លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកគាំទ្រនៃគណបក្សរបស់លោកនៅឯប្រទេសអូស្ត្រាលីថា គណបក្សនយោបាយផ្សេងកំពុងដាក់កម្លាំងទាញអ្នកគាំទ្រពីគណបក្សសង្គ្រោះជាតិ ដែលបានកើនប្រជាប្រិយភាពខ្លាំងនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣។
ការថ្លែងរបស់លោកកឹម សុខាទំនងជាសំដៅទៅលើគណបក្សកាន់អំណាច ដោយសារតែគណបក្សនេះបានធ្លាក់ចុះការគាំទ្ររបស់អ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាកាលពីពីរឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា ការលើកឡើងរបស់លោកកឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភាជាតិគឺជាឥរិយាបថធ្វើនយោបាយដោយគ្មានភាពស្មោះត្រង់ និងលាតត្រដាងឲ្យឃើញនូវចំណុចខ្សោយរបស់ខ្លួនឯង។
ថ្លែងទៅកាន់អ្នកគាំទ្រនៅក្នុងប្រទេសអូស្រ្តាលីកាលពីចុងសប្តាហ៍មុន លោកកឹម សុខាមានប្រសាសន៍ថា គណបក្សនយោបាយមួយកំពុងដាក់ផែនការរៀបកម្លាំងស្រូបយកអ្នកគាំទ្រនៃគណបក្សរបស់លោកនៅក្រៅប្រទេស តែលោកថា មេដឹកនាំគណបក្សសង្គ្រោះជាតិគ្មានការព្រួយបារម្ភចំពោះចរន្តនេះទេ។
«ខ្ញុំអត់ខ្វល់ទេ ហាងឆេងលក់លែងដាច់។ យើងអត់មានខ្វល់ទេ អត់មានខ្វល់ថា អូ! គេមកនេះទាញកម្លាំងពីយើងពីអី។ ធ្វើចុះឲ្យតែការប្រកួតគ្នាដោយសន្តិវិធី ដោយអហិង្សា ដោយតាមសម្រួល ដោយថ្លៃថ្នូរ គឺយើងជឿថា គណបក្សសង្គ្រោះជាតិនៅតែឈ្នាះដដែល»។
លោកឲ្យដឹងទៀតថា ក្តីបារម្ភរបស់គណបក្សសង្គ្រោះជាតិគឺការបោះឆ្នោតដែលអាចនឹងរៀបចំឡើងដោយមិនមានភាពត្រឹមត្រូវ។ លោកថា ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងប្រកបដោយភាពត្រឹមត្រូវនោះ នោះគណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ២០១៧ និង២០១៨។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានឈ្នះអាសនៈចំនួន៦៨ ហើយគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥ពីការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣។ តែគណបក្សសង្គ្រោះជាតិបានតវ៉ាថា លទ្ធផលនៃការបោះឆ្នោតនោះមិនឆ្លុះបញ្ចាំងឆន្ទៈរាស្ត្រ ហើយមានការលួចបន្លំ។
លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការថ្លែងរបស់លោកកឹម សុខា អតីតប្រធានអង្គការសិទ្ធិមនុស្សមួយនេះថា ជាចេតនាខ្លាចស្រមោលខ្លួនឯង និងភ្លេចនូវវោហាសាស្ត្រនយោបាយរបស់លោកកាលពីពេលមុន ដែលថា «ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបែក» នោះ។
«គាត់ភ័យហើយ ដូច្នេះវាផ្ទុយពីពាក្យគាត់ថា ទិញមិនលក់សម្លុត មិនខ្លាច បំបែកមិនបែក។ ឥឡូវម៉េចក៏គាត់ទៅបំភ្លេចពាក្យហ្នឹងទៅហើយ។ តែខ្ញុំយល់ថា នៅក្នុងប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គាត់មិនគួរខ្លាចដល់ថ្នាក់ហ្នឹងទេ។ គណបក្សទាំងអស់ដែលចុះបញ្ជី ទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ សុទ្ធតែមានសិទ្ធិធ្វើសកម្មភាពនយោបាយ ហើយសកម្មភាពនយោបាយហ្នឹង ជាមួយប្រជាពលរដ្ឋគឺគេឃោសនាអំពីកម្មវិធីនយោបាយរបស់គេ ដោយឲ្យប្រជាជនពិចារណា ហើយបើប្រជាជនពិចារណាហើយ យល់ឃើញថា គណបក្សណាមានកម្មវិធីនយោបាយល្អជាងគេ ប្រជាជនលោកនឹងជឿតាម លោកដើរតាម លោកគាំទ្រគណបក្សនោះ»។
