នៅព្រឹកថ្ងៃទី១ ខែឧសភានេះ ក្រុមសហព័ន្ធសហជីពកម្មករធ្វើការក្នុងវិស័យការងារប្រមាណជាង១ពាន់នាក់ បានប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣១ ដោយមានការរារាំងពីអាជ្ញាធរប្រដាប់ដោយអាវុធ។ ទោះជាយ៉ាងណា ក្រោយការចរចារវាងតំណាងកម្មករ និងអាជ្ញាធរ ក្រុមអ្នកប្រារព្ធទិវានោះ ក៏ត្រូវបានអនុញ្ញាតឲ្យសម្ដែងមតិក្បែររដ្ឋសភា និងដាក់ញត្តិដើម្បីបង្ហាញពីបញ្ហារបស់ពួកគេ។
ក្រុមកម្មករដែលដឹកនាំដោយក្រុមសហជីព និងសមាគមប្រមាណជា២០ បានជួបជុំគ្នានៅខាងមុខស្ថានទូតរុស្ស៊ី ដោយមានការស្រែកអបអរទិវាពលកម្មអន្តរជាតិ លើកជាបដាទាមទារឲ្យមានការគោរពសិទ្ធិ និងហែក្បួនយកញត្តិទៅដាក់នៅរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះ ជួយដោះស្រាយទុក្ខកង្វល់របស់ពួកគេ។
ការជួបជុំនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះជាង១០០នាក់ ប្រដាប់ដោយអាវុធ ខែលការពារ ដំបងឆក់ និងកាំភ្លើងជាដើម បានដាក់របាំងរារាំងការដាក់ញត្តិនោះ ហើយបានបញ្ជាឲ្យក្រុមកម្មករទាំងនោះបិទមីក្រូ និងរំសាយការជួបជុំ ដោយអះអាងថា ការជួបជុំ និងហែក្បួន ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។
អ្នកស្រី ដោក សុវណ្ណ កម្មការិនីរោងចក្រកាត់ដេរមួយរូបក្នុងចំណោមអ្នកចូលរួមជាង ១០០០នាក់ នាៅព្រឹកថ្ងៃចន្ទនេះ បានប្រាប់ VOA ថា អ្នកស្រី និងកម្មករផ្សេងទៀតចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ដើម្បីទាមទារសិទ្ធិដែលមិនទាន់មានការគោរពបានពេញលេញរបស់ពួកគាត់។ អ្នកស្រីបន្ថែមថា ការទាមទាររបស់កម្មករក្នុងពេលកន្លងមក មិនទាន់មានការដោះស្រាយឲ្យមានប្រសិទ្ធភាពពីរដ្ឋាភិបាលនៅឡើយទេ។
អ្នកស្រី ដោក សុវណ្ណ លើកឡើងថា៖
«កម្មករយើងនៅបាត់បង់សិទ្ធិសេរីភាពច្រើននៅកន្លែងការងារ ហើយទីបំផុតហ្នឹងគឺរោងចក្រក៏មិនទាន់បានគោរពសិទ្ធិកម្មករយើងឲ្យបាន១០០ភាគរយដែរ គឺនៅមានការគំរាមកំហែង ជាពិសេសគឺពួកខ្ញុំជាថ្នាក់ដឹកនាំសហជីព»។
ការដាក់របាំងរារាំងការយកញត្តិទៅដាក់នៅរដ្ឋសភាជាតិនេះ បានបន្តអស់រយៈពេលជាង១ម៉ោង មុនពេលអាជ្ញាធរសម្រេចឲ្យក្បួនរបស់កម្មករជាង១ពាន់នាក់នោះចូលទៅជិតអគាររដ្ឋសភា ដើម្បីសម្ដែងមតិ និងដាក់ញត្តិ បន្ទាប់ពីមានការចរចារវាងតំណាងកម្មករ និងអាជ្ញាធរ។
ខណៈកំពុងសម្ដែងមតិ តំណាងរាស្ត្រគណបក្សកាន់អំណាច និងជាសមាជិកគណៈកម្មការទទួលពាក្យបណ្ដឹងនៃរដ្ឋសភា ក៏បានចេញមកទទួលញត្តិ និងរំសាយការជួបជុំនោះនៅម៉ោងប្រមាណជា១១ព្រឹក។
