លោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសជាសាធារណៈនៅឯខេត្តព្រះសីហនុកាលពីថ្ងៃច័ន្ទថា ការធ្វើយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ មិនអាចធ្វើលើសពីរយៈពេល១០ថ្ងៃ ហើយការហែរក្បួនឃោសនា ក៏នឹងមិនអនុញ្ញាតឲ្យធ្វើហួសពីដែនកំណត់នៃមណ្ឌលបោះឆ្នោតនីមួយៗ។
ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំពោះការរឹតបន្តឹងនៃចំនួនថ្ងៃឃោសនាបោះឆ្នោត និងការហែរក្បូននេះ សំដៅដល់ការសម្រួល និងរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គមនៅក្នុងការបោះឆ្នោត និងដើម្បីបញ្ចៀសការតវ៉ានានា ដែលធ្លាប់កើតមានឡើងដូចនៅឆ្នាំ២០១៣នោះ។
«ក្បួនដង្ហែរបោះឆ្នោតឃុំ គឺឃុំជាមណ្ឌល បើបោះឆ្នោតជាតិ ខេត្តជាមណ្ឌល។ អញ្ចឹងបោះឆ្នោតហ្នឹង យើងខ្ញុំស្នើថា ការដង្ហែរក្បួន តែក្នុងក្របខ័ណ្ឌឃុំហ្នឹងទេ មិនឲ្យឆ្លងឃុំដទៃទេ ព្រោះឃុំដទៃជាមណ្ឌលមួយផ្សេងទៀត»។
លោករដ្ឋមន្ត្រីបានបន្តថា៖ «អ្នកការពារពិបាកណាស់ អត់មានពេលដេក ពេលងើបទេ អាបោះឆ្នោតយើងការពារបានល្អហើយ ក៏នៅតែមិនសុខ តវ៉ាពេញមួយឆ្នាំរកស្អីជាដុំកំភួន អត់បានវាគ្មាន។ ដោយសាររកដុំកំភួនមិនបាន បានគាត់នាំគ្នាចូលក្នុងសភា។ អញ្ចឹងទីបំផុតមួយឆ្នាំហ្នឹង គាត់បំផ្លាញចោល ការអភិវឌ្ឍប្រទេសជាតិមួយឆ្នាំមិនស្ទើរទេ។ វាមិនមែនត្រឹមតែទ្រឹងទេ ប៉ុន្តែវាថយទៀត ពីព្រោះថា អ្នកវិនិយោគ គេថាអើយចាំមើលសិនខ្មែរឈ្លោះគ្នា អញ្ចឹងអញមិនទាន់ទៅ ហើយអាណាមួយចំនួនទៀត ថាអញ្ចឹងដកវិញ»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានឈ្នះអាសនៈចំនួន៦៨ ខណៈដែលគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ពីការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៣។ ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិបានតវ៉ាថា លទ្ធផលនៃការបោះឆ្នោតនោះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈរាស្ត្រ ព្រមទាំងមានការលួចបន្លំថែមទៀតផង។
លោកយ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងថា មេដឹកនាំនៃគណបក្សសង្គ្រោះជាតិនឹងបន្តការពិភាក្សាលើការហាមឃាត់ក្នុងហែរក្បួនឃោសនា ហើយថាសភានឹងពិចារណាលើសំណើរបស់ក្រុមសំឡេងភាគតិចក្នុងការរក្សាចំនួនថ្ងៃឃោសនាឲ្យនៅដដែលផងដែរ។
«ក្នុងការជជែករវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិហ្នឹង យើងបានជជែក គ្នាមិនទាន់បានឯកភាពគ្នានៅឡើយទេ គឺថាទីមួយ យើងសុំឲ្យរក្សាទុក រយៈពេលឃោសនា នៅរយៈពេលដដែល ហើយការឃោសនានៅក្នុងស្រុក ក្នុងឃុំហ្នឹង គឺកុំឲ្យកំណត់ត្រឹមតែនៅក្នុងឃុំនោះ គឺគួរកំណត់នៅក្នុងស្រុក ដែលមានឃុំនៅក្រោមស្រុកនោះ»។
លោកគល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ដែលហៅកាត់ថា ខុមហ្រែ្វល COMFREL ឲ្យដឹងថា ការកំណត់ពេលវេលានៃការឃោសនាមិនមែនជាចំណុចគួរឲ្យបារម្ភក្នុងការបោះឆ្នោតនោះទេ តែការផ្តល់ឱកាសឲ្យស្មើភាពគ្នាដល់គណបក្សនយោបាយក្នុងការឃោសនាបោះឆ្នោតនៅតាមទីកន្លែងសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយទើបជាចំណុចស្នូលមួយនៅក្នុងការបោះឆ្នោតប្រកបដោយយុត្តិធម៌។ លោកបន្ថែមថា ចំណុចដែលគួរឲ្យបារម្ភនោះគឺ ធនធានហិរញ្ញវត្ថុនៅក្នុងការឃោសនាបោះឆ្នោត។
«គេព្រួយបារម្ភនោះ គឺរឿងបញ្ហាហិរញ្ញវត្ថុឃោសនាបោះឆ្នោតដែលគិតថាវាមិនមានជំរឿនអ្វី ឲ្យបានត្រឹមត្រូវថាតើ មានលុយចំណូលហើយចំណាយពេលឃោសនាបោះឆ្នោតប៉ុណ្ណា ព្រោះវាមានបញ្ហារឿងទិញសន្លឹកឆ្នោត ទិញអីអញ្ចឹងដែរហើយការប្រើប្រាស់ហិរញ្ញវត្ថុហ្នឹងអាចអត់ត្រឹមត្រូវ អញ្ចឹងទៅយើងត្រូវតែមានបើកចំហររឿងហ្នឹង»។
លោកបញ្ជាក់ទៀតថា នឹងមិនមានការតវ៉ាណាមួយកើតឡើងទេ ប្រសិនបើការបោះឆ្នោតបានប្រព្រឹត្តទៅ ដោយសេរី និងយុត្តិធម៌ពិតប្រាកដនោះ។
នៅក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលក្នុងរដ្ឋសភាជាតិអស់រយៈពេលជិតមួយឆ្នាំ ដោយបានដឹកនាំការធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោត ដែលគណបក្សប្រឆាំងនេះចោទថា មានភាពមិនប្រក្រតី។
ប៉ុន្តែតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិទាំង៥៥រូបបានងាកមកកាន់កាប់អាសនៈសភារបស់ខ្លួនវិញ បន្ទាប់ពីមានព្រឹត្តិការណ៍ប៉ះទង្គិចរវាងបាតុករនៃគណបក្សសង្គ្រោះជាតិ និងក្រុមសនិ្តសុខជួលដោយអាជ្ញាធរខណ្ឌដូនពេញ ដែលបានកើតឡើងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤។ នៅក្នុងការប៉ះទង្គិចគ្នានោះ តំណាងរាស្រ្តគណបក្សប្រឆាំង៧រូបត្រូវបានចាប់និងឃុំខ្លួនមួយរយៈពេលខ្លី និងត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្រោយពីគណបក្សសង្គ្រោះជាតិបានចុះកិច្ចព្រមព្រៀងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤។
ច្បាប់បោះឆ្នោតថ្មីដែលអនុម័តដោយអ្នកតំណាងរាស្រ្តនៃគណបក្សធំៗទាំងពីរនៅក្នុងរដ្ឋសភាកាលពីខែមីនា នឹងមិនបើកផ្លូវឲ្យមានការតវ៉ាគគ្រឹកគគ្រេងដូចមុននោះទេ៕