ក្រសួងមហាផ្ទៃដាក់បម្រាមដល់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ហាងទំនិញ ឬកន្លែងបញ្ចាំនានា មិនត្រូវរក្សាទុកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររបស់ប្រជាពលរដ្ឋ ធ្វើជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទានណាមួយឡើយ។
ក្រសួងមហាផ្ទៃក៏ព្រមានដាក់ទណ្ឌកម្ម ដកហូតអាជ្ញាបណ្ណ និងផ្អាកអាជីវកម្មផងដែរ ប្រសិនបើរកឃើញថាទីតាំងអាជីវកម្មណាមួយនៅបន្តធ្វើខុស។
ចំណាត់ការរបស់ក្រសួងមហាផ្ទៃធ្វើឡើង ស្របពេលដែលកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដែលប្រជាពលរដ្ឋត្រូវការអត្តសញ្ញាណបណ្ណ ដើម្បីអាចទៅបោះឆ្នោតបាន។
ការចេញសេចក្តីណែនាំនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានរកឃើញថា ប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានា ដែលជាការអនុវត្តមិនត្រឹមត្រូវ តាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានានិងការណែនាំរបស់ធានាគារជាតិនៃកម្ពុជា។ នេះបើតាមសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ ស្តីពី «ការហាមឃាត់ការយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន»។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ការយកអត្តសញ្ញាណបណ្ណខ្មែរទុកជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះ មិនអាចប្រើប្រាស់សិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗ ស្របតាមច្បាប់ ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះណែនាំដល់ប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់ចំពោះបញ្ហានេះ ដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការបោះឆ្នោត។
លោក ស ខេង បានកំណត់ ៦ ចំណុច ដើម្បីឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាមួយនេះ ដោយក្នុងនោះរួមមានការបង្កើតក្រុមការងារដើម្បីចុះស្រង់ និងដកហូតយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបានដាក់បញ្ចាំតាមទីកន្លែងនានា ដើម្បីយកមកបញ្ជាក់ភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងទៅកន្លែងទទួលបញ្ចាំទាំងនោះវិញ និងប្រគល់ឱ្យម្ចាស់អត្តសញ្ញាណបណ្ណវិញ។ អាជ្ញាធរពាក់ព័ន្ធត្រូវចុះណែនាំជាប្រចាំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហាងទំនិញ និងកន្លែងបញ្ចាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋខ្មែរ។
លោកក៏បានបញ្ជាទៅរដ្ឋបាលរាជធានីខេត្ត ជូនដំណឹងទៅធនាគារជាតិ ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ ឬរដ្ឋបាលរាជធានីខេត្ត ចាត់វិធាន ដោយដកហូតអាជ្ញាបណ្ណ និងផ្អាកអាជីវកម្ម ប្រសិនបើរកឃើញថាគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហាងលក់ទំនិញ កន្លែងបញ្ចាំ នៅតែបន្តយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើឥណទាន ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា គិតមកដល់ថ្ងៃសុក្រនេះ ក្រសួងមហាផ្ទៃមិនទាន់បូកសរុបតួលេខអំពីករណីនេះនៅឡើយទេ ដោយអាជ្ញាធរខេត្តកំពុងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះអំពាវនាវទៅប្រជាពលរដ្ឋដែលយកអត្តសញ្ញាណបណ្ណខ្លួនទៅបញ្ចាំ សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ដើម្បីជួយសម្រួលយកអត្តសញ្ញាណបណ្ណមកវិញ។
លោកថ្លែងថា៖ «ឧទាហរណ៍ គាត់[ពលរដ្ឋ]ទៅបញ្ចាំ យកអត្តសញ្ញាណបណ្ណរបស់គាត់ទៅបញ្ចាំនៅស្ថាប័នមីក្រូហិរញ្ញវត្ថុណាមួយដែលគេទទួលយកទៅ ឬក៏ឯកជនណាមួយ សូមឱ្យគាត់ប្រាប់អាជ្ញាធររបស់យើង ដើម្បីឱ្យអាជ្ញាធររបស់យើងជួយសម្រួល ដើម្បីយកអត្តសញ្ញាណបណ្ណមកវិញ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការប្រើប្រាស់អត្តសញ្ញាណបណ្ណបញ្ចាំ ដើម្បីទទួលបានឥណទាន គឺនៅពេលដែលប្រជាពលរដ្ឋខ្មែរចង់ខ្ចីជាក្រុមមួយ ដើម្បីខ្ចីឥណទានជាក្រុមនោះ។
លោកថ្លែងថា៖ «ជួនកាលគាត់ [ប្រជាពលរដ្ឋ] ខ្ចីជាក្រុម គាត់មានការដាក់អត្តសញ្ញាណបណ្ណ។ ប៉ុន្តែបើយើងមើលទៅ អាហ្នឹងជារឿងខុសច្បាប់ ដោយខុសពីការណែនាំឬក៏ពីបែបបទរបស់ធនាគារជាតិដែលជាអាណាព្យាបាលរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ»។
លោកបន្ថែមថា បញ្ហាដែលប្រជាពលរដ្ឋយកអត្តសញ្ញាណបណ្ណទៅបញ្ចាំនេះ គឺជាការព្រួយបាម្ភមួយ ដែលបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងការទទួលបានសេវាផ្សេងៗ ជាពិសេសមិនមានអត្តសញ្ញាណបណ្ណសម្រាប់ការបោះឆ្នោតនាពេលខាងមុខជាដើម។ លោកស្នើអាជ្ញាធរដាក់ទណ្ឌកម្ម និងចាត់វិធានការច្បាប់ទៅលើទីកន្លែង ឬស្ថាប័នណា ដែលនៅតែបន្តយកអត្តសញ្ញាណបណ្ណរបស់ពលរដ្ឋ ជារបស់បញ្ចាំក្នុងការទទួលបានឥណទានផ្សេងៗនោះ៕