លោកសុខ ឦសាន សមាជិកសភានៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់បន្ថែមផងដែរថា គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតថ្មីគឺបង្កើតឡើងដោយមានការគាំទ្រពីគណបក្សសង្គ្រោះជាតិ ដូច្នេះលោកកឹម សុខាមិនគួរណាមានការព្រួយបារម្ភខ្លាំងពេកទេ នៅមុនការប្រកួតប្រជែងពិតប្រាកដមកដល់។
ទាក់ទងនឹងការឆ្លើយឆ្លងរវាងអ្នកនយោបាយនៃបក្សកាន់អំណាចនិងគណបក្សប្រឆាំងនេះ អ្នកឃ្លាំមើលនិងអ្នកវិភាគព្រឹត្តិការណ៍នយោបាយកម្ពុជា យល់ថា គណបក្សទាំងពីរមានចំណុចខ្សោយរៀងៗខ្លួននៅក្នុងរបៀបរបបដឹកនាំគណបក្ស និងការទាក់ទាញអ្នកគាំទ្រ។
លោកកែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម មានប្រសាសន៍ថា លោកកឹម សុខាពុំគួរធ្វើនយោបាយដោយការចោទប្រកាន់គេឯងនោះទេ ពីព្រោះកាយវិការនេះគឺបង្ហាញថា ខ្លួនឯងខ្សោយ និងមើលស្រាលអ្នកគាំទ្រគណបក្សរបស់ខ្លួន។
«កាលណាយើងនិយាយថា គេបំបែកសំឡេង គេបង្កប់ដើម្បីទាក់ទាញ អាហ្នឹងវាមិនត្រឹមតែបង្ហាញចំណុចខ្សោយរបស់ខ្លួនឯងទេ តែថែមទាំងប្រមាថទៅលើចិត្តគំនិតរបស់អ្នកគាំទ្រទៅទៀត។ អញ្ចឹងខ្ញុំគិតថា មិនសមស្របទេកន្លែងនេះ។ អ្នកដែលគេធ្វើនយោបាយ ជាទូទៅ គេព្យាយាមធ្វើយ៉ាងម៉េច ដើម្បីឲ្យទទួលបានការគាំទ្រ។ ប៉ុន្តែសំខាន់គឺយើងនិយាយយ៉ាងម៉េច ធ្វើយ៉ាងម៉េចឲ្យគេជឿជាក់ ឲ្យគេមានទំនុកចិត្ត»។
អ្នកវិភាគសង្គម និងនយោបាយរូបនេះថ្លែងថា គណបក្សសង្គ្រោះជាតិនៅប្រកាន់យកការក្តោបអំណាចលក្ខណៈប្រមូលផ្តុំទៅលើតែប្រធានគណបក្ស ស្របពេលដែលគណបក្សប្រជាជនកម្ពុជាពុំអាចធ្វើការកែទម្រង់របៀបដឹកនាំរបស់ខ្លួនដែលអូសបន្លាយមកតាំងពីទសវត្សឆ្នាំ១៩៨០។ លោកថ្លែងថា គណបក្សប្រជាជនកម្ពុជានៅតែប្រើយុទ្ធសាស្រ្តចាស់ដែលនាំឲ្យខូចប្រជាប្រិយភាពខ្លួនឯង។ យុទ្ធសាស្រ្តនោះគឺការចាប់អ្នកជំទាស់ដាក់ក្នុងពន្ធនាគារ និងការគំរាមកំហែង ហើយនិងការអនុម័តច្បាប់ដែលមិនចាំបាច់។
នៅក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលក្នុងរដ្ឋសភាជាតិអស់រយៈពេលជិតមួយឆ្នាំ ដោយបានដឹកនាំការធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោត ដែលគណបក្សប្រឆាំងនេះចោទថា មានការគៃបន្លំ។
ប៉ុន្តែតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិទាំង៥៥រូបបានងាកមកកាន់កាប់អាសនៈសភារបស់ខ្លួនវិញ បន្ទាប់ពីមានព្រឹត្តិការណ៍ប៉ះទង្គិចរវាងបាតុករនៃគណបក្សសង្គ្រោះជាតិ និងក្រុមសនិ្តសុខជួលដោយអាជ្ញាធរខណ្ឌដូនពេញ ដែលបានកើតឡើងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤។ នៅក្នុងការប៉ះទង្គិចគ្នានោះ តំណាងរាស្រ្តគណបក្សប្រឆាំង៧រូបត្រូវបានចាប់និងឃុំខ្លួនមួយរយៈពេលខ្លី និងត្រូវបានដោះលេងឲ្យនៅក្រៅឃុំ ក្រោយពីគណបក្សសង្គ្រោះជាតិបានចុះកិច្ចព្រមព្រៀងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤។
ច្បាប់បោះឆ្នោតថ្មីដែលអនុម័តដោយគណបក្សធំៗទាំងពីរនឹងមិនបើកផ្លូវឲ្យមានការតវ៉ាគគ្រឹកគគ្រែងដូចមុននោះទេ៕