ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ីរំពឹង​ថា​ នឹង​បាន​ចូលរួម​ការ​បោះឆ្នោត​ពេញលេញ


លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី
លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី
ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ថ្លែង​ថា​ លោក​សម រង្ស៉ី​រំពឹងថា​នឹង​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​បាន។​ ហើយ​អ្នក​ជំនាញ​បាន​អះអាង​បន្ថែម​ថា ​មាន​ច្រក​ផ្លូវ​មួយ​ចំនួន​ ដែល​អាច​ដោះស្រាយរឿង​នេះ​បាន។​

មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​អះអាង​ថា​ លោក ​សម រង្ស៉ី​ទំនង​ជា​អាច​ឈរ​ ឈ្មោះ​បោះឆ្នោត​បាន​ ក្រោយ​មានការ​លើកលែង​ទោស​ពីព្រះ​មហាក្សត្រ​ ទោះជា​ក្នុង​ដំណាក់​កាល​យឺត​ពេល​បន្តិច​ក្តី។​ នេះជា​ការ​អះអាង​របស់​លោក ​យឹម សុវណ្ណ ​ អ្នកនាំ​ពាក្យ​គណបក្ស។​

លោក​និយាយថា៖ ​«វាជា​រឿង​ប្រាកដ ​ព្រោះ​ឥឡូវហ្នឹង​ការ​ដែល​គេ​ចោទ​ប្រកាន់​ទោស​ទណ្ឌ​ដែល​តុលាការ​ ដែល​គណបក្ស​កាន់​អំណាច​បាន​ប្តឹង​ហ្នឹង​ត្រូវ​បាន​ជម្រះ​ដោយ​លិខិត​លើកលែង​ទោស​របស់​ព្រះ​មហាក្សត្រ»។​

លោក​យឹម សុវណ្ណ​ពុំបាន​បញ្ជាក់​លម្អិត​ថា​ ត្រូវ​ធ្វើតាម​នីតិវិធីវិធីណាក្តី​ តែ​លោក​អះអាង​ថា​ រឿងនេះ​នឹង​មាន​កិច្ចប្រជុំ​ធំ​មួយ ​ពេល​លោក​សម រង្ស៉ី​អញ្ជើញ​ មក​ដល់​កម្ពុជា​ថ្ងៃទី​១៩​ខែ​ កក្កដា។​

លោក​សម រង្ស៉ី​ត្រូវ​ព្រះ​មហាក្សត្រ​លើកលែង​ទោស​កាលពី​ថ្ងៃសុក្រ​ទី១២​ ខែ កក្កដា​ ក្រោយពី​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ទោស​ជាង​១១​ឆ្នាំ​រឿង​ព្រំដែន។​ ស.រ.អា.​និង​សហគមន៍​អន្តរជាតិ​ចង់ឃើញ​លោក​សម រង្ស៉ី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពេល​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨​ ខែ​កក្កដាឆ្នាំ​២០១៣ ​ខាង​មុខ​តទល់​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដែលកាន់​អំណាច​៣០​ឆ្នាំ។​

ក្រុមអ្នក​ជំនាញ​ខ្លះ​បាន​និយាយ​ថា​ បញ្ហា​សំខាន់​ពេលនេះ​លោក​សម រង្ស៉ី​ត្រូវធ្វើ ឲ្យ​ឈ្មោះ​លោក​មាន​នៅក្នុង​បញ្ជីបោះឆ្នោត​ជាមុន​សិន ​ទី២​បេក្ខជន​ក្នុង​ខេត្ត​ណា មួយ​អាច​លាឈប់​ ហើយ​គណបក្ស​ស្នើទៅ​កាន់​គ.ជ.ប.​ឲ្យ​សើរើ​បញ្ជី​ឈ្មោះ។​ ពេលនោះ​លោក ​សម រង្ស៉ី​អាចត្រូវ​គេដាក់​ឈ្មោះ​ជា​បេក្ខជន​បាន។​ តែគេ​បាន អះអាង​ថា ​បញ្ហានេះ​ទាល់តែ​មាន​ការ​ពិភាក្សា​ផ្នែក​នយោបាយ​ដែរ។​

ស្រដៀងគ្នា​នេះដែរ​ លោក ​គល់ បញ្ញា ​នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ខុមហ្រ្វែល​អះអាង​ថា​ ការ​ចរចា​នយោបាយ​ជារឿង​សំខាន់​ដែល​អាច​ឲ្យ​មាន​ការ​សើរើ​ ហើយមាន​ការ​ពិនិត្យ​ឡើងវិញ​ពី​ស្ថាប័ន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ជាអ្នក​ពិនិត្យ​មើលពី​វិវាទ​នៃ​ការ​បោះឆ្នោត​ និង​បកស្រាយ​ច្បាប់​ឬ​ក៏មាន​តួនាទី​ ដែល​ព្រះ​មហាក្សត្រ​អាច​សម្រប​សម្រួល​បន្ថែម​ជា​ករណី​ពិសេស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG