ភ្នំពេញ —
រដ្ឋាភិបាលបារាំងបានស្វាគមន៍ការលើកលែងទោសដល់លោកសម រង្ស៊ី ដោយចាត់ទុកថា ការលើកលែងទោសនេះគឺជាជំហានវិជ្ជមានមួយសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ខែកក្កដា។
ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានលើកលែងទោសមេដឹកនាំគណបក្សជំទាស់ដែលមានសក្តានុពលនេះកាលពីថ្ងៃសុក្រទី១២ខែកក្កដា សប្តាហ៍មុននេះ បន្ទាប់ពីលោកសម រង្ស៊ី បាននិរទេសខ្លួនដោយស្ម័គ្រចិត្តដើម្បីគេចពីការតាមចាប់ខ្លួនដាក់ពន្ធនាគារបស់អាជ្ញាធរខ្មែរចាប់តាំងពីឆ្នាំ២០០៩មក។
អ្នកនាំពាក្យក្រសួងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះទើបនឹងធ្លាក់ដល់ដៃបណ្តាញផ្សព្វផ្សាយនៅថ្ងៃច័ន្ទនេះហើយមានខ្លឹមសារថា៖ «ប្រទេសបារាំងសូមស្វាគមន៍ជាវិជ្ជមានចំពោះការប្រោសព្រះរាជទានលើកលែងទោសលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់សំខាន់នៅកម្ពុជា»។
ការលើកលែងទោសនេះធ្វើឡើងជាងពីរសប្តាហ៍មុននឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ចាប់ផ្តើម។
អ្នកនាំពាក្យក្រសួងការបរទេសបារាំងចាត់ទុកថា «ការបោះឆ្នោតនៅថ្ងៃទី២៨ខែកក្កដានោះគឺជាពេលវេលាដ៏មានសារៈសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ហើយប្រទេសបារាំង«ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការបោះឆ្នោតនេះ»។
អ្នកនាំពាក្យដដែលលើកឡើងថាការលើកលែងទោសលោកសម រង្ស៊ី គឺជាកាយវិការវិជ្ជមានមួយរបស់អាជ្ញាធរកម្ពុជា«ដែលនឹងអាចជួយឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ មានតម្លាភាពនិងអាចជឿជាក់បាន»។
លោកសម រង្ស៊ី ដែលមានសញ្ជាតិបារាំងផងនិងសញ្ជាតិខ្មែរផងត្រូវតុលាការខ្មែរដាក់ទោសឲ្យជាប់ពន្ធនាគារចំនួន១១ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងនិងបទផ្សព្វផ្សាយព័ត៌មានមិនពិតនិងបទក្លែងឯកសារសាធារណៈ។
ការដាក់ទោសនេះដែលក្រុមមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថាដោយសារមូលហេតុនយោបាយ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យនិងជាបេក្ខជនតំណាងរាស្ដ្ររបស់គណបក្សសង្គ្រោះជាតិមានប្រសាសន៍ថានេះជាការគាំទ្រពីសហគមន៍អន្តរជាតិយ៉ាងមានសារៈសំខាន់។
លោកនិយាយថា៖ «ការគាំទ្ររបស់សហគមន៍អន្តរជាតិជាសក្ខីភាពនៃការគាំទ្រដល់គណបក្សសង្គ្រោះជាតិនិងលោកប្រធានសម រង្ស៊ី។ ឯកឧត្តមសម រង្ស៊ី និងឯកឧត្តមកឹម សុខា ដើរតួសំខាន់ណាស់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាពិសេសការជំរុញឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌»។
ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Jen Psaki ក៏បានស្វាគមន៍ការលើកលែងទោសលោកសម រង្ស៊ី នេះដែរកាលពីថ្ងៃសុក្រ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កបរិយាកាសសុវត្ថិភាពដល់ការវិលត្រឡប់របស់លោកសម រង្ស៊ី ព្រមទាំងអនុញ្ញាតឲ្យរូបលោកចូលរួមការបោះឆ្នោតវិញបាន។
ដោយឡែកលោក Mr. Yoshihiro HIGUCHI អនុប្រធានបេសកកម្មទូតជប៉ុនប្រចាំកម្ពុជាមានប្រសាន៍នៅថ្ងៃច័ន្ទនេះដែរថាក៏បានសម្តែងការស្វាគមន៍ដូចគ្នានេះដែរដោយផ្តោតសារៈសំខាន់លើការផ្សះផ្សារជាតិក្នុងប្រទេស។
លោកគូសបញ្ជាក់ថា៖ «ប្រទេសជប៉ុនសង្ឃឹមថាបានឃើញការបោះឆ្នោតជាតិនៅកម្ពុជានឹងប្រព្រឹត្តទៅដោយសេរីនិងត្រឹមត្រូវ ដោយរលូននិងដោយសន្តិភាព»។
លោកសម រង្ស៊ី គ្រោងនឹងត្រឡប់មកដល់ក្រុងភ្នំពេញនៅថ្ងៃសុក្រទី១៩ សប្តាហ៍នេះដើម្បីចូលរួមការឃោសនាស្វែងរកសំឡេងឆ្នោតសម្រាប់គណបក្សសង្គ្រោះជាតិរបស់លោក។
មន្ត្រីផ្លូវការរបស់គណបក្សនេះថ្លែងថាលោកសម រង្ស៊ីនឹងត្រូវទទួលស្វាគមន៍ដោយអ្នកគាំទ្រនិងសកម្មជននយោបាយសរុបប្រមាណ៤ម៉ឺននាក់៕