តុលាការព្រហ្មទណ្ឌអន្តរជាតិបានប្រាប់ឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមផ្តោតលើឧក្រិដ្ឋកម្មនានាដែលជាប់ទាក់ទិនទៅនឹងការបំផ្លាញបរិស្ថាន ការធ្វើអាជីវកម្មធនធានធម្មជាតិខុសច្បាប់ និងការរឹបអូសដីធ្លីខុសច្បាប់។
តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលមានទីតាំងនៅក្នុងទីក្រុងឡាអេភាគច្រើនដោះស្រាយរឿងក្តីប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមចាប់តាំងពីតុលាការនោះ បានបង្កើតនៅឆ្នាំ២០០២មក។
ឥឡូវនេះ ចំណាត់ការនេះត្រូវបានទទួលការសរសើរយ៉ាងខ្លាំងដោយសកម្មជនដីធ្លី តុលាការនោះ បានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការបំផ្លិចបំផ្លាញបរិស្ថាន និងការរឹបអូសយកដីធ្លី អាចនាំឲ្យរដ្ឋាភិបាល និងបុគ្គលត្រូវកាត់ទោសពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
តុលាការដែលផ្តល់ថវិកាដោយរដ្ឋាភិបាលនានាហើយត្រូវបានគេចាត់ទុកថាជាដំណោះស្រាយចុងក្រោយ បាននិយាយថា ឥឡូវនេះ ខ្លួននឹងពិចារណាឧក្រិដ្ឋកម្មនានាដែលកាលពីពេលមុនមិនត្រូវបានកាត់ទោស។
ការរឹបអូសយកដីធ្លី បានកើនឡើងទូទាំងសាកលលោក ដែលរដ្ឋាភិបាលថ្នាក់ជាតិនិងមូលដ្ឋាន បានផ្តល់ដីធ្លីរាប់លានហិកតាទៅឲ្យក្រុមហ៊ុនឯកជនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។
អ្នកធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់អង្គការការពារបរិស្ថាន Global Witness បាននិយាយថា ការរឹបអូសយកដីធ្លីនេះ បណ្តាលឲ្យមនុស្សជាច្រើនត្រូវបានគេបង្ខំចេញពីដីធ្លី បំផ្លាញវប្បធម៌របស់ជនជាតិដើម ខ្វះអាហាររូបត្ថម្ភនិងបំផ្លិចបំផ្លាញបរិស្ថាន។
លោកស្រី Alice Harrison នៃអង្គការ Global Witness បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reutersថា «ការផ្លាស់ប្តូរនេះ មានន័យថា តុលាការអាចធ្វើឲ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះការរឹបអូសយកដីធ្លីក្នុងទ្រង់ទ្រាយធំហើយនិងការគ្មានទីកន្លែងរស់នៅរបស់មនុស្សជាច្រើនដែលបានកើតឡើងក្នុងអំឡុងពេលមានសន្តិភាព»៕