លោកស្រី ឡោក ខេង តំណាងរាស្ត្រគណបក្សកាន់អំណាច និងជាសមាជិកគណៈកម្មការទទួលពាក្យបណ្ដឹងនៃរដ្ឋសភា បានសន្យាដល់ក្រុមអ្នកចូលរួមក្នុងពេលនោះថា លោកស្រីនឹងយកញត្តិដាក់ទៅប្រធានរដ្ឋសភា និងរដ្ឋាភិបាលដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជូនកម្មករ។
លោកស្រី ឡោក ខេង មានប្រសាសន៍ថា៖
«ខ្ញុំនឹងពាំនាំទាំងអស់ យកទៅជូនសម្ដេចប្រធានរដ្ឋសភាដើម្បីផ្ញើជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហើយដើម្បីសម្របសម្រួលជាបន្តបន្ទាប់នៅក្នុងបរិបទនៃការអភិវឌ្ឍប្រទេសជាតិយើង»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្នុងពេលប្រារព្ធទិវានោះថា ការរារាំងរបស់អាជ្ញាធរនាព្រឹកថ្ងៃចន្ទនេះ គឺជាការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំរបស់កម្មករ ដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។
លោកបន្ថែមថា បើទោះបីជាក្រុមសហជីព និងកម្មករមិនសូវពេញចិត្តនឹងការអនុញ្ញាតឲ្យពួកគេសម្ដែងមតិ និងដាក់ញត្តិនៅក្បែររដ្ឋសភា ប៉ុន្តែលោក អាត់ ធន់ រំពឹងថា ញត្តិដែលតំណាងរដ្ឋសភាទទួលយកទៅ នឹងមានការពិភាក្សាដើម្បីដោះស្រាយ។
លោកបញ្ជាក់ថា៖
«យើងសង្ឃឹមថាសភា និងរដ្ឋាភិបាលនឹងដោះស្រាយ។ បើសិនជាគាត់មិនដោះស្រាយគាត់អាចនឹងមានបញ្ហាការគាំទ្រពីកម្មករធ្លាក់ចុះ។ អញ្ចឹងគាត់ចង់បានកៅអីអង្គុយបន្ត គាត់ចង់ធ្វើតំណាងរាស្ត្រ គាត់ចង់ធ្វើសភា គាត់ចង់ធ្វើនាយករដ្ឋមន្ត្រី គាត់ចង់ធ្វើអាជ្ញាធរ គាត់ត្រូវតែដោះស្រាយ បើគាត់អត់ដោះស្រាយ គាត់អាចបាត់បង់ឱកាសរបស់គាត់»។
បើតាមញត្តិដែល VOA ទទួលបាន អ្នកចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិទាំងនោះ បានស្នើឲ្យរដ្ឋាភិបាលដោះស្រាយលក្ខខណ្ឌការងារចំនួន១៩ចំណុច។ ក្នុងនោះចំណុចសំខាន់មានដូចជា ការទាមទារប្រាក់ខែគោលសម្រាប់កម្មករចំនួន២៥០ដុល្លារការគិតគូរពីសន្តិសុខសង្គម ការគិតគូរពីបញ្ហាសុខភាព និងសុវត្ថិភាពកម្មករ ការពង្រីកវិសាលភាពនៃបេឡាជាតិរបបសន្តិសុខសង្គមទៅលើកម្មករ និងការស្នើឲ្យកែប្រែច្បាប់ស្ដីពីសហជីព ដើម្បីធានានូវសេរីភាពរបស់សហជីពក្នុងការជួយកម្មករ។
បើទោះជាមានការរារាំងពីក្រុមអាជ្ញាធរយ៉ាងណាក៏ដោយ ការដើរក្បួនប្រារព្ធទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃចន្ទនេះ បានបញ្ចប់ដោយគ្មានអំពើហិង្សានោះឡើយ៕