចបានបញ្ជាក់ប្រាប់វីអូអេក្រោយពីត្រូវដោះលែងមកវិញថា៖ «មានតែខ្ញុំដែលគេដោះលែងក្រៅពីខ្ញុំមានក្រុមមាតាធម្មជាតិមានខាងក្រុមយុវជនខ្មែរមហានគរនិងក្រុមផ្សេងៗជាមួយសហគមន៍នៅឃាត់នៅឡើយទេ...ហើយខាងមាតាធម្មជាតិម្នាក់បាត់ខ្លួនចូលទៅព្រៃរត់គេចពីគេមិនឱ្យគេចាប់គាត់រត់ទៅព្រៃកន្លែងដំរីឆ្លងកាត់គ្រោះថ្នាក់មិនដឹងថាម៉េចទេ។ គាត់ឈ្មោះ ហេង សំណាង»។
លោកនៅតែប្តេជ្ញាការពារតំបន់អារ៉ែងនិងទាមទារឱ្យដោះលែងសកម្មជនដទៃទៀត។
«ខ្ញុំសង្ឃឹមថាអាជ្ញាធរខេត្តកោះកុងមិនល្ងង់ដល់កម្រិតបញ្ជូនគេទៅពន្ធនាគារ។ ប្រសិនបើបញ្ជូនពួកគេទាំង១០នាក់ទៅពន្ធនាគារធ្វើឱ្យរឿងនេះនឹងឈឺក្បាលដល់អាជ្ញាធរខេត្ត១០០ដង។ អញ្ចឹងខ្ញុំសង្ឃឹមថាស្អែកគេនឹងដោះលែង»។
សកម្មជនការពារធនធានធម្មជាតិបានសម្តែងការព្រួយបារម្ភថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុន ស៊ីណូ ហាយដ្រូ (Sinohydro) នឹងត្រូវជម្លៀសពលរដ្ឋចេញពីតំបន់នោះទៅនៅកន្លែងមិនសមរម្យ ប៉ះពាល់ដល់ការរស់នៅរបស់ជនជាតិដើមជង និងមានផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរដែលនាំឱ្យផុតពូជសត្វកម្រមួយចំនួន។ ចំណែកឯផលដែលបានមកពីទំបន់នោះវិញ គឺមានតិចតួចមិនសមនឹងការបំផ្លាញធនធានធម្មជាតិទេ៕